ដោយៈគង់ សូរិយា
ភ្នំពេញៈ បង្កប់ខ្លួនកណ្តាលព្រៃនៃឧទ្យានជាតិ បុទុមសាគរ តំបន់អេកូទេសចរណ៍ធម្មជាតិជីផាត មានធម្មជាតិដ៏ស្រស់បំព្រង ទឹកធ្លាក់ដ៏ស្រស់ស្អាត អមដោយសម្លេងសត្វយំរំពងព្រៃ។
បើសិនជាអ្នកនិយមចូលចិត្តធម្មជាតិ និងចូលចិត្តដើរផ្សងព្រេង សហគមន៍ជីផាត ជាទីមនោរម្យ ដែលអ្នកបានទៅដល់ហើយ មានអារម្មណ៍ថា បានជួបទីឋានមួយ ដែលពួកគេអាចជម្រុះអស់នូវទុក្ខកង្វល់ ជាមួយការលំហែអារម្មណ៍ជាមួយធម្មជាតិ ដែលស្ងប់ស្ងាត់នៅជុំវិញពួកគេ។
ការជិះទូកកំសាន្ត ធ្វើដំណើរដោយត្រីចក្រយានយន្ត ដើរលេងតាមដងព្រៃ មើលទឹកធ្លាក់និងដើមឈើធំៗ ខៀវស្រងាត់ ពិតជានាំឲ្យអ្នកបានកំសាន្តជាមួយធម្មជាតិ ដែលមានតម្លៃ និងឆើតឆាយគួរឲ្យរំភើប។
លោក សាគុណ ភក្តី អនុប្រធានការិយាល័យព័ត៌មានទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានមានប្រសាសន៍ថា តំបន់អេកូទេសចរណ៍ជីផាត មានកន្លែងកម្សាន្តបែបធម្មជាតិជាច្រើន ដូចជា ផ្នូរបុរាណមានអាយុកាលប្រមាណ៥០០ឆ្នាំ ពាងបុរាណ មើលថ្ងៃលិចពីកំពូលភ្នំ មើលថ្ងៃរះ លេងទឹកជ្រោះដ៏ស្រស់ស្អាត ចាក់បង្កងពេលរាត្រី មើលអំពិលអំពែក ជិះទូកកម្សាន្តតាមដៃសមុទ្រ ជិះទូកកាយ៉ាក់តាមដងព្រែក ល្អាងប្រចៀវ អូរទឹកវេទ អូរពាមក្រវាញ អូរក្រូច អូរម្លូ វាលប្រាក់ វាលមាស ត្រពាំងកិត ដំណាក់ខុស ភ្នំត្រងោល ឆាយខ្ពស់ ឆាយជ្រៃ ហើយក៏ជាដែនជម្រកសត្វព្រៃ និងព្រៃទឹកភ្លៀងដ៏ធំមួយក្នុងតំបន់អាស៊ី-អាគ្នេយ៍។
នៅទីនោះគឺមានសុវត្ថិភាពខ្លាំងណាស់ ដោយមានការយកចិត្តទុកដាក់ខ្លាំង ពីអាជ្ញាធរមានសមត្ថកិច្ច។ ចំណែកម្ហូបអាហារក្នុងសហគមន៍ ក៏មានចុងភៅសម្រាប់ចម្អិនជូន រីឯកន្លែងស្នាក់ ក៏បានរៀបចំជាផ្ទះស្នាក់ និងបឹងកាឡូយ៉ាងស្រស់ស្អាត ប្រកបដោយគុណភាពខ្ពស់សម្រាប់ភ្ញៀវទេសចរ ដែលទៅលេងកម្សាន្ត។ ប្រសិនបើភ្ញៀវទេសចរចង់បានតង់ សម្រាកនៅក្នុងព្រៃ សហគមន៍ក៏មានចែកជូន ព្រមទាំងមានអ្នកមគ្គុទ្ទេសក៍ទេសចរណ៍ជួយណែនាំថែមទៀតដែរ ។
ជីផាតគឺជាតំបន់អេកូទេសចរណ៍មួយ ដែលគោលដៅគឺជាកន្លែងទេសចរណ៍បែបផ្សងព្រេង មានព្រៃភ្នំ មានទឹកជ្រោះនៅក្នុងព្រៃដែលគេអាចហៅបានថាជាលក្ខណៈ Adventure trip ត្រូវសម្រាកក្នុងព្រៃត្រូវស្នាក់នៅក្នុងព្រៃ ត្រូវដើរកម្សាន្តក្នុងព្រៃ មានមើលសត្វ មានជិះទូកតាមដងព្រែកជាដើម។
លោកសាគុណ ភ័ក្តីបានបញ្ជាក់បន្ថែមទៀតថា សហគមន៍អេកូទេសចរណ៍ជីផាត គឺស្ថិតក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ ប៉ែកនិរតីនៃប្រទេសកម្ពុជា បច្ចុប្បន្នបានក្លាយជារមណីយដ្ឋានធម្មជាតិ ចម្រុះអាចទស្សនាបានសម្រាប់មនុស្សគ្រប់វ័យ ជាពិសេសសម្រាប់អ្នក ដែលចូលចិត្តធ្វើដំណើរបែបផ្សងព្រេង។
“ជីផាត” ជាតំបន់សហគមន៍អេកូទេសចរណ៍ ដ៏ប្រណីតមួយ ស្ថិតនៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដែលបានទាក់ទាញភ្ញៀវទេសចររាប់រយនាក់ក្នុងមួយថ្ងៃៗ ឱ្យទៅកម្សាន្តនៅទីនោះ ហើយភ្ញៀវទេសចរ មានបំណងទៅលេងកម្សាន្តនៅទីនោះ អាចចេញដំណើរពីចំណុចអណ្តូងទឹកក្នុងស្រុកបទុមសាគរ កាត់តាមផ្លូវលំក្នុងព្រៃ ចម្ងាយប្រហែលជាង១៧គីឡូម៉ែត្រ ៕