ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកស្រីមិឈិកូ កាន់ហ្សាគិបានធ្វើតាមបណ្តារបស់ស្វាមី មុនពេលលោកស្លាប់ ដែលបានផ្តាំអ្នកស្រីឲ្យបរិច្ចាកដីទំហំចន្លោះពី២ទៅ៣ហិកតា ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញ សាងសង់សួនសាធារណៈសម្រាប់ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ មានកន្លែងលំហែរកំសាន្ត។
ស្ត្រីជប៉ុន ជាអតីតភរិយាពាណិជ្ជករជប៉ុនម្នាក់ បានសម្រេចបរិច្ចាគផ្ទៃដីទំហំខាងលើ ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យឱ្យទៅរដ្ឋបាលរាជធានី-ភ្នំពេញ ដើម្បីរៀបចំសួនដើមឈើ សម្រាប់សាធារណជន។
-->
លោក កូជិ កាន់ហ្សាគិ ជាពាណិជ្ជករជប៉ុនដែលរស់នៅស្រុកខ្មែរច្រើនឆ្នាំមុនពេលស្លាប់ បានប្រាប់ទៅភរិយារបស់លោក គឺលោកស្រី មិឈិកូ កាន់ហ្សាគិ ធ្វើជំនួយសប្បុរសធម៌ជាផ្ទៃទំហំ២-៣ ហិកតាឱ្យដល់សាលាក្រុងភ្នំពេញ។
កិច្ចព្រមព្រៀងស្ដីពីការប្រគល់ និងទទួលដីនេះ បានធ្វើឡើងកាលពីថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២២។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ធ្វើឡើងដោយលោកហុក ហួលីម នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ និងលោកស្រី មិឈិកូ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
លោក ម៉េត មាសភក្ដី ជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីព្រឹកមិញ ពីគោលបំណងរបស់កម្មវិធី ការប្រគល់ជូន និងកិច្ចព្រមព្រៀងនេះថា “នេះជាជំនួយរបស់សប្បុរសជន ជនជាតិជប៉ុន លោក កូជិ កាន់ហ្សាគិ ដែលពីដើមគាត់ជាពាណិជ្ជករ គាត់បានមករស់នៅស្រុកខ្មែរច្រើនឆ្នាំហើយ ហើយគាត់ក៏មានធ្វើសកម្មភាព ចូលរួមក្នុងន័យសប្បុរសធម៌ក៏ច្រើនលើក”។
លោកបានបន្តទៀតថា អ្វីដែលជារឿងពាក់ព័ន្ធ ជាមួយទីតាំងសួននេះ បើទោះជាគាត់បានខូចហើយ តែគាត់បានផ្ដល់ជូន តាមរយៈក្រុមគ្រួសាររបស់គាត់។ គាត់ប្រគល់មកជាដីទទេទេ ដែលមានទំហំ២-៣ ហិកតាឱ្យសាលារាជធានីគ្រប់គ្រង ហើយនឹងរៀបចំទៅជាសួនដើមឈើ ល្អដល់បរិ ស្ថាន និងជាខ្យល់ដង្ហើម ដែលជាគោលបំណងរបស់គាត់ ជាការចូលរួមនៅក្នុងកម្ពុជាដោយក្ដីស្រឡាញ់ដល់ប្រទេសខ្មែរយើង។
ទោះជាយ៉ាងណា សាលារាជធានីភ្នំពេញ មិនទាន់មានផែនការជាក់លាក់នៅឡើយទេ៕