កត្តាបីយ៉ាងជំរុញចរន្តទេសចរណ៍ខេត្តសៀមរាបឱ្យមានកំណើនខ្ពស់ក្នុងសប្តាហ៍កន្លងមក

0

ដោយ៖ សុផារី

ភ្នំពេញ៖ ចរន្តភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅខេត្តសៀមរាបមានការកើនឡើងច្រើន នាចុងសប្តាហ៍នេះ ថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២២នេះ ដែលជំរុញដោយកត្តាបីយ៉ាងសំខាន់ៗ។

ទិន្នន័យក្រសួងទេសចរណ៍ ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ បានបង្ហាញថា ភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២២ ដែលមានភ្ញៀវទេសចរចេញដើរទស្សនាទូទាំងប្រទេសសរុប៣៦៤.៦៣៦នាក់ ក្នុងនោះមានភ្ញៀវទេសចរធ្វើដំណើរកំសាន្តមកកាន់ខេត្តសៀមរាប៤៨.៨៦៧នាក់។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចុងសប្តាហ៍នេះ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ កាលពីថ្ងៃសៅរ៍ ចរន្តនៃការដើរកម្សាន្តរបស់ប្រជាពលរដ្ឋមានការប្រែប្រួលខ្លះធៀបនឹងចុងសប្តាហ៍កន្លងមក ដែលភ្ញៀវភាគច្រើនគឺជាភ្ញៀវក្នុងខេត្តផ្ទាល់ ឬភ្ញៀវមកខេត្តជិតៗ ដោយប្រជាពលរដ្ឋភាគច្រើនបានចេញធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នៅតាមបណ្តាខេត្តឆ្ងាយៗ ពិសេសបណ្តាខេត្តតំបន់ឆ្នេរ ខេត្តសៀមរាប និងបាត់ដំបងជាដើម។

លោកបន្តថា ពួកគាត់ខ្លះបានចេញដំណើរតាំងពីល្ងាចថ្ងៃសុក្រ និងត្រលប់ចូលមករាជធានីភ្នំពេញវិញនាល្ងាចនេះ។ អត្រាកក់បន្ទប់ស្នាក់នៅក៏មានចំនួនច្រើននាចុងសប្តាហ៍នេះ ពិសេសនៅកំពត កែប ព្រះសីហនុ និងខេត្តសៀមរាប។

លោកបានបន្តទៀតថា ទន្ទឹមនឹងនេះ បន្ទាប់ពីការបើកទទួលភ្ញៀវរបស់រមណីយដ្ឋានសួនបៃតងអង្គរ (អតីតរមណីយដ្ឋានភូមិវប្បធម៌) ខណៈដែលកន្លងមកអាជ្ញាធរជាតិអប្សរាក៏បានដាក់ឲ្យដំណើរការរមណីយដ្ឋានសួនរុក្ខជាតិអង្គរ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

លើសពីនេះ ភ្ញៀវទេសចរអន្តរជាតិនៅខេត្តសៀមរាបក៏មានការកើនឡើងមួយចំនួនដែរ បន្ទាប់ពីមានជើងហោះហើររវាងទីក្រុងសៀមរាប និងទីក្រុងហូជីមិញ (ព្រៃនគរ) ប្រតិបត្តិដោយក្រុមហ៊ុន Cambodia Angkor Air ដែលបានបើកដំណើរឡើងវិញកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីផ្អាកដំណើរការដោយសារវិបត្តិជំងឺកូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here