ដោយៈ សហសេវិក
កោះកុងៈ អាជ្ញាធរខេត្តកោះកុង បានកំណត់យកទីតាំងសំខាន់ៗចំនួន ៤ សម្រាប់ដំឡើងផ្ទាំងប៉ាណូ ក្រោមប្រធានបទ “តំបន់គ្មានការប្រើប្រាស់ប្លាស្ទិក” សំដៅផ្សព្វផ្សាយជូនដល់សាធារណជន ឱ្យមានការយល់ដឹងពីការទប់ស្កាត់ និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងភូមិសាស្ត្រខេត្តកោះកុង។
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងបានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា តាមរយៈកិច្ចប្រជុំនាថ្ងៃទី ២៤ ឧសភា រដ្ឋបាលខេត្តកោះកុង បានពិភាក្សាស្តីពីសំណើសុំទីតាំងរៀបចំ ដាក់ដំឡើងផ្ទាំងប៉ាណូ ក្រោមប្រធានបទ “តំបន់គ្មានការប្រើប្រាស់ប្លាស្ទិក”។ ជាលទ្ធផល កិច្ចប្រជុំបានសម្រេចឯកភាព កំណត់យកទីតាំងសម្រាប់ដំឡើងប៉ាណូចំនួន ៤ ទីតាំង រួមមាន ទីតាំងទី ១ នៅសហគមន៍អេកូទេសចរណ៍ជីផាត ទីតាំងទី ២ នៅសហគមន៍ទេសចរណ៍អារ៉ែង ទីតាំងទី ៣ នៅសហគមន៍ទេសចរណ៍តាតៃ និងទីតាំងទី៤ នៅវត្តប៉ាក់ខ្លង។
លោកបន្តឲ្យដឹងថា “ការដំឡើងផ្ទាំងប៉ាណូនេះ ធ្វើឡើងដើម្បីឱ្យប្រជាពលរដ្ឋដូរឥរិយាបថ ពីការប្រើប្រាស់ប្លាស្ទិក មកប្រើប្រាស់របស់របរដែលមិនប៉ះពាល់ដល់បរិស្ថាន ឬអាចកែច្នៃប្រើប្រាស់ឡើងវិញបាន ជាពិសេសអប់រំកុំឱ្យមានការបោះចោល ប្លាស្ទិកចូលទៅក្នុងទឹក ជាពិសេសទឹកសមុទ្រ”។
ផ្ទាំងប៉ាណូមានទំហំជាង១ម៉ែត្រក្រឡា ហើយរូបភាពដែលបង្ហាញលើផ្ទាំងប៉ាណូនោះ នឹងដាក់រូបក្នុងន័យបំផុសស្មារតី ឱ្យពលរដ្ឋចាប់អារម្មណ៍ស្រឡាញ់ភាពស្រស់ស្អាត នៃការវេចខ្ចប់បែបធម្មជាតិ និងការកែច្នៃមួយចំនួនដែលមិនប៉ះពាល់ដល់បរិស្ថាន និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ តួយ៉ាងដូចជា ខ្ចប់ ឬដាក់ម្ហូបដោយស្លឹកចេក ឬស្លឹកឈូកជាដើម។
លោកសុខ សុទ្ឋីបានបន្តថ្លែងថា យើងអត់សរសេរអក្សរច្រើនទេគ្រាន់តែដាក់ថា កន្លែងដែលមិនប្រើប្រាស់ប្លាស្ទិក ហើយរូបថង់ប្លាស្ទិក យើងគូសខ្វែង។ ចំណែកសញ្ញាធិក គឺប្រើលើរូបដែលបង្ហាញថា មិនប៉ះពាល់បរិស្ថាន និងការប្រើប្រាស់របស់ដែលអាចកែច្នៃឡើងវិញបាន។
លោកបន្តថា “ការដាក់ផ្ទាំងប៉ាណូនេះមិនមែនធ្វើឡើងតែ៤ ទីតាំងនេះទេ ទៅថ្ងៃមុខនឹងមានការរៀបចំដាក់តាំងបន្ថែមទៀត ក្នុងមូលដ្ឋានតាមដែលអាចធ្វើទៅបាន ព្រោះថវិកាក្នុងការទ្រទ្រង់ការដាក់តាំងនេះ ជាការផ្តល់ឱ្យដោយក្រសួងបរិស្ថាន”។
ជាមួយគ្នានេះ លោក ហេង យ៉ុនគូរ៉ា នាយកប្រតិបត្តិអង្គការកែច្នៃ និងអនាម័យសហគមន៍ថ្លែងនៅថ្ងៃដដែលថា ការដំឡើងផ្ទាំងប៉ាណូផ្សព្វផ្សាយនេះគឺជារឿងល្អ ដើម្បីពញ្ញាក់ស្មារតីភ្ញៀវទេសចរ ឱ្យបានយល់ដឹងកាន់តែច្រើន ដើម្បីជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជាពិសេសនៅតាមទន្លេ និងសមុទ្រ។
លោកបានថ្លែងថា “យើងដាក់ការអប់រំច្រើនប៉ុនណា នឹងធ្វើឱ្យប្រជាជន និងអ្នកទេសចរ គាត់អាចជ្រាបយល់ដឹងច្រើនទៅតាមនោះ។ ពេលដឹងថាវាប៉ះពាល់សុខភាពគាត់ គាត់អាចបន្ថយអ៊ីចឹងទៅ”។ លោកបន្តថា “ជាពិសេសអាជីវករលក់បាយ លក់អីហ្នឹងពេលគាត់ដឹងទៅ គាត់បន្ថយការប្រើប្រាស់ស្នោទៅប្រើកញ្ចប់ធ្វើពីចំបើង ស្លឹកចេក កាកអំពៅ ដើមចេកអ៊ីចឹងទៅ។ អាហ្នឹងក៏ល្អដែរ ព្រោះប្រើហើយបោះចោលទៅវារលាយ”៕