ដោយៈសុផារី
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិធំៗថ្មីចំនួន៣ ត្រូវបានកំណត់ពេល ដើម្បីបើកប្រតិបត្តិការរសេវាកម្ម ទទួលអ្នកដំណើរ ក្រោយវិស័យអាកាសចរណ៍កម្ពុជាពេលនេះ កំពុងដំណើរការឡើងវិញ ជាពិសេសនៅក្នុងឆ្នាំ២០២២នេះ និងឆ្នាំ២០២៣ក្រោយ។
នេះបើតាមការថ្លែងរបស់លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅក្នុងសិក្ខាសាលាស្តីពីការបញ្ជ្រាបការយល់ដឹង ការគ្រប់គ្រងព័ត៌មានអាកាសចរណ៍ សម្រាប់អ្នកបង្កើតទិន្នន័យអាកាសចរណ៍ រៀបចំដោយក្រុមហ៊ុនសេវាកម្មចរាចរណ៍ផ្លូវអាកាសកម្ពុជា (Cambodia Air Traffic Service (CATS)) នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ។
លោកបណ្ឌិតម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ថា វិស័យអាកាសចរស៊ីវិលរបស់កម្ពុជា មានការរីកចម្រើនឥតឈប់ឈរ រហូតដល់ឆ្នាំ២០២០ ដោយសារមានការរាំងស្ទះ ដោយព្រឹត្តិការណ៍រាតត្បាតសកល នៃជំងឺកូវីដ១៩ ដែលមិនធ្លាប់មានពីមុនមក។
ទោះជាយ៉ាងនេះក្តី លោកបានអះអាងថា វិស័យអាកាសចរណ៍ពេលនេះកំពុងដំណើរការឡើងវិញ ជាពិសេសឆ្នាំនេះ និងឆ្នាំក្រោយ អាកាសយានដ្ឋានអន្តរជាតិធំៗថ្មីចំនួន៣ ត្រូវបានកំណត់ពេល ដើម្បីបើកប្រតិបត្តិការរសេវាកម្មទទួលអ្នកដំណើរ។
លោកថា “ដូច្នេះហើយ វិស័យអាកាសចរណ៍ត្រូវការបច្ចេកវិទ្យា និងគំនិតថ្មីៗ ដែលដំណើរការដោយទិន្នន័យ អាកាសចរណ៍មានគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការចរាចរណ៍កាន់តែខ្ពស់ ខណៈពេលដែលការរក្សាប្រតិបត្តិការដែនអាកាស ត្រូវការឲ្យកាន់តែមានសុវត្ថិភាពថែមទៀត”។
លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ទិន្នន័យអាកាសចរណ៍ដែលខូច ឬខុស ដែលប្រើលើក្រដាស អាចប៉ះពាល់ដល់សុវត្ថិភាព នៃការធ្វើចរាចរណ៍តាមផ្លូវអាកាស។ ហេតុដូចនេះ ចាំបាច់យើងត្រូវធ្វើពីការប្រែទិន្នន័យព័ត៌មានអាកាសចរណ៍លើក្រដាស ទៅជាទិន្នន័យព័ត៌មានអាកាសចរណ៍ តាមបែបឌីជីថល។ ការបោះពុម្ពផ្សាយព័ត៌មានអាកាសចរណ៍ ចេញដោយប្រទេសនីមួយៗ ដែលមានទិន្នន័យអាកាសចរណ៍ និងព័ត៌មានច្បាស់លាស់ ចាំបាច់ណាស់សម្រាប់ការនាំផ្លូវអាកាស។
លោកបញ្ជាក់ថា មុខងារចម្បងនៃការផ្លាស់ប្តូរពីប្រពន្ធ័ Aeronautical Information Service-AIS និង Aeronautical Information Management-AIM មិនគួរមើលរំលង និងគួរផ្តល់អាទិភាពខ្ពស់។ ម្យ៉ាងទៀត ការផ្លាស់ប្តូរនិងតម្រូវការនៃការគ្រប់គ្រងព័ត៌មាន អាកាសចរណ៍តាមបែប AIM មានការណែនាំ និងចែងនៅក្នុងផែនការរនាំផ្លូវអាកាសសកលរបស់ អង្គការអាកាសចរស៊ីវិលអន្តរជាតិ -ICAO (GANP) និងបានកំណត់នៅក្នុង ផែនការនាំផ្លូវអាកាសអាស៊ានផងដែរ៕