ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ កោះឬស្សី ដែលមានទីតាំងនៅក្នុងខេត្តព្រះសីហនុ បាននឹងកំពុងក្លាយជាទីកន្លែងកំសាន្តលំហែលើកោះលំហែបែបប្រណីត ក្រោយគម្រោងឯកជនជួលដីវិនិយោគពីរដ្ឋាភិបាល ហើយបានអភិវឌ្ឍន៍លើគម្រោងស្នាក់នៅ និងកំសាន្តជាច្រើន។
នេះបើតាមការលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងឱកាសដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចុះពិនិត្យគម្រោងអភិវឌ្ឍកោះឬស្សី ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីពិនិត្យស្ថានភាព នៃការអភិវឌ្ឍន ដែលក្រុមហ៊ុនបានវិនិយោគ នាពេលកន្លងមក។
រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា គម្រោងវិនិយោគកោះឬស្សី មានទីតាំងមួយផ្នែកនៃកោះឬស្សី ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានទំហំ៧៨ហិចតា ដែលបានចុះកិច្ចសន្យាជួលពីរាជរដ្ឋាភិបាល នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨។ កោះឬស្សី វីឡា & រីសត មាន៥០លុចហ្សារី ផាវីលាន (luxurious pavilions) និង ១៣ភូលវីឡា (pool villas) ដែលជាកន្លែងសម្រាកលំហែធម្មជាតិដ៏ល្អជាមួយនឹងឆ្នេរឯកជនប្រវែង១,២គីឡូម៉ែត្រ បែរមុខទៅសមុទ្រ។
រមណីយដ្ឋាននេះ មានភោជនីយដ្ឋានចំនួន០២ បារចំនួន០១ និងស្ប៉ាដែលមានបន្ទប់ចំនួន០៥បន្ទប់អាងហែលទឹករួមទំហំ៣០ម៉ែត្រ កន្លែងហាត់ប្រាណបើក២៤ម៉ោង និងយូហ្គា ព្រមទាំងសកម្មភាពនៅលើឆ្នេរសមុទ្រជាដើម។
លោក គួច ចំរើន បានលើកឡើងថា ដៃគូវិនិយោគកោះឬស្សី គឺបានអនុវត្តទៅតាមច្បាប់ដែលបានកំណត់ទាក់ទងនឹងបញ្ហាបរិស្ថាន ដែលជាកត្តាចម្បងក្នុងការអភិវឌ្ឍនៅលើដែនកោះ នាពេលបច្ចុប្បន្ន។ ក្នុងនោះ ក្រុមហ៊ុនបានរក្សាព្រៃឈើ ការគ្រប់គ្រងកាកសំណល់រឹង រាវ បានត្រឹមត្រូវ មិនមានការបង្ហូរចូលទៅក្នុងសមុទ្រ ដែលបង្កឱ្យបាត់នូវសោភ័ណភាព និងប៉ះពាល់បរិស្ថានតំបន់ឆ្នេរ និងទឹកសមុទ្រ ហើយក្រុមហ៊ុនបានអភិវឌ្ឍទេសចរណ៍ធម្មជាតិលើផ្នែកសណ្ឋាគារ បឹងកាឡូ រីសត ដែលមានស្តង់ដារកម្រិតកម្រិតខ្ពស់ ប្រកបដោយផាសុខភាព។
លោកក៏បានបញ្ជាក់បន្ថែមថា ដំណើរទស្សនៈកិច្ចដឹកនាំមន្ត្រី មន្ទីរពាក់ព័ន្ធចុះពិនិត្យមើលការអភិវឌ្ឍន៍នាពេលនេះ ក្នុងគោលបំណងជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគ ដែលបាន និងកំពុងខិតខំក្នុងការអភិវឌ្ឍ នៅលើគ្រប់វិស័យទាំងដីគោក និងដីកោះដើម្បីធ្វើយ៉ាងណាឱ្យ ខេត្តព្រះសីហនុកាន់តែមានការអភិវឌ្ឍបង្កើនមុខរបរជូនប្រជាពលរដ្ឋ កាត់បន្ថយការចំណាកស្រុក ហើយឯកឧត្តម នឹងគាំទ្ររាល់ការវិនិយោគគ្រប់វិស័យដែលមកពីបណ្ដាប្រទេសនានា ដោយរក្សាសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ជូនពួកគាត់ផងដែរ។ ដូចនេះសូមឱ្យបងប្អូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកលេងនៅកោះឬស្សីដែលមានសណ្ឋាគារលំដាប់ផ្កាយ និងមានសេវាកម្មល្អក្នុងការទទួលភ្ញៀវទេសចរមកលេងកម្សាន្តផងដែរ៕