ក្រុមហ៊ុនចិនទិញភាគហ៊ុនរបស់ Cambodia Angkor Air ក្រោយក្រុមហ៊ុនអាកាសចរណ៍វៀតណាមដកខ្លួនចេញ

0

ដោយ៖ សុខុម

ភ្នំពេញ: ក្រុមហ៊ុនមួយរបស់ប្រទេសចិន បានទិញយកភាគហ៊ុនក្នុងក្រុមហ៊ុនអាកាសចរណ៍កម្ពុជា Cambodia Angkor Air ក្រោយពីក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានលក់ភាគហ៊ុន ដើម្បីដកខ្លួនចេញពីក្រុមហ៊ុនកម្ពុជា។
នេះបើយោងតាមសារព័ត៌មានថៃ The Nation ចុះផ្សាយនៅថ្ងៃពុធ ទី៨ ខែមិថុនានេះ។

ទាក់ទិននឹងការទិញភាគហ៊ុននេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី-ប៉ាស៊ីហ្វិកកម្ពុជា (PATA-CC) មានប្រសាសន៍ថា ការរៀបចំឡើងវិញនូវភាគហ៊ុនិករបស់ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air នឹងធ្វើឱ្យក្រុមហ៊ុននេះមានលទ្ធភាពដើរតួនាទី ជាក្រុមហ៊ុនអាកាសចរណ៍ជាតិ នៅក្នុងការពង្រីកជើងហោះហើរទៅកាន់ទីក្រុងថ្មីៗ និងគោលដៅនានា ជុំវិញតំបន់ និងទូទាំងពិភពលោក។

អ្នកជំនាញរូបនេះធ្លាប់ បានលើកឡើងកាលពីមុនថា ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air មិនបានដំណើរការជាក្រុមហ៊ុនអាកាសចរណ៍ជាតិនោះទេ ដោយសារតែក្រុមហ៊ុននេះមិនបានតភ្ជាប់ទៅកាន់ទីក្រុង និងគោលដៅសំខាន់ៗផ្សេងទៀត ដែលអនុញ្ញាតឱ្យបណ្ដាក្រុមហ៊ុនអាកាសចរណ៍ឯកជនពង្រីកបណ្តាញរបស់ពួកគេនៅទីនោះ។

លោកបានបន្ថែមទៀតថា “ខ្ញុំមិនខ្វល់ថាអ្នកណាជាអ្នកទិញយកភាគហ៊ុននោះទេ ប៉ុន្តែវាពិតជាសំខាន់ ប្រសិនបើក្រុមហ៊ុនអាកាសចរណ៍នេះសម្រេចចិត្តធ្វើជាក្រុមហ៊ុនអាកាសចរណ៍ជាតិ។ ពួកគេគួរតែតភ្ជាប់ទៅកាន់ទីផ្សារធំៗ និងថ្មីៗដើម្បីបើកចំហគោលដៅសម្រាប់បណ្ដាក្រុមហ៊ុនអាកាសចរណ៍ឯកជនដើម្បីភ្ជាប់តាមក្រោយ”។

លោក ធួន ស៊ីណាន ក៏បានលើកឡើងពីការលក់ភាគហ៊ុន៣៥%របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines នៅក្នុងក្រុមហ៊ុន Cambodia Angkor Air ដើម្បីដកខ្លួនចេញតាមរយៈកិច្ចព្រមព្រៀងផ្ទេរភាគហ៊ុនដែលបានធ្វើឡើងកាលពីថ្ងៃទី៣១ ខែឧសភា ផងដែរ។

ទន្ទឹមនេះ លោក តឹករ៉េត សំរេច ប្រធានក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air បានលើកឡើងថា ការលក់ភាគហ៊ុនឱ្យទៅក្រុមហ៊ុនចិន នេះនឹងជួយឱ្យអាជីវកម្មរបស់ Cambodia Angkor Air កាន់តែរឹងមាំ។
នោះក៏ដោយសារតែក្រុមហ៊ុនចិន ដែលបានទិញយកភាគហ៊ុន៣៥% នៅក្នុងក្រុមហ៊ុន Cambodia Angkor Air មានជំនាញឯកទេសខាងអាកាសចរណស៊ីវិល និងជាក្រុមហ៊ុនរដ្ឋចិនធំបំផុតទី៣ ដែលធ្វើប្រតិបត្តិការក្នុងវិស័យទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here