ដោយៈ សុខុម
បាងកក: ទំនុកចិត្តក្នុងចំណោមក្រុមហ៊ុន អភិវឌ្ឍន៍លំនៅដ្ឋាននានានៅក្រុងបាងកក ប្រទេសថៃ បានធ្លាក់ចុះក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២ នេះដោយសារពួកគេ ព្រួយបារម្ភអំពីការឡើងថ្លៃសម្ភារៈសំណង់ ដែលទទួលរងឥទ្ធិពលពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។
លោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បានថ្លែងថា សន្ទស្សន៍ទំនុកចិត្ត របស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន លើស្ថានភាពបច្ចុប្បន្ន គឺស្ថិតក្នុងរង្វង់៤៧,១%ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២នេះ បើធៀបនឹង៥២ភាគរយ ក្នុងត្រីមាសទី៤ចុងឆ្នាំ២០២១។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៩ ខែមេសា។
លោកបានបន្ថែមទៀតថា “ទំនុកចិត្តរបស់ពួកគេ ទើបតែប្រសើរឡើងក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២១ប៉ុណ្ណោះ ដោយរើបឡើងពីមធ្យមភាគទាបជាង៥០% ដែលបានកើតមាន១០ត្រីមាសជាប់ៗគ្នា ចាប់ពីត្រីមាសទី២ ឆ្នាំ២០១៩ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២១។ សន្ទស្សន៍ទាបជាង៥០%មានន័យថា ពួកគេគ្មានទំនុកចិត្ត”។
លោកបានបន្តថា មូលហេតុចម្បង នៃការធ្លាក់ចុះទំនុកចិត្តនេះ ដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលបានជះឥទ្ធិពលយ៉ាងខ្លាំង ទៅលើតម្លៃប្រេងឥន្ធនៈ និងសម្ភារៈសំណង់ជាច្រើន ជាពិសេសដែកថែបដែលបានហក់ឡើងថ្លៃរហូតដល់ទៅ៣៥%។
បញ្ហាផ្សេងៗទៀត ដែលបានធ្វើឱ្យបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ព្រួយបារម្ភក្នុងត្រីមាសទី១ ដើមឆ្នាំនេះរួមមានកង្វះកម្មករ នៅក្នុងវិស័យសំណង់ អតិផរណាខ្ពស់ និងការកើនឡើងអត្រាការប្រាក់។
យោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) ឱ្យដឹងថា សន្ទស្សន៍ទំនុកចិត្ត សម្រាប់ការវិនិយោគលើការអភិវឌ្ឍ គឺមានកម្រិតទាបបំផុត ដោយធ្លាក់ចុះមកនៅត្រឹម៣ ២%ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២ បើធៀបនឹង៣៩,៦%ក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២១៕ Bangkok Post៕