ដោយៈគង់ សូរិយា
ភ្នំពេញៈ ទីភ្នាក់ងារជំនួយអាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ( USAID) ដែលតំណាងឲ្យរដ្ឋាភិបាលអាមេរិក បានប្រកាសអនុវត្តគម្រោងថ្មីមួយ ដែលមានឈ្មោះថា “USAID មរតកបៃតង” ក្រោមថវិកាសរុប ២៤ លានដុល្លារអាមេរិក និងមានរយៈពេល៥ឆ្នាំ។
គំរោងនេះ នឹងអនុវត្តន៍នៅតំបន់ការពារចំនួន៤ រួមមាន តំបន់កែវសីមា លំផាត់ សៀមប៉ាង និងតំបន់ជួរភ្នំក្រវាញ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ទីភ្នាក់ងារជំនួយអាមេរិកនៅថ្ងៃទី ១៦ មិថុនាកន្លងមកបានឱ្យដឹងថា តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID រដ្ឋាភិបាលសហរដ្ឋអាមេរិក បានគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដែលរស់នៅក្បែរតំបន់ការពារនានា អស់រយៈពេលជាង១ ទសវត្សរ៍មកហើយ។
គម្រោង “USAID មរតកបៃតង” នេះអនុវត្តដោយក្រុមហ៊ុន Tetra Tech ARD នឹងប្រើវិធីសាស្ត្រប្រព័ន្ធទីផ្សារ ដើម្បីគាំទ្រដល់ការអភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់កែវសីមា ក្នុងខេត្តមណ្ឌលគិរី តំបន់លំផាត់ក្នុងខេត្តរតនគិរី តំបន់សៀមប៉ាងក្នុងខេត្តស្ទឹងត្រែង និងតំបន់ជួរភ្នំក្រវាញ។
លោកBenjamin Wohlauer ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកថ្លែងថា សហរដ្ឋអាមេរិក ប្តេជ្ញាដោះស្រាយវិបត្តិអាកាសធាតុសកលជាមួយដៃគូរបស់កម្ពុជានានា។ គម្រោង USAID មរតកបៃតងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ជាច្រើន ដើម្បីបង្កើតឱកាសការងារ និងគំរូអាជីវកម្មវៃឆ្លាតចំពោះអាកាសធាតុ ដែលលើកកម្ពស់ការអភិរក្ស និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព សម្រាប់ប្រទេសកម្ពុជា។
លោកបន្តថា គម្រោង USAID មរតកបៃតងមានគោលបំណង ពង្រីកការលក់ឥណទានកាបូន នៅតំបន់កែវសីមា និងជួរភ្នំក្រវាញ ដើម្បីបង្កើនប្រាក់ចំណូល និងឱកាសការងារសម្រាប់សហគមន៍ ដែលពឹងអាស្រ័យលើព្រៃឈើ។ គម្រោងនេះនឹងគាំទ្រដល់និរន្តរភាព នៃមរតកព្រៃបៃតងរបស់ប្រទេសកម្ពុជា តាមរយៈការអភិវឌ្ឍប្រព័ន្ធទីផ្សារ ប្រកបដោយចីរភាព និងមានលក្ខណៈអំណោយផលដល់អាកាសធាតុ។
គម្រោង USAID មរតកបៃតង នឹងធ្វើការជាមួយសហគមន៍មូលដ្ឋាន អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីជួយប្រជាជនកម្ពុជាសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។
ជាមួយគ្នានេះ លោក កែវ សុជាតិ នាយកប្រតិបត្តិនៃអង្គការសន្សំម្លប់ព្រៃថ្លែងថា គំនិតផ្តួចផ្តើមជីវភាពរស់នៅ និងសកម្មភាពរបស់កម្មវិធីស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ (Ibis Rice ឬស្រូវត្រយង) បានផ្តល់អត្ថប្រយោជន៍ផ្ទាល់ដល់សហគមន៍មូលដ្ឋាន។
លោកបានបញ្ជាក់ថា “វាមានសារៈសំខាន់ណាស់ដែលយើង បន្តថែរក្សា និងការពារធនធានធម្មជាតិ ដែលសហគមន៍ទាំងនេះ ពឹងអាស្រ័យយ៉ាងខ្លាំងង”៕