តើលោកឧត្តមសេនីយ៍ឯកបណ្ឌិតហ៊ុន ម៉ាណែត មានការតស៊ូ និងបានសិក្សាលើជំនាញអ្វីខ្លះនៅលើឆាកអន្តរជាតិ?

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ជាបុគ្គលរឹងមាំម្នាក់ចាប់តាំងពីចាប់កំណើត រហូតដល់ពេលមួយត្រូវបែកពីលោកឪពុកយ៉ាងយូរ ទម្រាំបានជួបឪពុកវិញ ហើយហៅឪពុកថា “ពូ” លោកឧត្តមសេនីយ៍ឯកបណ្ឌិតហ៊ុន ម៉ាណែត មានប្រវត្តិតស៊ូ ការសិក្សា និងភាពអង់អាចក្លាហានដ៏គួរឲ្យចាប់អារម្មណ៍បំផុត។

ផ្តើមចេញពីភាពជាអ្នកដឹកនាំខ្លួនឯងទាំងវ៏យក្មេង ដឹកនាំយុវជន កងកំលាំងប្រដាប់អាវុធ និងកងអង្គរ័ក្សសម្តេចតេជោ ដឹកនាំក្រុមសិស្ស និស្សិត និងបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ក្នុងការប្រយុទ្ឋប្រឆាំងនឹងជំងឺកូវីដ១៩ បានធ្វើឲ្យបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគតនេះទទួលបានប្រជាប្រិយភាព និងការគោរពយ៉ាងខ្លាំងពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ត្រូវបានសមាជិក សមាជិកាគណៈកម្មាធិការកណ្តាល បោះឆ្នោតគាំទ្រជាបេក្ខភាព នាយករដ្ឋមន្ត្រីនាពេលអនាគត កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។

លោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ លោក ម៉ាណែត បានចាប់កំណើតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបវាលពិឃាតដ៏ឃោរឃៅគ្រប់គ្រងដោយ ប៉ុល ពត និងបក្ខពួក។ ពេលលោកចាប់កំណើតក្នុងផ្ទៃបានប្រមាណ៥ខែ ឪពុករបស់លោក គឺសម្តេចតេជោ ហ៊ុន សែន ក៏បានភាសខ្លួនយកជីវិតផ្សងនឹងគ្រោះថ្នាក់ ទៅកាន់ប្រទេសវៀតណាម ស្វែងរកការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។

លោក ហ៊ុន ម៉ាណែត បានកើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ ហើយត្រូវលាក់ខ្លួនពួនអាត្មា និងលាក់ប្រវត្តិជាមួយម្តាយ នៅក្នុងស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្នជាខេត្តត្បូងឃ្មុំ។ លោក ម៉ាណែត និងម្តាយ គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវលក់លាក់ប្រវត្តិនៅក្នុងស្រុកមេមត់រយៈពេលជិត២ឆ្នាំ។ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបាយវាយផ្តួលរំលំនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ លោក ម៉ាណែត និងម្តាយ បានឡើងមករាជធានីភ្នំពេញ ដើម្បីជួបជុំជាមួយឪពុក គឺសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩។

បន្ទាប់ពីបានជួបជុំគ្រួសារ លោក ហ៊ុន ម៉ាណែត ទទួលបានការបីបាច់ថែរក្សាយកចិត្តទុកដាក់បំផុតពីឪពុក និងម្តាយ។ លោក ក៏ត្រូវបានឪពុកយកចិត្តទុកដាក់ខ្ពស់បំផុត លើការសិក្សាអប់រំ រហូតក្លាយជាសិស្សឆ្នើមមួយរូប។

លោក ហ៊ុន ម៉ាណែត បានក្លាយជាសិស្សពូកែគណិតវិទ្យាទូទាំងប្រទេសចំណាត់ថ្នាក់លេខ១ ក្នុងឆ្នាំសិក្សា១៩៩២-១៩៩៣ មកពីវិទ្យាល័យភ្នំដូនពេញ។

ក្រោយបញ្ចប់ការសិក្សាចំណេះដឹងទូទៅ នៅក្នុងរាជធានីភ្នំពេញនាដើមទសវត្សរ៍ឆ្នាំ១៩៩០ លោក ហ៊ុន ម៉ាណែត ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន ជាឪពុកបញ្ជូនទៅសិក្សារៀន សូត្រក្រេបចំណេះវិជ្ជានៅសហរដ្ឋអាមេរិក ក្នុងវ័យប្រមាណ១៦ឆ្នាំ។

ការរស់នៅលើទឹកដីសហរដ្ឋអាមេរិក ជាពេលវេលាដែលលោក ហ៊ុន ម៉ាណែត បានលត់ដំខ្លួន និងម្ចាស់ការលើការរស់នៅ ដោយឃ្លាតឆ្ងាយពីឪពុក ម្តាយ មិនមានការមើលខុសត្រូវ ដិតដល់ដូចពេលរស់នៅក្នុងប្រទេសទៀតនោះឡើយ។ បើទោះរស់នៅ ដោយមិនមានការមើលថែស្តីប្រដៅដោយផ្ទាល់ពីឪពុកម្តាយ ក៏លោក ហ៊ុន ម៉ាណែត ជាកុលបុត្រខ្មែរ ដែលមានអត្តចរិត និងស្មារតីស្រឡាញ់ការសិក្សាខ្ពស់ ហើយបានស្វាធ្យាយប្រឹងប្រែងសិក្សារៀនសូត្ររហូតបញ្ចប់ការសិក្សា នៅសាលាល្បីៗរបស់អាមេរិកដូចជាសាលាយោធា West Point ជាដើម។

លោកហ៊ុន ម៉ាណែត ដើមឡើយគេតែងគិតថា លោកជាអ្នកដែលទទួលបានការតម្រង់ទិស លើការសិក្សារៀនសូត្រពីសម្តេចតេជោ ហ៊ុន សែន ដើម្បីជាការតម្រែតម្រង់ ឈានឆ្ពោះទៅកាន់តំណែងណាមួយលើកិច្ចការជាតិ។

ប៉ុន្តែការគិតនេះ បានផ្ទុយស្រឡះ ហើយក៏នាំឱ្យមានការភ្ញាក់ផ្អើលផងដែរ នៅពេលសម្តេចតេជោ ហ៊ុន សែន បានទម្លាយលិខិតសម្ងាត់មួយច្បាប់នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។ លិខិតសម្ងាត់នេះ គឺជាលិខិតរបស់លោក ហ៊ុន ម៉ាណែត ក្នុងវ័យត្រឹមតែ១៦ឆ្នាំ សរសេរសុំការអនុញ្ញាតពីឪពុក ដើម្បីរៀនមុខវិជ្ជាដែលខ្លួនបានគិតទុកមុនរួចជាស្រេច។

ដើមឡើយគេដឹងត្រឹមថា លោក ហ៊ុន ម៉ាណែត បញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យយោធាអាមេរិក West Point, ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេសប៉ុណ្ណោះ។ តែតាមរយៈលិខិតសម្ងាត់ ដែលសម្តេចតេជោ ហ៊ុន សែនបានទម្លាយ លោក ហ៊ុន ម៉ាណែត ក៏បានលួចសិក្សារៀនសូត្រ លើមុខវិជ្ជាវិទ្យាសាស្ត្រនយោបាយផងដែរ។

ការសិក្សាលើវិជ្ជាវិទ្យាសាស្ត្រនយោបាយនេះ លោកស្នើសុំឪពុកមិន  ឱ្យប្រាប់នរណានោះឡើយ។

មិនត្រឹមតែជាបញ្ញវន្ត បញ្ចប់ការសិក្សានៅសាលាល្បី កម្រិតអន្តរជាតិប៉ុណ្ណោះទេ លោក ហ៊ុន ម៉ាណែត ក៏ជាបញ្ញវន្តដែលបានប្រឡូកជាមួយការងារជាក់ស្តែងយូរឆ្នាំ ទាំងក្របខណ្ឌបក្ស ក្របខណ្ឌយោធា និងក្របខណ្ឌមនុស្សធម៌។ ជាពិសេសលោក ហ៊ុន ម៉ាណែត ជាបញ្ញវន្តទទួលបានការបណ្តុះបណ្តាល និងទទួលបទពិសោធន៍ ពីសាស្ត្រាចារ្យដ៏ខ្លាំងពូកែម្នាក់ទៀត គឺសម្តេចតេជោ ហ៊ុន សែន ដែលជាឪពុករបស់ខ្លួននោះ។

តាមរយៈបទពិសោធន៍ការងារ និងការដុសខាតលុតដំដោយផ្ទាល់ពីឪពុករបស់ខ្លួនផងនោះ លោក ហ៊ុន ម៉ាណែត ត្រូវបានគេមើលឃើញថា គឺជាអ្នកបន្តវេនដ៏ស័ក្តិសម និងខ្លាំងពូកែមួយរូបនៅកម្ពុជា ដែលអាចធានារក្សាបាននូវសុខសន្តិភាព ស្ថេរភាព ហើយនាំមកនូវវឌ្ឍនភាព និងកិត្យា​នុភាពជាបន្តសម្រាប់កម្ពុជា។

ចំណុចទាំងអស់នេះហើយ ដែលនាំឱ្យការប្រកាសដាក់លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី មកពីគណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ពីថ្នាក់ដឹកនាំ សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា។ មិនត្រឹមតែថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សប៉ុណ្ណោះទេ ប្រជាពលរដ្ឋខ្មែរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សុទ្ធតែបានបង្ហាញការគាំទ្រ ចំពោះវត្តមានរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន៕ ប្រភពFreshnews៕

LEAVE A REPLY

Please enter your comment!
Please enter your name here