ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្នុងគោលដៅពង្រឹងបច្ចេកទេស គុណភាព រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិ បច្ចេកទេសសំណង់ ហៅកាត់ថា ក.ជ.ប.ស ដើម្បីសិក្សាស្រាវជ្រាវ និងអភិវឌ្ឍបទប្បញ្ញត្តិជាតិបច្ចេកទេសសំណង់ឲ្យមានប្រសិទ្ធភាព និងនិរន្តភាពស្របតាមស្មារតីមាត្រា១១ នៃច្បាប់ស្តីពីសំណង់។

-->
ការបង្កើតក្រុមប្រឹក្សាជាតិនេះ ធ្វើឡើងតាមរយៈអនុក្រឹត្យលេខ ១០៣ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។
ក្រុមប្រឹក្សាជាតិនេះ មានសមាសភាពសរុបប្រមាណ២៦រូប ដែលមានរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន។
តាមរយៈអនុក្រិតបានបង្ហាញថា ក្រុមការងារពិសេសនេះ មានតួនាទីសំខាន់ក្នុងការរៀបចំ និងដាក់សំណើជូនរាជរដ្ឋាភិបាល ដើម្បីដាក់ឲ្យប្រើប្រាស់បទប្បញ្ញត្តិជាតិបច្ចេកទេសសំណង់ ព្រមទាំងធ្វើការតាមដានការអនុវត្ត កំណត់វិធានគោលការណ៍ ក្នុងការសិក្សាស្រាវជ្រាវលើបទដ្ឋានបច្ចេកទេសសំណង់ និងបទប្បញ្ញត្តិបច្ចេកទេសសំណង់។
ក.ជ.ប.ស អាចធ្វើកិច្ចសហប្រតិបត្តិ បណ្តុះបណ្តាល ផ្សព្វផ្សាយដល់ក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល វិស័យឯកជន អ្នកវិជ្ជាជីវៈ និងសាធារណៈជនអំពីបទប្បញ្ញត្តិបច្ចេកទេសសំណង់។
អនុក្រឹត្យនេះ ក៏មានសមាសភាពចូលពីតំណាង វិស័យឯកជនចូលរួមផងដែរ ដូចជា សមាគមអ្នកសាងសង់កម្ពុជា សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងតំណាងគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានស្រាវជ្រាវពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕