ដោយៈសុខុម
បាងកក: ប្រទេសថៃ កាលពីថ្ងៃអង្គារ ទី១០ ខែឧសភា បានអនុម័តការអនុគ្រោះពន្ធ សម្រាប់មូលនិធិវិនិយោគអចលនទ្រព្យ (Real Estate Investment Trust) ដើម្បីបង្កើនសាច់ប្រាក់សម្រាប់ក្រុមហ៊ុនប្រតិបត្តិករ ដែលរងគ្រោះដោយសារវិបត្តិកូវីដ-១៩។
លោកស្រី Traisulee Traisoranakul អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានលើកឡើងថា មូលនិធិវិនិយោគអចលនទ្រព្យ ឬការទិញយកមកវិញ នូវមូលនិធិវិនិយោគអចលនទ្រព្យ នឹងទទួលបានការអនុគ្រោះពន្ធ ហើយតាមការរំពឹងទុក វានឹងជួយបង្កើតបានការវិនិយោគឡើងវិញ ក្នុងទំហំទឹកប្រាក់៨៦៨លានដុល្លារអាមេរិក នៅក្នុងឧស្សាហកម្មនេះ។
អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា ទន្ទឹមនេះរដ្ឋាភិបាលថៃ នឹងបាត់បង់ប្រាក់ចំណូលពន្ធ ព្រមទាំងថ្លៃសេវាសរុបប្រមាណជាង៣០១លានដុល្លារអាមេរិក ដោយសារការអនុគ្រោះពន្ធនេះ។
វិស័យអចលនទ្រព្យ ដែលបានរួមចំណែកប្រមាណ៦% នៃផលទុនជាតិសរុប (GDP) របស់ប្រទេសថៃ ក្នុងឆ្នាំ២០១៩ បានដាំក្បាលចុះដោយសារការរីករាលវីរុសកូវីដ-១៩ ហើយទើបតែចាប់ផ្តើមងើបឡើងវិញនៅឆ្នាំនេះប៉ុណ្ណោះ។
លោកស្រី Traisulee Traisoranakul លើកឡើងថា រហូតមកដល់ពេលនេះ មានមូលនិធិវិនិយោគអចលនទ្រព្យចំនួន៨ហើយ ដែលបានបង្ហាញចំណាប់អារម្មណ៍ លើការអនុគ្រោះពន្ធថ្មីនេះ រួមទាំងមូលនិធិវិនិយោគលើសណ្ឋាគារ និងសួនកម្សាន្តផងដែរ៕ Reuters៕