អ្នកអភិវឌ្ឍន៍ចាប់ផ្តើមបង្វែរទិសដៅវិនិយោគទីផ្សារលំហែទៅកាន់ ខេត្តថ្មីៗក្រៅពីកំពតនិងកែប

0

ដោយៈសុផារី

ភ្នំពេញៈ ស្ថានភាពជីវភាពប្រសើរឡើង និងអភិវឌ្ឍន៍សុខុមាលភាពសេដ្ឋកិច្ច និងសង្គមរបស់ប្រជាជនកម្ពុជា ជម្រុញតម្រូវការនៃទីផ្សារលំហែរ ដែលនាំឱ្យមាននិន្នាការវិនិយោគ និងទិញលក់ដីឡូតិ៍ នៅតាមបណ្តាខេត្តសំខាន់ៗ ជាពិសេសនៅតាមតំបន់ឆ្នេរនិងខេត្តជុំវិញក្រុងភ្នំពេញ។

ការណ៍នេះ ជំរុញឱ្យដីធ្លីនៅតំបន់ខាងលើមានការឡើងថ្លៃខ្លាំង ហើយមានការប្រកួតប្រជែងខ្ពស់នៅក្នុងការលក់ទិញ។ ក្នុងរយៈពេលចុងក្រោយនេះ អ្នកអភិវឌ្ឍន៍បានបង្វែរទិសដៅ ទៅកាន់ខេត្តមួយចំនួនផ្សេងទៀត ដែលមានដីនៅទំនេរច្រើន និងតម្លៃដីនៅមានភាពសមរម្យ។

លោក Cooler Tan អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Youngsia Real Estate បានមានប្រសាសន៍នាពេលថ្មីៗនេះថា “សម្រាប់ទីផ្សារដី និងផ្ទះលំហែរ នាពេលបច្ចុប្បន្ន និងពេលអនាគត តំបន់ជាប់ឆ្នេរសមុទ្រ និងតំបន់ជាប់ភ្នំ ជាតំបន់ដែលមានសក្តានុពលខ្លាំង ប៉ុន្តែខេត្តខ្លះដែលមានទីតាំងឆ្ងាយ ពីក្រុងភ្នំពេញពេកក៏មិនមានសក្តានុពលខ្លាំងណាស់ណាដែរ។ ដូច្នេះ ខេត្តដែលមានទីតាំងល្អបំផុត និងមានទីតាំងនៅជិតបំផុត គឺខេត្តកំពត និងខេត្តកែប”។

យ៉ាងណាក្តី នាពេលថ្មីៗនេះចាប់ផ្តើមមាន អ្នកអភិវឌ្ឍន៍មួយចំនួន បានបង្វែរទិសដៅ មកកាន់ក្រុមអតិថិជនកម្រិតមធ្យម នៅក្នុងទីផ្សារមួយនេះ ដោយពួកគាត់បានចាប់ផ្តើម សម្របតាមតម្រូវការជាក់ស្តែងរបស់អតិថិជនរបស់គាត់។

លោកបន្តថា “ដីនៅកំពត កែប មានតម្លៃថ្លៃៗ អ្នកអភិវឌ្ឍន៍រកទិញមិនបានទេ។ អញ្ចឹងពួកគាត់ទៅរកទិញដីនៅតាមខេត្តផ្សេងៗ ទៀតដែលមានទេសភាពស្អាត ឬជាប់ជើងភ្នំ ដីនៅមានតម្លៃធូរថ្លៃ អាចជំនួសបាន”។

បើតាមលោក Cooler Tan ខេត្តដែលកំពុងចាប់ផ្តើមមានសកម្មភាពវិនិយោគលើសកម្មភាពលំហែ មានដូចជា ខេត្តកំពង់ស្ពឺ (ភ្នំឱរ៉ាល់) សៀមរាប (ភ្នំគូលែន) កំពង់ឆ្នាំង (ផ្លូវជាតិលេខ៥) ត្បូងឃ្មុំ មណ្ឌលគិរី តាកែវ ជាដើម។ គម្រោងអភិវឌ្ឍន៍នៅក្នុងខេត្តខាងលើនេះ ភាគច្រើនជាគម្រោងកម្រិតមធ្យម ដោយសារតែម្ចាស់គម្រោងបានសិក្សា លើអតិថិជនគោលដៅ ជាអ្នកមានចំណូលមធ្យមចុះក្រោយ។

លោកបញ្ជាក់ថា “ប្រសិនបើទិញដីនៅកំពតឬនៅកែប ដីថ្លៃ អញ្ចឹងគាត់លក់ឱ្យអតិថិជនកម្រិតមធ្យមមិនដាច់ទេ។ គាត់ស្វែងរកតំបន់មានទេសភាពស្អាតជំនួស ទោះមិនមានសមុទ្រ តែមានភ្នំ ហើយមានដីនៅតាមបណ្តាខេត្តខាងលើនេះមានតម្លៃធូរថ្លៃនៅឡើយ”។

ជាមួយគ្នានេះដែរ លោកឧកញ៉ា តេង ឬទ្ធី អគ្គនាយកក្រុមហ៊ុន R Investment Group និងជាអ្នកជំនួញនៅក្នុងវិស័យទីផ្សារលំហែរមួយរូបផងដែរនោះ បានគូសបញ្ជាក់ថា បើនិយាយពីខេត្តសក្តានុពលសម្រាប់ទីផ្សារនេះ មានខេត្តកំពត និងកែប។ ប៉ុន្តែនាពេលថ្មីៗនេះ លោកឧកញ៉ាសង្គេតឃើញមាននិន្នាការ សាងសង់ប្រភេទផ្ទះលំហែរនៅតាមបណ្តាខេត្តមួយចំនួនផ្សេងទៀត ដូចជា ខេត្តសៀមរាប ក្រុងព្រះសីហនុ មណ្ឌលគិរី។

លោកឧកញ៉ាមានប្រសាសន៍ថា “នៅខេត្តសៀមរាប ការលក់ផ្ទះលំហែរមានសកម្មភាពអ៊ូអរ ចំណែកកំពង់សោម នាក្រុងព្រះសីហនុ ក៏មានសកម្ម​ភាពធម្មតាផងដែរ”។

លោកឧកញ៉ាបានបន្តថា “ថ្មីៗនេះ ឃើញមាននៅមណ្ឌលគិរី មានការសាងសង់ជាលក្ខណៈផ្ទះលំហែរកាយ រីសត អូតែល មានច្រើន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here