ដោយៈវឌ្ឍនៈ
ភ្នំពេញៈ រដ្ឋាភិបាលបាន និងកំពុងប្រមែប្រមូលថវិកាពីប្រភពនានា ដើម្បីមកសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំណង់តូច ធំ ដើម្បីបម្រើដល់ការងារ ក៏ដូចជាប្រយោជន៍ប្រជាពលរដ្ឋ។
ដោយស្ថិតនៅក្នុងផែនការអាទិភាព រដ្ឋាភិបាលនៅតែបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋនានា ទោះបីជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្តី ដែលការវិនិយោគដ៏ធំនេះ ធ្វើឡើងសម្រាប់បម្រើដល់សាធារណជន ។ ក្នុងរយៈពេល៣ឆ្នាំខាងមុខ ២០២២ ដល់ឆ្នាំ ២០២៤ ការអភិវឌ្ឍសំណង់សាធារណៈរំពឹងថាត្រូវការទឹកប្រាក់វិនិយោគ៩,២៧ពាន់លានដុល្លារអាមេរិក ។
យោងតាមរបាយការណ៍របស់ក្រសួងផែនការស្ដីពី កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២២-២០២៤ឱ្យដឹងថា សំណង់ នឹងត្រូវការទឹកប្រាក់វិនិយោគសរុបប្រមាណ៩.២៧០លានដុល្លារអាមេរិក ក្នុងនោះឆ្នាំ២០២២នេះ ត្រូវការ២.៨៦៤លានដុល្លារអាមេរិក។ ឆ្នាំ២០២៣ ត្រូវការ៣.១៥២លានដុល្លារអាមេរិក និងឆ្នាំ២០២៤ រំពឹងថានឹងមានតម្រូវការទុនរហូតដល់ ៣.២៥៥លានដុល្លារអាមេរិក ។
របាយការណ៍បង្ហាញផងដែរថា វិស័យឧស្សាហកម្មទូទៅ រួមមានការរុករករ៉ែ កម្មន្តសាល អគ្គិសនី ឧស្ម័ន្ត ទឹក និងសំណង់ នឹងត្រូវការទុនវិនិយោគចំនួន១៧,៥៥ពាន់លានដុល្លារអាមេរិក សម្រាប់រយៈពេល៣ឆ្នាំ ២០២២ដល់២០២៤ ។ នៅក្នុងក្រុមនេះ អនុវិស័យកម្មន្តសាល នឹងត្រូវការចំណែកធំជាងគេនៃការវិនិយោគ គឺមានទឹកប្រាក់រហូតដល់៦.០១៨លានដុល្លារអាមេរិក និងអនុវិស័យសំណង់ ត្រូវការចំណែកធំទី២នៃការវិនិយោគ គឺមានចំនួន៩,២៧ពាន់លានដុល្លារអាមេរិក ហើយអនុវិស័យអគ្គិសនី ឧស្ម័ននិងទឹកត្រូវការទុនវិនិយោគ ចំនួនជិត២ពាន់លានដុល្លារអាមេរិក ។
នៅក្នុងរបាយការណ៍ដដែលបានឲ្យដឹងថា នៅក្នុងកិច្ចខិតខំប្រឹងប្រែងប្រមូលចំណូល រាជរដ្ឋាភិបាលពុំមានគោលការណ៍ បង្កើតបន្ទុកពន្ធថ្មីឬដំឡើងពន្ធ បន្ថែមដល់ប្រជាពលរដ្ឋនិងធុរជននោះទេ ពោលគឺរាជរដ្ឋាភិបាលបានផ្ដោតលើការពង្រឹង អនុវត្តគោលនយោបាយនិងច្បាប់ ដែលមានស្រាប់ តាមរយៈការអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ និងមុតស្រួច ទាំងតាមវិធានការរដ្ឋបាល និងវិធានការគោលនយោបាយ ទាំងសម្រាប់រយៈពេលខ្លី មធ្យម និងវែង ជាពិសេសការលើកកម្ពស់វប្បធម៌បង់ពន្ធ ការបង្ក្រាបអំពើរត់ពន្ធ និងការគេចពន្ធគ្រប់រូបភាពឱ្យដល់ឬសគល់ ព្រមទាំងការកែលម្អអភិបាលកិច្ច ក្នុងការប្រមូលចំណូលទាំងក្នុងផ្នែកគយ ទាំងក្នុងផ្នែកពន្ធដារ ព្រមទាំងផ្នែកមិនមែនសារពើពន្ធ៕