ផ្លូវជាតិលេខ៣ ជាតំបន់ដែលមានសក្ដានុពលខ្ពស់ ក្នុងការអភិវឌ្ឍលំនៅឋានតម្លៃក្រោម ១០ម៉ឺនដុល្លារ

0

ដោយ៖​ វឌ្ឍនៈ​

ភ្នំពេញ ៖ ការអភិវឌ្ឍលំនៅឋានត្រូវបានមើលឃើញថាកំពុងតែមានការរីកទៅកាន់តំបន់ជាយក្រុងកាន់តែច្រើន ជាពិសេសលំនៅឋានតម្លៃសមរម្យ ។ អ្នកជំនាញនៃវិស័យអចលនទ្រព្យមួយរូបបានបង្ហាញពីតំបន់ដែលមានសក្ដានុពលក្នុងការសាងសង់លំនៅឋានតម្លៃសមរម្យ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Khmer Real Estate បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍មួយឱ្យដឹងថា អ្នកចង់សង់ផ្ទះតម្លៃក្រោម១០ម៉ឺនដុល្លារ ផ្លូវជាតិលេខ៣គឺត្រឹមត្រូវបំផុត។ ផ្លូវជាតិលេខ៣ជាតំបន់ដែលមានតម្លៃដីនៅសមរម្យដូច្នេះអ្នកវិនិយោគដែលសង់ផ្ទះតម្លៃត្រឹម៥ម៉ឺន៦ម៉ឺនដុល្លារអាចសង់នៅផ្លូវជាតិលេខ៣បាន។

លោកឧកញ៉ាបន្តថា “សម្រាប់អ្នកដែលចង់ផ្ទះសម្រាប់អ្នកមានស្នាក់នៅ គឺអាចទៅរកសក្ដានុពលនៅតំបន់ប៉ែកខាងជើងវិញពីព្រោះថាដូចយើងបានឃើញស្រាប់នៅតំបន់ជុំវិញអ៊ីអន២ តំបន់ជុំវិញក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ជាតំបន់អ្នកមានជំនាន់ថ្មី ហើយអ្នកសង់ផ្ទះនៅតំបន់នេះទៀតសោតក៏មិនអាចសង់ត្រឹមផ្ទះល្វែង ត្រឹមផ្ទះវីឡាល្មមៗបានដែរ គឺត្រូវសង់ផ្ទះលំដាប់អភិជន“។

លោកឧកញ៉ា​ថា ”កត្តានេះហើយដែលយើងបានចាប់ផ្ដើមសង់បុរីវិមានសំណាងជាផ្ទះសម្រាប់អ្នកអភិជន ដែលមានតម្លៃរាប់សិបម៉ឺនដុល្លារអាមេរិក។ កាលពី៥ឆ្នាំមុនតំបន់នៅជុំវិញបុរីវិមានសំណាងអាចសង់ជាផ្ទះល្វែងជាវីឡាបាន តែមកដល់ពេលនេះ បុរីបែបនេះ លែងមាននៅក្នុងតំបន់នោះបានទៀតទេ”។

លោកឧកញ៉ាបានផ្ដល់ជាយោបល់សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលចង់ទិញលំនៅឋានក្នុងបុរី គួរគិតគូរលើចំនុចមួយចំនួន ក្នុងនោះមានម្ចាស់បុរីខ្លះលើកទឹកចិត្តឱ្យអ្នកទិញបង់លុយឱ្យគ្រប់ភ្លាមៗ ឬបង្ខំឱ្យអ្នកទិញបង់លុយដាច់លឿនៗ នោះបានន័យថាអ្នកសាងសង់នោះមិនមានលុយគ្រប់គ្រាន់នោះទេ។ បច្ចុប្បន្ននេះ សម្ភារៈសំណង់បានឡើងខ្ពស់ ដូច្នេះបើសិនជាអ្នកទិញផ្ទះកាលពីមុនក្នុងតម្លៃថោក អញ្ចឹងមកដល់ពេលនេះ ពេលសម្ភារៈឡើងខ្ពស់បែបនេះតើពួកគេមានលុយឯណាមកសង់ឱ្យនោះ។

លោកបញ្ជាក់ថា “អ្នកទិញត្រូវប្រយ័ត្នឱ្យមែនទែន បើបុរីណាដែលបង្ខំឱ្យអ្នកទិញផ្ទះដោយបង់លុយផ្ដាច់លឿនៗ ហើយបញ្ចុះតម្លៃឱ្យប៉ុនណេះប៉ុណ្ណោះ។ សូមកុំទាន់ជឿជាក់ពេក ពីព្រោះថាតម្លៃផ្ទះគេបានកំណត់រួចហើយថាប៉ុន្មានទើបចំណេញ តែបើបើសិនជាផ្ទះនោះលក់បញ្ចុះតម្លៃទៀត បានន័យថា គម្រោងនោះអាចមិនមានលុយទេ”។

លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Founder Appraisal បានឱ្យដឹងថា លំនៅឋានជាលក្ខណៈផ្ទះជាប់ដីនៅក្នុងប្រទេសកម្ពុជា នៅតែមានតម្រូវការ ដូច្នេះអ្នកអភិវឌ្ឍន៍អាចធ្វើការផ្តត់ផ្គង់សាងសង់សម្រាប់បំពេញតម្រូវការបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here