ដោយៈ សុខុម
ឌូបៃ: វិស័យទេសចរណ៍ទូទាំងពិភពលោកបាន និងកំពុងងើបឡើងវិញ ដោយទំហំនៃការចំណាយអាចមាន រហូតដល់៨,៦ទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២។ នេះបើយោងតាមលទ្ធផលនៃការស្ទាបស្ទង់មួយ។
ការស្ទង់មតិរួមគ្នាដែលធ្វើឡើង ដោយវេទិកាក្រុមប្រឹក្សាទេសចរណ៍ពិភពលោក (World Travel & Tourism Council) និងក្រុមហ៊ុនប្រឹក្សាយោបល់ និងវិភាគសេដ្ឋកិច្ចឈានមុខគេ Oxford Economics បានបង្ហាញថា វិស័យទេសចរណ៍បានរួមចំណែករហូត ដល់ទៅ២១,៧%នៃផលទុនជាតិសរុប (GDP) ទូទាំងពិភពលោកក្នុងឆ្នាំ២០២១ បន្ទាប់ពីបានដាំក្បាលចុះយ៉ាងខ្លាំង ក្នុងឆ្នាំ២០២០ ដោយសារវិបត្តិកូវីដ-១៩។
ក្រុមប្រឹក្សាទេសចរណ៍ពិភពលោកបានគូសបញ្ជាក់ថា កំណើនទេសចរណ៍ក្នុងឆ្នាំ២០២២ នេះគឺមានសក្ដានុពលធំធេងណាស់។
អង្គការទេសចរណ៍ពិភពលោក នៃអង្គការសហប្រជាជាតិ (UNWTO) បានលើកឡើងតាមរយៈបាយការណ៍មួយថា ទោះបីជាវិស័យទេសចរណ៍ពិភពលោក បានបង្ហាញសញ្ញាងើបឡើងវិញយ៉ាងរឹងមាំ ក្នុងខែមករា ឆ្នាំ២០២២ យ៉ាងណាក្ដី ក៏សង្គ្រាមរុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន បានធ្វើឱ្យពិភពលោក ធ្លាក់ចូលក្នុងស្ថានភាពកាន់តែមិនប្រាកដប្រជា។
របាយការណ៍ដដែលនេះបានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរអន្តរជាតិទូទាំងពិភពលោក បានកើនឡើងលើសទ្វេដងក្នុងខែមករា ដើមឆ្នាំ២០២២ ដោយកើនឡើងរហូតដល់ទៅ១៣០% បើធៀបនឹងខែមករា ឆ្នាំ២០២១។ ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ ប្រមាណ១៨លាននាក់បន្ថែមទៀត ត្រូវបានកត់ត្រាទូទាំងពិភពលោកក្នុងខែមីនា ឆ្នាំនេះ៕ Arab News៕