ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ដើមឆ្នាំ២០២២នេះ កម្ពុជាបន្តអនុម័តគម្រោងវិនិយោគជាបន្តបន្ទាប់ឡើងវិញ និងមានសន្ទុះកាន់តែកើនឡើងក្នុងនោះ រយៈពេល៣ខែចុងក្រោយនេះ ពោលគឺចាប់តាំងពីដើមខែមីនា ដល់ដំណាច់ខែឧសភា ២០២២នេះ កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន៣១ ដែលខេត្តកំពង់ស្ពឺទទួលបានគម្រោងច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ។
តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបូកដោយ Property area បានបង្ហាញថា គម្រោងទាំង៣១ដែលបានអនុម័តក្នុងរយៈពេល៣ខែចុងក្រោយនេះ ឃើញថាភ្នំពេញទទួលបានគម្រោងវិនិយោគច្រើនជាងគេគឺចំនួន១០គម្រោង ហើយកំពង់ស្ពឺមានចំនួន៨គម្រោង ក្រៅពីនោះ មាននៅខេត្តព្រះសីហនុចំនួន៥គម្រោង តាកែវ៤គម្រោង កណ្ដាល២គម្រោ ស្វាយរៀង២គម្រោង និងកំពង់ចាម១គម្រោង ។
មិនខុសពីអ្វីដែលអ្នកជំនាញ នៃវិស័យអចលនទ្រព្យមើលឃើញពីសក្ដានុពលវិនិយោគ នៅក្នុងខេត្តកំពង់ស្ពឺថា នឹងមានការទាក់ទាញទៅលើរោងចក្រឧស្សាហកម្មកាន់តែច្រើនបន្ថែមទៀត ។
ប្រធានសាខារបស់ Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺបានឱ្យដឹងថា តម្រូវការដីធ្លីសម្រាប់ប្រើប្រាស់នៅក្នុងខេត្តនេះ ពិតជាមានកំណើនច្រើនមែនរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយកំណើនរោងចក្រថ្មីៗ នៅក្នុងខេត្តនេះក៏មានច្រើនដែរ ។
លោកប៊ូ សេងហូ អ្នកជំនាញប្រចាំខេត្តមួយនេះ បានលើកឡើងកាលពីកូវីដ១៩ តំបន់មួយចំនួនបានផ្អាកការសាងសង់រោងចក្រ តែក្រោយស្ថានភាពមានភាពប្រសើរ ឃើញថាតំបន់នោះបានកម្រើកឡើងវិញ ក្នុងនោះយើងមើលឃើញថាស្រុកគង ពិសីមានការទិញលក់ដីធ្លី និងមានសកម្មភាពសាងសង់រោងចក្រច្រើនជាងគេ ។
ចំណែកលោកវ៉ា វីរៈ អ្នកជំនាញអចលនទ្រព្យអន្តរជាតិក៏បានលើកឡើងថា បណ្ដាខេត្តខាងភ្នំពេញ នឹងមានតម្រូវការនិងការវិនិយោគច្រើននៅពេលអនាគត ដូច្នេះអ្នកវិនិយោគដីធ្លី អាចងាកទៅទិសខាងលិច ដើម្បីទទួលបានប្រាក់ចំណេញ នៅពេលអនាគត៕