ដោយ៖ សុផារី
កោះកុង៖ រដ្ឋាភិបាលកម្ពុជា បានធ្វើសម្បទានដីសេដ្ឋកិច្ច ក្នុងខេត្តកោះកុង ដល់ក្រុមហ៊ុនអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ចចំនួន៧ក្រុមហ៊ុន ដែលគ្របដណ្តប់ផ្ទៃដីសរុបចំនួន៤៤.១៧៧ហិកតា។
នេះបើយោងតាមរបាយការណ៍បូកសរុបការងារ ឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ រដ្ឋបាលខេត្តកោះកុង បញ្ជាក់ថា ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច វិនិយោគលើការដាំដើមប្រេងខ្យល់ អំពៅ និងកៅស៊ូ។
ក្នុងនោះ ផ្ទៃដីក្រុមហ៊ុន Greerich Group Co Ltd ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំង៧ កាលពីមុនមានដីទំហំ១០.០៧៧ហិកតា។ ក្រោយចេញអនុក្រឹត្យលេខ៤៦អនក្រ ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល បានកាត់ដីរបស់ក្រុមហ៊ុននេះចំនួន ៤.៩២៣ហិកតា ជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធជូនប្រជាពលរដ្ឋ និងមួយចំណែករក្សាទុក ជាទ្រព្យសម្បត្តិឯកជនកាន់កាប់ដោយរដ្ឋបាលខេត្តកោះកុង ដែលធ្វើឱ្យផ្ទៃដីក្រុមហ៊ុននៅសល់ជាក់ស្តែងមានទំហំ៥.១៥៤ហិកតា។
ខេត្តកោះកុង ជាខេត្តមួយក្នុងចំណោម ២៥រាជធានីខេត្ត ដែលមានសក្តានុពលដល់ការដាំដុះដំណាំកៅស៊ូ និងដំណាំផ្សេងៗទៀត។ ផ្ទៃដីដាំដុះកៅស៊ូទូទាំងខេត្តសរុបចំនួន១៤.៣៩៨ហិកតា ផ្ទៃដីអំពៅ១៩.៧០០ហិកតា ផ្ទៃដីអាកាស្យា៩.៦១០ហិកតា និងផ្ទៃដីប្រេងខ្យល់១.៤២៩ហិកតា៕