ប្រទេសថៃ រំពឹងទទួលបានចំនួនភ្ញៀវទេសចរ២០លាននាក់នៅឆ្នាំ២០២៣

0

ដោយៈសុខុម

បាងកក: នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងកាលពីថ្ងៃអង្គារ ទី៣ ខែឧសភា ថា លោករំពឹងថាប្រទេសថៃ នឹងទទួលបានចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ ចំនួន២០លាននាក់នៅឆ្នាំក្រោយ ឬប្រហែលពាក់កណ្តាលនៃចំនួន ភ្ញៀវទេសចរមុនពេលផ្ទុះវិបត្តិកូវីដ-១៩។

លោកលើកឡើងថា ការព្យាករណ៍នេះអាចក្លាយជាការពិត ប្រសិនបើស្ថានភាពកូវីដ-១៩ មិនធ្លាក់ដុនដាបជាថ្មីម្ដងទៀត ហើយពេលនេះ ក៏មិនឃើញមានការគំរាមកំហែងថ្មីៗនោះដែរ។

លោកបានធ្វើការកត់សម្គាល់ថា ក្នុងមួយថ្ងៃៗមានភ្ញៀវទេស​ចររាប់ម៉ឺននាក់មកលេងប្រទេសថៃ ហើយស្ថានភាពនេះបានប្រសើ​រឡើងគួរឱ្យកត់សម្គាល់ ចាប់តាំងពីវិធានការរឹតបន្តឹងលើការចេញចូលត្រូវបានបន្ធូរបន្ថយ។

ទោះជាយ៉ាងណា លោកថ្លែងថា ផែនការកំណត់តម្លៃលើភ្ញៀវទេសចរអន្តរជាតិ សម្រាប់ដំណើរកម្សាន្តក្នុងប្រទេសថៃ មិនទាន់បានអនុវត្តនៅឡើយទេ ដោយរង់ចាំការពិភាក្សាគ្នាបន្ថែមទៀត។

លោកបានបន្តថា ថ្វីបើកំណើនសេដ្ឋកិច្ចមានសន្ទុះយឺតក្ដី ក៏ការនាំចេញបានកើនឡើង ដោយសាររូបិយប័ណ្ណបាតធ្លាក់ថ្លៃ ជាពិសេសផលិតផលកសិកម្ម ហើយការកើនឡើងចំនួនភ្ញៀវទេសចរបានជំរុញឱ្យទីផ្សារមានសុទិដ្ឋិនិយម។

លោកប្រាយុទ្ឋបានបន្ថែមទៀតថា សរុបជារួម សេដ្ឋកិច្ចប្រទេ​សថៃ សម្រេចបានកំណើនក្នុងអត្រាគួរឱ្យសាទរ ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២ នេះគឺល្អប្រសើរជាងក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២១៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here