ដោយៈសុខុម
អន្តរជាតិ: ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានដាក់ឱ្យដំណើរការជាផ្លូវការ នូវក្របខ័ណ្ឌសេដ្ឋកិច្ចរបស់លោក ដែលគេទន្ទឹងរង់ចាំជាយូរមកហើយ ក្នុងគោលបំណងទប់ទល់ នឹងឥទ្ធិពលរបស់មហាយក្សចិន ដែលរីកកាន់តែធំឡើងៗនៅអាស៊ី។
លោកបានប្រកាសថា ប្រទេសចំនួន១២នៅអាស៊ី-ប៉ាស៊ីហ្វិក បានក្លាយជាដៃគូចូលរួម ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចខាងលើនេះ សម្រាប់កិច្ចសហការលើវិស័យនានារួមទាំងថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។
លោក ចូ បៃឌិន បានបង្ហាញក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិកដើម្បីវិបុលភាព (Indo-Pacific Economic Framework for Prosperity) ហៅកាត់ថា IPEF នេះនៅក្នុងប្រទេសជប៉ុន កាលពីថ្ងៃច័ន្ទ ទី២៣ ខែឧសភា អំឡុងដំណើរឈប់សំចតលើកទី២ នៃទស្សនកិច្ចរបស់លោកមកកាន់តំបន់អាស៊ី ក្នុងគោលបំណងជួយគាំទ្រ ដល់ការចូលរួមរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់។
ក្របខ័ណ្ឌសេដ្ឋកិច្ច IPEF ដែលមានគោលបំណងជំរុញលើកកម្ពស់ទំនាក់ទំនង តាមរយៈស្តង់ដាររួមក្នុងវិស័យសេដ្ឋកិច្ចផ្សេងៗគ្នា ដែលជាដំបូងនឹងរួមបញ្ចូលកូរ៉េខាងត្បូង អូស្ត្រាលី ព្រុយណេ ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី នូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ បូកសរុបបញ្ចូលគ្នា ប្រទេសទាំងនេះគ្របដណ្ដប់ប្រមាណ៤០% នៃទិន្នផលសេដ្ឋកិច្ចពិភពលោក។
ក្របខ័ណ្ឌនេះ រួមមាន សសរស្តម្ភចំនួន៤ដូចជា ពាណិជ្ជកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ ថាមពលស្អាត &ហេដ្ឋារចនាសម្ព័ន្ធ និងពន្ធ & ការប្រឆាំងអំពើពុករលួយ។
លោក ចូ បៃឌិន បានថ្លែងនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ថា “ថ្ងៃនេះយើងនៅទីនេះ ដើម្បីគោលបំណងដ៏សាមញ្ញមួយ ដែលអនាគតនៃសេដ្ឋកិច្ចនាសតវត្សរ៍ទី២១ ភាគច្រើននឹងស្ថិតនៅក្នុងតំបន់ឥណ្ឌូ -ប៉ាស៊ីហ្វិក តំបន់របស់យើង”។ លោកបន្តថា “ក្របខ័ណ្ឌនេះ នឹងជំរុញឱ្យមានការប្រកួតប្រជែងដល់ចំណុចកំពូល”។
ក្របខ័ណ្ឌសេដ្ឋកិច្ចនេះ បង្ហាញពីការប៉ុនប៉ងចុងក្រោយបំផុតរបស់លោក ចូ បៃឌិន នៅក្នុងការជំរុញលើកកម្ពស់ ការចូលរួមរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានដកខ្លួនចេញភ្លាមៗ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មភាព ជាដៃគូអន្តរប៉ាស៊ីហ្វិក (TTP) ក្នុងឆ្នាំ២០១៧។
ព័ត៌មានលម្អិតជាក់លាក់ សម្រាប់ការអនុវត្តក្របខ័ណ្ឌសេដ្ឋកិច្ច ដែលលោក ចូ បៃឌិន បានប្រកាសជាលើកដំបូងកាលពីខែតុលា ចុងឆ្នាំ២០២១ នេះ នឹងត្រូវបានគាំទ្រ តាមរយៈការពិភាក្សាជាមួយប្រទេសជាដៃគូ ដែលនឹងអាចជ្រើសរើសវិស័យណាមួយដែលពួកគេចង់ចូលរួម។
ទោះជាយ៉ាងណា រដ្ឋការលោក ចូ បៃឌិន បានបញ្ជាក់យ៉ាងច្បាស់ហើយថា ក្របខ័ណ្ឌសេដ្ឋកិច្ច IPEF មិនមែនជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដូចសព្វដង ដែលនឹងពង្រីកផ្លូវរបស់បណ្ដាប្រទេស ក្នុងតំបន់អាស៊ី-ប៉ាស៊ី ហ្វិក ចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនោះឡើយ។
វិសាលភាពមានកម្រិត និងកង្វះការប្តេជ្ញាចិត្ត ដែលចងភ្ជាប់តាតព្វកិច្ចនៃក្របខ័ណ្ឌសេដ្ឋកិច្ចនេះ ត្រូវបានក្រុមអ្នកវិភាគ និងក្រុមមន្ត្រីក្នុងតំបន់មើលឃើញថា មានអ្នកខកចិត្ត ហើយបានលើកឡើងជាទឡ្ហីករណ៍ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គួរតែស្វែងរកការចូលរួមផ្នែកសេដ្ឋកិច្ចឱ្យបានកាន់តែទូលំទូលាយ៕ Aljazeera៕