បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ពន្លឿនការធ្វើពិពិធកម្មអាជីវកម្មក្រោយផ្ទុះវិបត្តិបំណុលធ្ងន់ធ្ងរ

0

ដោយៈសុខុម

ហុងកុង: បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ចិន កំពុងធ្វើតាមការអំពាវនាវរបស់រដ្ឋាភិបាលក្រុងប៉េកាំង ហើយពន្លឿនការធ្វើពិពិធកម្មអាជីវកម្មក្នុងវិស័យអចលនទ្រព្យ ដូចជា សេវាកម្មអចលនទ្រព្យ និងអចលនទ្រព្យពាណិជ្ជកម្មជាដើម។

ការធ្វើបែបនេះ គឺដើម្បីកាត់បន្ថយការពឹងផ្អែក លើគំរូអាជីវកម្មដែលទទួលបានផលចំណេញខ្ពស់ តែក៏មានបំណុលខ្ពស់ ដែលបានបណ្ដាលឱ្យផ្ទុះវិបត្តិ សាច់ប្រាក់ធ្ងន់ធ្ងរក្នុងវិស័យនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៩ ខែមេសា។

តួយ៉ាង ក្រុមហ៊ុន KWG Group Holdings ក្រុមហ៊ុន CIFI Holdings និងក្រុមហ៊ុន China Resources Land ដែលគាំទ្រដោយរដ្ឋ ស្ថិតក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍ចិន ដែលបានចុះបញ្ជីផែនការធ្វើពិពិធកម្មអាជីវកម្ម រួមជាមួយនឹងលទ្ធផលរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយរបស់ខ្លួនផងដែរ។

ចំណាត់ការធ្វើពិពិធកម្មនេះធ្វើឡើង ទាំងខណៈដែលក្រុមហ៊ុនអចលនទ្រព្យនានា កំពុងកំណត់គោលដៅលក់ទ្រព្យសកម្មរបស់ខ្លួន ដើម្បីបង្កើនសាច់ប្រាក់យកទៅសងម្ចាស់បំណុល ហើយក្រុមអ្នកវិភាគ និងក្រុមហ៊ុនអភិវឌ្ឍន៍មើលឃើញថា វានឹងដាក់សម្ពាធលើទៅលើក្រុមហ៊ុនតូចៗ។

រយៈពេលជាច្រើនឆ្នាំមកនេះ បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន បានពឹងផ្អែកលើហិរញ្ញប្បទាន ដែលមានហានិភ័យខ្ពស់ ដើម្បីកំណត់គោលដៅកំណើនយ៉ាងឆាប់រហ័ស តាមរយៈគំរូអាជីវកម្មសាងសង់-លក់ចេញរហ័ស។ គំរូអាជីវកម្មមានហានិភ័យខ្ពស់នេះ បានដំណើរការល្អរហូតដល់ដំណាក់កាលមួយ ដែលការលក់អចលនទ្រព្យបានដាំក្បាលចុះខ្លាំង ហើយសាច់ប្រាក់នៅក្នុងទីផ្សារក៏ត្រូវបានរឹតបន្តឹងក្នុងឆ្នាំ២០២១។

ការខកខានសងថ្លៃមូលបត្របំណុល នៅបរទេសពីសំណាក់ក្រុមហ៊ុន China Evergrande Group និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យផ្សេងៗទៀត ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បានបង្កចលាចល និងធ្វើឱ្យមានការព្រួយបារម្ភ ខ្លាចវិបត្តិបំណុលធ្ងន់ធ្ងរនៅក្នុងវិស័យនេះ បង្កផលប៉ះពាល់ខ្លាំង មកលើទីផ្សារហិរញ្ញវត្ថុក្នុងប្រទេសចិន។

ដោយវិបត្តិនេះជះផលប៉ះពាល់ខ្លាំង មកលើសេដ្ឋកិច្ចរបស់ប្រទេសចិន រដ្ឋាភិបាលក្រុងប៉េកាំង ពេលនេះកំពុងជំរុញឱ្យក្រុមហ៊ុនដែលហាក់ស្ពឹកស្រពន់នានា ធ្វើការផ្លាស់ប្តូរជាបន្ទាន់។

នាយករដ្ឋមន្ត្រីចិន លោក លី ខឹឈាង (Li Keqiang) បានថ្លែងក្នុងកិច្ចប្រជុំសភាប្រចាំឆ្នាំកាលពីខែមុនថា វិស័យអចលនទ្រព្យគួរតែស្វែងរកគំរូអភិវឌ្ឍន៍ថ្មី ដែលមានភាពល្អប្រសើរជាងបច្ចុប្បន្ននេះ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here