ដោយ: សុផារី
កំពត: ក្រុមហ៊ុនសញ្ជាតិកូរ៉េធំមួយនឹងបោះទុនវិនិយោគយ៉ាងច្រើន លើគម្រោងចម្ការផ្លែស្រ្តបឺរី ដ៏ធំដំបូងគេបង្អស់នៅទីក្រុងបូកគោ លើកំពូលភ្នំបូកគោ ក្នុងទឹកដីខេត្តកំពត។
នាយកផ្នែកលក់ និង ទីផ្សារក្រុមហ៊ុនសុខាអូតែល លោកសាយ សុភ័ត្រា បានឱ្យដឹងនៅថ្ងៃទី១៧ ខែឧសភា នេះថា អ្នកវិនិយោគជនជាតិកូរ៉េមួយរូប នឹងបោះទុនជាច្រើន លើគម្រោងចម្ការដាំដុះផ្លែស្រ្តបឺរី នៅលើកំពូលភ្នំបូកគោ ប្រទេសកម្ពុជា។
-->

បើតាមការបញ្ជាក់ពីលោក សុភ័ត្រា បានឱ្យដឹងថា អ្នកវិនិយោគរូបនេះបានចុះកុងត្រាជួលដីនៅលើភ្នំបូកគោ រយៈពេល១០ឆ្នាំ ដើម្បីសាកល្បងការដាំដុះផ្លែស្រ្តបឺរី ហើយគ្រោងនឹងពង្រីកទំហំវិនិយោគបន្ថែម ប្រសិនបើទទួលបានជោគជ័យ។

លោកមានប្រសាសន៍ថា “ក្រុមហ៊ុនកូរ៉េបានជួលទីតាំង និងសាកល្បងមើល។ ប្រសិនបើរីកទៅមុខល្អ គាត់នឹងពង្រីកបន្ថែមទៀត”។
បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងដំណើរការស្នើសុំការអនុញ្ញាតប្រកបអាជីវកម្ម ពីសំណាក់រដ្ឋាភិបាលកម្ពុជា និងភាគីកូរ៉េ ដើម្បីរៀបចំដាំដុះដំណាំផ្លែឈើនេះ ហើយក៏កំពុងជ្រើសរើសឧបករណ៍ប្រើប្រាស់ក្នុងការដាំដុះ ជាពិសេសជ្រើសរើសគ្រាប់ពូជស្រ្តបឺរី ដែលមិនមានផលប៉ះពាល់ដល់បរិស្ថានក្នុងប្រទេសកម្ពុជា។

លោកបានមានប្រសាសន៍ថា “ក្រុមហ៊ុនកំពុងយកកុងត្រាជួលទីតាំង ទៅសុំច្បាប់នៅក្នុងក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា និងសុំច្បាប់ពីខាងភាគីកូរ៉េផងដែរ ហើយយកឧបករណ៍ និងពូជកូរ៉េឱ្យបានច្បាស់លាស់ ដើម្បីមិនប៉ះពាល់ទៅលើបរិស្ថានស្រុកខ្មែរ និងមិនខូចខាតនៅលើទីតាំងភ្នំបូកគោនេះ”។
តាមរយៈគម្រោងដាំដុះផ្លែឈើស្រ្តបឺរីដ៏ធំនេះ ប្រធានផ្នែកគ្រប់គ្រងទីផ្សាររូបនេះរំពឹងថា នឹងទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ ដោយនឹងមានការពង្រឹងគម្រោងវិនិយោគនេះ ជាបន្តបន្ទាប់ នាពេលខាងមុខ។
លោកបានឱ្យដឹងថា ភ្នំបូកគោ គឺជាទីតាំងល្អ ដែលផ្តល់ផលផលិតផល មិនថាសម្រាប់ការដាំដុះប្រភេទបន្លែ ផ្លែឈើ និងដំណាំផ្សេងជាច្រើនមុខ ដោយសារទីតាំងនេះមានអាកាសធាតុល្អប្រសើរបំផុត មានប្រភពទឹកធម្មជាតិ និងដីល្អ។

ដំណាំស្រ្តបឺរី ជាប្រភេទដំណាំផ្តល់ផ្លែ មានដើមទាប មានស្លឹកបីទល់នឹងទងជាប់គ្នា និងមានរោមច្រើន ផ្កាមានពណ៌ស ជាប្រភេទដំណាំទាមទារអាកាសធាតុត្រជាក់៕