ដោយ៖ សុផារី
ព្រះសីហនុ ៖ គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី១ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២២នេះ ដើម្បីឱ្យកប៉ាល់ដែលមានសមត្ថភាពផ្ទុកកុងតឺន័ររហូតដល់ជាង៤ពាន់កុងតឺន័រចូលចតបាន ដែលក្នុងពេលនោះ កប៉ាល់ប្រមាណ៩៣ភាគរយនៃកប៉ាល់ក្នុងតំបន់អាស៊ី អាចចូលចតនៅកម្ពុជាបាន ។
លោក ថៃ ឬទ្ធី អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកកំពង់ផែជាទិសដៅ នៃតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម សម្រាប់ការពង្រីកការដឹកជញ្ជូនទំនិញ ទៅកាន់ទីផ្សារ បណ្តាប្រទេសក្នុងតំបន់និងពិភពលោកទាំងមូល ខណៈក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាមានវិសាលភាពយ៉ាងធំធេង ជាពិសេសការលើកដាក់ទំនិញនៅកំពង់ផែក្រុងព្រះសីហនុ កំពុងមានសកម្មភាពយ៉ាងមមាញឹកជាមួយនឹងបទពិសោធន៍ និងមានការទទួលខុសត្រូវខ្ពស់របស់កំពង់ផែ។
លោកបានបន្តថា ថ្នាក់ដឹកនាំកំពង់ផែ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់អភិវឌ្ឍកំពង់ផែ ឱ្យក្លាយទៅជាកំពង់ផែដែលអាចឱ្យនាវាធំៗលំដាប់ពិភពលោកចេញចូលបាន ដើម្បីទាក់ទាញវិនិយោគិនបន្ថែម និងចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនតាមផ្លូវសមុទ្រ ។ បច្ចុប្បន្ននេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ អនុញ្ញាតឱ្យនាវាចូលចតមានជម្រៅទឹកត្រឹមតែ៩,២ម៉ែត្រចេញចូលនៅទីនេះបាន ដែលមានន័យថា កំពង់ផែអាចអនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចូលចតបានប្រមាណតែ១៨ភាគរយប៉ុណ្ណោះ ដោយ ក្នុងចំណោម១០០កប៉ាល់អាចចូលចតបានតែ១៨ ឬ១៩កប៉ាល់ និងអនុញ្ញាតឱ្យនាវាដែលផ្ទុកកុងតឺន័របានតែ១៥០០ប៉ុណ្ណោះ។
លោកបានបន្ថែមថា ដូច្នេះដើម្បីធ្វើសមាហរណកម្មវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ទាំងក្នុងតំបន់និងទូទាំងពិភពលោកឱ្យកាន់តែល្អប្រសើរ កំពង់ផែបានដាក់ចេញគម្រោងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដោយរួមមាន គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី១ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២២នេះ ហើយគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៥ មានប្រវែង៣៥០ម៉ែត្រ និងជម្រៅទឹក១៤,៥ម៉ែត្រ ដោយទទួលបានប្រាក់កម្ចីជាង២០០លាន ដុល្លារពីរដ្ឋាភិបាលជប៉ុន ដែលនឹងធ្វើឱ្យតម្លៃដឹកជញ្ជូនទាបជាងមុន ហើយដែលតាមការប៉ាន់ស្មានតម្លៃដឹកជញ្ជូនអាចចុះជាង២០០ដុល្លារ ក្នុងមួយកុងតឺន័រ។
លោកមានប្រសាសន៍ថា “អ្វីដែលជាការគិតនិងជាបំណង ដែលបំណងនោះនឹងក្លាយជាការពិតនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ គឺយើង នឹងចាប់ផ្តើមសាងសង់កំពង់ផែដែលមានជម្រៅទឹក១៤,៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រនៅចុងឆ្នាំ២០២២នេះនឹងចាប់ផ្ដើមការសាងសង់ ហើយបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៥ មានន័យថារយៈពេល៣ឆ្នាំសម្រាប់ការសាងសង់ ដូច្នេះប្រសិនបើយើងសាងសង់ផែដែលមានជម្រៅទឹក១៤,៥កន្លះ តាមការសិក្សាពីក្រុមជំនាញការ JICAរបស់ជប៉ុន ក៏ដូចជាអ្នកជំនាញរបស់កំពង់ផែ គឺយើងអនុញ្ញាតឱ្យនាវា៩៣ភាគរយ នៃនាវាដែលធ្វើនាវាចរណ៍នៅក្នុងតំបន់ប៉ាស៊ីហ្វិក អាចចេញចូលកំពង់ផែកម្ពុជាបាន នេះប្រសិនបើយើងសាងសង់ផែ១៤,៥ម៉ែត្ររួចរាល់ នៅចុងឆ្នាំ២០២៥”។
បន្ថែមពីនេះ លោក ថៃ ឬទ្ធី បានមានប្រសាសន៍បន្ថែមថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយរដ្ឋាភិបាលជប៉ុន ក្នុងការផ្ដល់កម្ចីសម្បទានដល់កម្ពុជាសម្រាប់ការអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅជំហានទី២និងជំហានទី៣បន្ថែមទៀត ខណៈដែលគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី២ មានប្រវែង៤០០ម៉ែត្រ និង ជម្រៅទឹក១៦,៥០ម៉ែត្រ គ្រោងបញ្ចប់នៅឆ្នាំ២០២៨ និងគម្រោងជំហានទី៣មានប្រវែង៤៣០ម៉ែត្រ និងជម្រៅទឹក១៧,៥០ម៉ែត្រ គ្រោងបញ្ចប់នៅក្នុងឆ្នាំ២០៣០ ដើម្បីបំពេញតម្រូវការនៃការកើនឡើងបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែនេះ ជាមួយនឹងការព្យាករណ៍កំណើនផលិតផល ក្នុងស្រុកសរុប(GDP)របស់កម្ពុជាផងដែរ៕