ដោយៈវឌ្ឍនៈ
ភ្នំពេញៈ កាលពី១០ឆ្នាំមុន ប្រជាជនខ្មែរមិនសូវចាប់អារម្មណ៍ច្រើនលើខុនដូទេ ប៉ុន្តែ៥ឆ្នាំចុងក្រោយនេះអ្វីៗបានផ្លាស់ប្តូរ ដោយប្រជាពលរដ្ឋខ្មែរកាន់តែច្រើនបានទិញខុនដូសម្រាប់លំហែរ និងទុកសំរាប់ជួល។
ជាក់ស្តែងក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ជាអំឡុងពេលដែលប្រវត្តិសាស្រ្តបានផ្លាស់ប្តូរយ៉ាងខ្លាំង ដោយអ្នកទិញខុនដូប្រមាណ៩០ភាគររយជាជនជាតិខ្មែរ ព្រោះវិបត្តិកូវីដ១៩ បានធ្វើឲ្យជនបរទេសមិនបានចូលមក និងវិនិយោគនៅកម្ពុជា។
រយៈពេល៥ឆ្នាំខាងមុខទៀត ខុនដូនឹងក្លាយជាជម្រើសដ៏ពេញនិយមមួួយ សម្រាប់មនុស្សជំនាន់ក្រោយ ដោយសារការកើនឡើងនូវប្រជាសាស្រ្ត ការកើនឡើងនូវចំនួនយានយន្ត ការកកស្ទះចរាចរណ៍ ការឡើងថ្លៃខ្ពស់នៃផ្ទះក្នុងទីក្រុង និងការយល់ដឹងរបស់ប្រជាពលរដ្ឋមានភាពប្រសើរជាងមុន។
លោកឃុន ហេង អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកវិនិយោគខុនដូ នៃក្រុមហ៊ុន Century 21 Mekong បានឱ្យដឹងនាព្រឹកថ្ងៃទី២២ មេសាកន្លងមកថា កាលពី៥ឆ្នាំមុន ការអភិវឌ្ឍលំនៅឋានគឺផ្ដោតទៅលើផ្ទះល្វែង ផ្ទះជាប់ដីច្រើន តែមិនទាន់មានការផ្គត់ផ្គង់ លើលំនៅឋានជាខុនដូនៅឡើយទេ ។ លោកបន្តថា ប៉ុន្តែរយៈពេល៥ឆ្នាំក្រោយ ការអភិវឌ្ឍខុនដូ ក្នុងប្រទេសកម្ពុជាចាប់ផ្ដើមមានសន្ទុះខ្ពស់ ដោយមានគម្រោងជាច្រើនបានរួចរាល់ និងដាក់ដំណើរការនៅលើទីផ្សារ ដែលធ្វើឱ្យការផ្គត់ផ្គង់ខុនដូ នៅកម្ពុជាមានចំនួនកាន់តែច្រើនឡើង ជាពិសេសនៅរាជធានីភ្នំពេញ និងនៅ ខេត្តព្រះសីហនុ ។
រហូតមកដល់ពេលនេះ តាមរបាយការណ៍ឱ្យដឹងថា ខុនដូដែលកំពុងដាក់លក់លើទីផ្សារកម្ពុជា មានរហូតដល់ជាង ២០ម៉ឺនយូនីត។
លោកឃុន ហេងបានបន្តថា នៅរយៈពេល៥ឆ្នាំខាងមុខ ជាមធ្យមកំណើននៃការផ្គត់ផ្គង់ខុនដូ នឹងកើនឡើង១០ភាគរយក្នុងមួយឆ្នាំ ដោយសារតែខុនដូជាទីផ្សារមួយ ដែលមាននិន្នាការថ្មីសម្រាប់ប្រជាពលរដ្ឋកម្ពុជា ហើយប្រជាពលរដ្ឋកម្ពុជា ក៏មានបានផ្លាស់ប្តូរពីការរស់នៅផ្ទះជាប់ដីទៅរស់នៅក្នុងខុនដូកាន់តែច្រើនផងដែរ ។
លោកបន្ថែមថា “ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើន បានយល់ដឹងពីអត្ថប្រយោជន៍នៃការរស់នៅក្នុងខុនដូ ដូច្នេះហើយទើបមើលឃើញថា កំណើនប្រជាពលរដ្ឋ រស់នៅក្នុងខុនដូកាន់តែច្រើនឡើងៗ ជាមួយនឹងការអភិវឌ្ឍក៏មានកំណើនជាបន្តបន្ទាប់ដែរ”។
ជាមួយគ្នានេះ លោកខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia ក៏បានឱ្យដឹងថា កត្តាដែលជំរុញឱ្យប្រជាពលរដ្ឋកម្ពុជាផ្លាស់ទៅរស់នៅក្នុងខុនដូកាន់តែច្រើនមានច្រើន ប៉ុន្តែកត្តាសំខាន់ៗមួយចំនួនដូចជា ការកកស្ទះចរាចរណ៍ កត្តាទីតាំងផ្ទះជាប់ដីនៅឆ្ងាយពីកន្លែងការងារ បានធ្វើឱ្យពលរដ្ឋត្រូវប្តូរមករស់នៅក្នុងខុនដូ នៅកណ្ដាលក្រុង និងជិតកន្លែងការងារ ក៏ដូចជានៅជិតបណ្ដុំតំបន់ពាណិជ្ជកម្មជាដើម។
យោងតាមការសិក្សាររបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានឱ្យដឹងថា ក្នុងឆ្នាំ២០២២នេះ ការផ្គត់ផ្គត់ខុនដូលើទីផ្សារប្រទេសកម្ពុជា នឹងមានចំនួនប្រមាណជាង១៣ពាន់យូនីត តែមកដល់ដំណាច់ត្រីមាសទី១នៃឆ្នាំ២០២២នេះ ការផ្គត់ផ្គង់សម្រេចបានត្រឹមតែ៥ភាគរយ នៃ១៣ពាន់យូនីតនោះតែប៉ុណ្ណោះ ដោយសារតែបញ្ហាកូវីដ១៩ និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែង។
លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានថ្លែងថា បច្ចុប្បន្នទីផ្សាររបស់កម្ពុជា បានដើរស្របជាមួយបរិបទអន្តរជាតិ ដែលចាត់ទុកថា នេះគឺជាមោទនភាពរបស់កម្ពុជាផងដែរ។ លោកបន្តថា ដោយឡែកបើនិយាយអំពីអគារនេះ គឺពិតជាមានប្រសិទ្ធភាពណាស់ ពីព្រោះអតិថិជនគ្រប់ទិសទី អាចមកពឹងពាក់ដោយមានជំនឿទុកចិត្ត ហើយអាចផ្ដល់នូវការគាំទ្រ លើការវិនិយោគគ្រប់វិស័យថែមទៀត។
លោកបន្តថា នៅកម្ពុជាអគារចាប់ពីកម្ពស់ 5ជាន់ឡើងទៅ ដែលមាននៅទូទាំងប្រទេសចំនួន២៤៣៣អគារ ដែលចាត់ទុកថា នេះជាការរីកចម្រើនដ៏ធំធេង ជាមោទនភាពសម្រាប់ទាំងអស់គ្នា។
ក្នុងចំណោមអគារខ្ពស់ៗទាំងនោះភាគច្រើនជាខុនដូ សណ្ឋាគារ និងអាផាតម៉ិនសម្រាប់ជួល៕