ក្រុមហ៊ុនអាកាសចរណ៍ថៃវៀតចេតបង្កើនជើងហោះហើរពីភ្នំពេញ-បាងកក ក្រោយការបន្ធូរបន្ថយវិធានការរបស់ថៃ

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្រុមហ៊ុនអាកាសចរណ៍ថៃ VietJet បានបង្កើនជើងហោះហើរអន្តរជាតិរបស់ខ្លួន ភ្នំពេញ-បាងកក (សុវណ្ណភូមិ) ដោយបន្ថែមកាលវិភាគហោះហើរជាប្រចាំថ្ងៃ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរ VietJet នៅដើមខែមិថុនា ឆ្នាំ២០២២នេះ។

ដើម្បីឆ្លើយតបទៅនឹងកំណើននៃភ្ញៀវទេសចរ និងការបន្ធូរបន្ថយនៃការរឹតបន្តឹង ក្នុងការធ្វើដំណើរនៅទូទាំងពិភពលោក ក៏ដូចជាការដកចេញនូវវិធានការ ‘Test & Go’ នៅក្នុងប្រទេសថៃផងនោះ ក្រុមហ៊ុនអាកាសចរណ៍ វៀតចេត នឹងបង្កើនជើងហោះហើររបស់ខ្លួន ដោយមានកាលវិភាគហោះហើររហូតទៅដល់២ជើងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពីខែកក្កដា ឆ្នាំ២០២២នេះតទៅ ដែលនឹងភ្ជាប់ទំនាក់ទំនងប្រជាជន និងភ្ញៀវទេសចរ រវាងប្រទេសទាំងពីរ ជាមួយនឹងជម្រើសនៃការធ្វើដំណើរឱ្យកាន់តែភាពសម្បូរបែប និងងាយស្រួល។

លោក Woranate Laprabang នាយកប្រតិបត្តិ នៃក្រុមហ៊ុនអាកាសចរណ៍ថៃ វៀតចេត ក៏មានប្រសាសន៍ផងដែរថា “ផ្នែកឧស្សាហកម្មទេសចរណ៍ និងអាកាសចរណ៍ កំពុងស្ថិតក្នុងស្ថានភាពប្រសើរឡើងវិញ បន្ទាប់ពីការអាក់ខាន ដោយសារជំងឺរាតត្បាត កូវីដ-១៩។ សព្វថ្ងៃនេះ ប្រទេសជាច្រើនបានដកការរឹតបន្តឹង ក្នុងការធ្វើដំណើរ ដោយបើកព្រំដែនរបស់ពួកគេឡើងវិញ សម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ។

លោកបន្តថា ក្នុងនាមជាក្រុមហ៊ុននាំមុខគេ ក្នុងការស្តារទីផ្សារមួយនេះឡើងវិញ ក្រុមហ៊ុនអាកាសចរណ៍ វៀតចេត ក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការការបើកដំណើរការឡើងវិញ នៃជើងហោះហើរអន្តរជាតិរបស់យើង។

លោកថា”ចាប់តាំងពីខែឧសភា ឆ្នាំ២០២២មក យើងបានបង្កើនជើងហោះហើររវាងរាជធានីភ្នំពេញ និងទីក្រុងបាងកក ដោយផ្តល់ជូនប្រជាជន និងភ្ញៀវទេសចរពីប្រទេសកម្ពុជា និងប្រទេសថៃ នូវឱកាសកាន់តែច្រើនក្នុងការធ្វើដំណើរ ជាមួយនឹងសេវាកម្មប្រកបដោយផាសុកភាពរបស់យើង ក្នុងតម្លៃសមរម្យ”។

បច្ចុប្បន្ន អ្នកដំណើរ ដែលចូលទៅកាន់ប្រទេសថៃ មិនតម្រូវឱ្យមានវិញ្ញាបនបត្រធ្វើតេស្តិ៍កូវីដ-១៩ មុនពេលចូលប្រទេស ឬពេលមកដល់នោះទេ។  លើសពីនេះ អ្នកដំណើរមិនតម្រូវឱ្យធ្វើចត្តាឡីស័កពេលមកដល់  ដោយសារការដកចេញនូវវិធានការ ‘Test & Go’ ចាប់តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២មក​។

សម្រាប់វិស័យអាកាសចរក្នុងប្រទេសកម្ពុជាវិញក៏ឃើញថា ចាប់ផ្ដើមមានកំណើនខ្ពស់ឡើងវិញចាប់តាំងពីដើមឆ្នាំ២០២២នេះ ដោយអាកាសយានដ្ឋានអន្តរជាតិមួយចំនួនរបស់កម្ពុជា មានកំណើនខ្ពស់និងមានសកម្មភាពមមាញឹកឡើងវិញ។ ក្នុងនោះ កំណើនភ្ញៀវបរទេសចូលមកកម្ពុជាក៏កើនឡើងខ្ពស់ខ្លាំង ។ ជាក់ស្ដែងត្រឹមតែ៤ខែ ភ្ញៀវទេសចរបរទេសចូលមកកម្ពុជាច្រើនជាងភ្ញៀវទេសចរចូលមកកម្ពុជាពេញមួយឆ្នាំ២០២១ទៅហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here