ដោយៈសុផារី
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាបឹងទន្លេសាប ត្រូវគិតលើកិច្ចការ៣សំខាន់ ដោយថ្លឹងថ្លែងជាមួយការអភិរក្ស និងគោលការណ៍រស់នៅរបស់ប្រជាពលរដ្ឋជាក់ស្តែង។ រដ្ឋាភិបាលបានសម្រេចកែសម្រួ លតំបន់ផ្ទៃបឹងទន្លេសាបជិត ២ម៉ឺនហិចតា ក្នុងខេត្តចំនួនបី រួមមាន ខេត្តកំពង់ធំ ខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់។
នេះបើតាមការថ្លែងសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ។
សម្តេចបានបញ្ជាក់ថា តំបន់បឹងទន្លេសាបចែកចេញជា៤តំបន់។ តំបន់ទី១ គឺជាតំបន់រស់នៅរបស់ប្រជាពលរដ្ឋ ដែលអាចចុះបញ្ជីដីធ្លី និងផ្តល់កម្មសិទ្ធជូនប្រជាពលរដ្ឋ តំបន់ទី២ ជាតំបន់ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលអាស្រ័យផល នៅក្នុងទីតាំងដែលធ្លាប់មានកន្លងមក តំបន់ទី៣ ជាតំបន់ព្រៃលិចទឹក និងតំបន់ហាមឃាត់ការបារដាច់ខាត តែតែងតែមានការទន្រ្ទាន ទី៤ ជាតំបន់ដែលទាមទារឱ្យមានការអភិរក្សជាដាច់ខាត។
សម្តេចបានថ្លែងថា ក្នុងខេត្តកំពង់ធំ សម្រួលដី១ម៉ឺន១៤ហិចតា ចេញពីតំបន់ពីរមកជាតំបន់មួយ នៃបឹងទន្លេសាប ជូនប្រជាពលរដ្ឋចំនួន៩.១៤៤គ្រួសារ និងកែសម្រួលផ្ទៃដីទំហំ៦.៣៦៥ហិចតា ស្មើនឹង២.០២៥ ក្បាលដី ចេញពីតំបន់បី បញ្ចូលមកកាន់តំបន់ពីរនៃបឹងទន្លេសាប ជូនប្រជាពលរដ្ឋចំនួន១.៧៤៨គ្រួសារ។
សម្រាប់ខេត្តបន្ទាយមានជ័យ កែសម្រួលផ្ទៃដីចំនួន៥៨ហិចតា១៦អា ចេញពីតំបន់បី បញ្ចូលតំបន់ពីរនៃបឹងទន្លេសាប ជូនប្រជាពលរដ្ឋចំនួន២២គ្រួសារ។ ខេត្តពោធិ៍សាត់ កែសម្រួលផ្ទៃដី៣.៤៤៨ហិចតា ចេញពីតំបន់បីចូលមកតំបន់ពីរនៃបឹងទន្លេសាប និងជូនប្រជាពលរដ្ឋចំនួន១.៦៥៨គ្រួសារ។
កិច្ចការ៣សំខាន់ ដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ធ្វើ រួមមាន កិច្ចការទី១ កាត់ឆ្វៀលដីតំបន់ពីរឬតំបន់បី សម្រាប់ទីតាំងដែលមានប្រជាជនរស់នៅជាក់ស្តែង ឱ្យកើតជាភូមិករ ឃុំ ស្រុក មានទីវត្តអារាម ពិនិត្យពិចារណា ដោយផ្អែកលើភូមិសាស្ត្រជាក់ស្តែងនៃខេត្តនីមួយៗ ហើយភូមិខ្លះបានកើតយូរមកហើយ។
កិច្ចការទី២ កែសម្រួលព្រំប្រទល់តំបន់ពីរ និងបីឡើងវិញ ទៅផ្អែកតាមស្ថានភាពជាក់ស្តែងជាពិសេសការពារផ្ទៃដីលិចទឹក។
សម្តេចបានបញ្ជាក់ថា “ទីតាំងដែលពលរដ្ឋអាស្រ័យផល នៅទីនោះរាប់សិបឆ្នាំហើយនោះ មិនមែនជាពួកថៅកែដែលបានដកហូត ត្រូវរក្សានិងចេញកម្មសិទ្ធិជូនពលរដ្ឋ”។ សម្តេចថ្លែងថា “សម្រាប់ប្រជាជនដែលបានអាស្រ័យផលនៅក្នុងតំបន់នេះ ដែលគ្មានកន្លែងដ៏ទៃទៀត ចាំបាច់ត្រូវធ្វើការកែសម្រួល ដោយកែសម្រួលលិខិតបទដ្ឋានគតិយុត្ត និងកែសម្រួលបង្គោលព្រំដែនដែលអាចរើបង្គោលពីតំបន់បី ទៅជាតំបន់ពីរ ឬកែតំបន់ពីរជាតំបន់មួយតែម្តង”។
អាជ្ញាធរបឹងទន្លេសាប សហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបណ្តាខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ដើម្បីពិនិត្យមើលថាតើតំបន់ណា ដែលចាំបាច់ត្រូវបូមស្តារ ដើម្បីអភិរក្សនិងរក្សាពូជត្រីនៅក្នុងបឹងទន្លេសាប។
សម្តេចបានថ្លែងថា “ជារៀងរាល់ឆ្នាំ ដីល្បាប់ហូរចូល ជាមួយស្លឹកឈើជ្រុះ ធ្វើឱ្យតំបន់បឹងទន្លេសាបរាក់ពីមួយថ្ងៃទៅមួយថ្ងៃ”។
សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដឹកនាំអាជ្ញាធរពាក់ព័ន្ធក្នុងការកែសម្រួលព្រំប្រទល់តំបន់ពីរ និងបីនេះ៕