អភិបាលខេត្តកំពតបង្ហាញពីសក្ដានុពលវិនិយោគខេត្តរបស់ខ្លួនទៅកាន់វិនិយោគិនជាតិនិងអន្តរជាតិ

0

  ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងឱកាសនៃការដាក់សម្ពោធ ដំណើរការរោងចក្រផលិតចំណីសត្វ ស៊ីភីកាលពីព្រឹកថ្ងៃទី១២ ឧសភា២០២២  លោកម៉ៅ ធនិន្ទអភិបាលខេត្តកំពត បានបង្ហាញពីសក្ដានុពលនៃការវិនិយោគក្នុងខេត្តកំពតទៅ កាន់វិនិយោគិនជាតិនិងអន្តរជាតិ ដើម្បីបន្ថែមការវិនិយោគលើវិស័យអាទិភាពនានា។

លោកបានមានប្រសាសន៍ថា ខេត្តកំពតមានអំណោយផលពីធម្មជាតិ ដូចជាកសិកម្ម កសិ-ឧស្សាហកម្ម ធនធានរ៉ែ នេសាទសមុទ្រ ស្រែអំបិល និងវិស័យទេសចរណ៍ ដែលត្រូវការវិនិយោគិនទាំងក្នុងនិងក្រៅស្រុកមកបណ្ដាក់ទុនវិនិយោគ ។

លោកបន្តថា បច្ចុប្បន្ននេះ កំពតមានក្រុមហ៊ុនកំពុងវិនិយោគចំនួន៤៤ក្រុមហ៊ុន ក្នុងនោះរួមមានក្រុមហ៊ុនឯកជនវិនិយោគ ទៅលើកសិ-ឧស្សាហកម្មចំនួន៥ កំពង់ផែខ្នាតខ្នាតតូចចំនួន៥ ឧស្សា​ហកម្មចំនួន១៧ ទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋានចំនួន១១ ថាមពលចំនួន៣ តំបន់សេដ្ឋកិច្ចពិសេសចំនួន២ ផលិតនិងកែច្នៃផលសមុទ្រចំនួន១ ។

លោកបន្តទៀតថា “ខេត្តកំពតជាខេត្តដែលមានចំងាយ១៤៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងជាខេត្តដែលមានវ័យចំណាស់ជាងគេក្នុងចំណោមខេត្តតំបន់សមុទ្រ”។ លោកបន្តថា “ខេត្តនេះសំបូរទៅដោយធនធានធម្មជាតិ ដូចជាឆ្នេរសមុទ្រប្រវែង៦៦,៥គីឡូម៉ែត្រ មានឧទ្យានជាតិ រមណីយដ្ឋានទេសចរណ៍ច្រើនប្រភេទ វប្បធម៌ប្រវត្តិសាស្ត្រ ដែលអាចកែច្នៃទៅជាសហគមន៍ទេសចរណ៍”។

ក្រៅពីនេះកំពតក៏មានសំណង់បេតិកភណ្ឌ វប្បធម៌ជាច្រើនដែលជាមជ្ឈមណ្ឌល ចែកចាយភ្ញៀវយ៉ាងសំខាន់ ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ  ព្រមទាំងមានផ្លូវគមនាគមន៍ជាច្រើន ទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវដែក ។

លោកម៉ៅ ធនិន្ទបានបន្តទៀតថា ខេត្តកំពតក៏ជាសមាជិកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក ហើយក្រុងកំពតជាក្រុងដែលទទួលជ័យលាភីផ្ការំដួល៣ទង នៅក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី១ឆ្នាំ២០១៥-២០១៨ និងលើកទី២ឆ្នាំ២០១៨-២០២១ ។ ខេត្តនេះក៏មានការអភិវឌ្ឍកីឡាទេសចរណ៍ ជាច្រើនទៀតដូចជាខ្សែពួរឡើងភ្នំ ទូកកៃយ៉ាក ពោងខ្យល់បណ្ដែតទឹក ជិះខ្សែរ៉ត យោងរអិលជាដើម ព្រមទាំងមានដងព្រែក ជាច្រើនទៀតសម្រាប់ទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តកំពត ។

លោកបន្ថែមថា អ្វីដែលពិសេសផ្លូវតភ្ជាប់ពីភ្នំពេញ មកកាន់ខេត្តកំពត កាន់តែមានភាពងាយស្រួល សម្រាប់អ្នកទេសចរនិងវិនិយោគ ដូចជាផ្លូវជាតិលេខ៣ ផ្លូវ៣១ ផ្លូវជាតិ៣៣ ផ្លូវជាតិលេខ៤១ជាដើម និងមានការអភិវឌ្ឍផ្លូវសំខាន់ៗ តភ្ជាប់ពីទីរួមខេត្តទៅកាន់រមណីយដ្ឋាននានាក្នុងខេត្តកំពតផ្ទាល់តែម្ដង ។

ជាមួយគ្នានេះ លោកជិន ណារិន នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Sunshine Real Estate ប្រចាំខេត្តកំពតបានឱ្យដឹងថាវិនិយោគិនជាតិ និងអន្តរជាតិ ដែលចូលមកកាន់ខេត្តកំពតភាគច្រើន ផ្ដោតទៅលើការអភិវឌ្ឍ ដើម្បីបម្រើដល់វិស័យទេសច​រណ៍ ដូចជាការអភិវឌ្ឍដីឡូត៏លំហែកាយ ផ្ទះលំហែការ ផ្ទះសំណាក់ និងរមណីយដ្ឋានកែច្នៃជាច្រើនទៀត ដែលជំរុញឱ្យតម្រុវការដីធ្លី សម្រាប់អភិវឌ្ឍន៍កាន់តែមានច្រើន ។

លោកបន្តថា ក្រោយពីខេត្តកំពត ទទួលបានគម្រោងវិនិយោគធំៗមួយចំនួន នឹងជំរុញឱ្យខេត្តនេះ កាន់តែមានសក្ដានុពលនិងមានការអភិវឌ្ឍលើអចលនទ្រព្យបន្ថែមទៀត ហើយវិនិយោគិនកាន់តែច្រើន នឹងចូលមកកាន់ខេត្តកំពត ស្វែងរកការវិនិយោគរបស់ខ្លួនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here