ក្រុមអ្នកជំនាញទេសចរណ៍ស្វាគមន៍គំរោងសាងសង់ផ្លួវតភ្ជាប់ក្រុងសៀមរាបទៅកាន់ខេត្តបាត់ដំបង

0

ដោយៈជេស៊ីកា

បាត់ដំបង/ សៀមរាបៈ ក្រុមអ្នកជំនាញទេសចរណ៍ បានស្វាគមន៍ចំពោះគំរោងសាងសង់ផ្លួវមួយខ្សែ ប្រវែង៧០គីឡូម៉ែត្រតភ្ជាប់ រវាងទីក្រុងសៀមរាប និងក្រុងបាត់ដំបងនាពេលខាងមុខ។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកហូ វណ្ឌី បានមានប្រសាសន៍ឲ្យដឹងកាលពីយប់ថ្ងៃទី៩ មិថុនាតាមបណ្តាញទំនាក់ទំនងសង្គមថា ប្រសិនជាផ្លូវជាតិដ៏សំខាន់នេះ លេចរូបរាងឡើងនាពេលខាងមុខ ខេត្តបាត់ដំបងនឹងកាន់តែ មានសក្តានុពលទាក់ទាញ ភ្ញៀវទេសចរណ៍អន្តរជាតិកាន់តែច្រើនថែមទៀត ដោយសារខេត្តនេះមានសំណង់ប្រាសាទ មានអា​គារបន្សល់ពីសម័យបារាំងច្រើន មានសម្បត្តិវប្បធ៌ម និងធនធានធម្មជាតិជាច្រើនទៀត។

លោកបន្តថា “ខេត្តបាត់ដំបង បានជាប់ជាទីក្រុងបេតិកភ័ណ្ឌរបស់អាស៊ាន និងបានក្លាយជាទីតាំងមួយមានភាពទាក់ទាញកាន់តែខ្លាំង បន្ទាប់ពី​តារាភាពយន្តអេនជេលីណា ជូលីបានមកថតរឿងអ្នកណាសម្លាប់ឪពុកខ្ញុំ”។

លោកបន្តថា “ជាមួយគ្នានេះ អ្នកស្រីអេនជេលីណា ជូលីក៏បានមកជួយអភិវឌ្ឍន៍ និងអភិរ័ក្សធនធានធម្មជាតិនៅតំបន់សំឡូត ដែលបានជួយទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនមកកាន់តំបន់នេះផងដែរ”។

លោកហូ វណ្ឌីបានបន្តថា ក្រុមបាត់ដំបងជាមេដែកឆក់មួយ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍អឺរ៉ុប ពិសេសជនជាតិបារាំង ដែលបានមកទស្សនាសម្បត្តិបេតិកភ័ណ្ឌ និងសំណង់សម័យអាណានិគមជាច្រើន ដែលបានបង្អួតសម្រស់ និងភាពទាក់ទាញនៅទឹកដីនេះ។

ជាមួយគ្នានេះ លោកធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបានមានប្រសាសន៍ថា ការសាងសង់ផ្លូវនេះ ពិតជាមានសារៈសំខាន់ ដែលនឹងជួយប្រែក្លាយខេត្តនេះ ឲ្យកាន់តែមានភាពទាក់ទាញថែមទៀត។ លោកបន្តថា ផ្លូវនេះមិនត្រឹមសម្រួលលំហូរចរាចរណ៍ និងការធ្វើ​ដំណើរនោះទេ ព្រោះខេត់បាត់ដំបងប្រៀបដូចជា “គ្រាប់ពេជ្រមួយ” ដែលមានតម្លៃផ្នែកសាសនា និងវប្បធ៌ម។

លោកបន្តថា “នៅបាត់ដំបងមានរឿងរ៉ាវ គួរឲ្យចាប់អារម្មណ៍ច្រើនណាស់ ដែលសូម្បីតែប្រជាពលរដ្ឋខ្មែរក៏មិនបានដឹង ព្រោះក្រៅពីសំណង់​ប្រវត្តិសាស្រ្ត ខេត្តនេះមានអ្វីៗជាច្រើនទៀត”។លោកបន្តថា “សម្រាប់ខ្ញុំ ក្រៅពីសៀមរាប គឺទឹកដីបាត់ដំបងនេះហើយ ដែលមានសារៈសំខាន់សំរាប់ការតភ្ជាប់រវាងទីក្រុងទាំងពីរនេះ”។

កាលពីដើមសប្តាហ៍នេះ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានលើកឡើងពីគំរោងដាក់សំណើរស្នើសុំជំនួយចិន ដើម្បីសាងសង់ផ្លូវតភ្ជាប់រវាងទីក្រុងទាំងពីរនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here