រដ្ឋាភិបាលត្រៀមដាក់ដំណើរការសាកល្បងកម្មវិធីដកពិន្ទុសម្រាប់បណ្ណបើកបរ ក្នុងករណីល្មើសច្បាប់ចរាចរណ៍

0

ដោយ៖​ សុផារី

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រៀមដាក់ដំណើរការសាកល្បងកម្មវិធីដកពិន្ទុសម្រាប់បណ្ណបើកបរ និងពិន័យបទល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលនឹងត្រូវកំណត់ដោយអគ្គស្នងការដ្ឋាននគរបាលជាតិ។

នេះបើតាមលទ្ធផលកិច្ចប្រជុំរវាងលោក ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និង លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ និងត្រៀមដាក់ឱ្យដំណើរការសាកល្បងកម្មវិធីដកពិន្ទុ សម្រាប់បណ្ណបើកបរ និងពិន័យបទល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យលើវឌ្ឍនភាពការងារ និងដាក់អនុវត្តយន្តការគ្រប់គ្រងមួយចំនួនដើម្បីធានាឱ្យបានប្រសិទ្ធភាព និងប្រសិទ្ធផលដើម្បីទប់ស្កាត់ និងកាត់បន្ថយបទល្មើសចរាចរណ៍ នាថ្ងៃអនាគត។

កម្មវិធីពិន័យបទល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងការដកពិន្ទុសម្រាប់បណ្ណបើកបរ នឹងត្រៀមដាក់ដំណើរការសាកល្បងនៅតាមគោលដៅ ដែលនឹងត្រូវកំណត់ដោយអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានមានប្រសាសន៍ថា បណ្ណបើកបររបស់ប្រជាពលរដ្ឋម្នាក់ៗ គឺមាន១២ពិន្ទុ ដូចនេះប្រសិនបើល្មើសច្បាប់ចរាចរណ៍អ្វីខ្លះនោះ ម៉ាស៊ីននឹងដកពិន្ទុដោយស្វ័យប្រវត្តិតែម្តង។

កម្មវិធីដកពិន្ទុបណ្ណបើកបរ ជាកម្មវិធីបច្ចេកវិទ្យាមួយដែលអនុញ្ញាតឱ្យមន្ត្រីនគរបាលចរាចរណ៍ដកពិន្ទុលើបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានលក្ខណៈពិសេសដូចជា ស្គាល់ទម្រង់បណ្ណ រួមមានបណ្ណបើកបរ លិខិតឆ្លងដែន អត្តសញ្ញាណបណ្ណ និងបណ្ណសម្គាល់យានយន្ត។

បន្ថែមលើនេះក៏អាចដឹងថា បណ្ណបើកបរត្រឹមត្រូវ ឬក្លែងក្លាយ ដឹងពីប្រតិបត្តិការនៃការកាត់ពិន្ទុ និងពិន័យលឿនរហ័ស ដឹងទីតាំងភូមិសាស្ត្រ និងប្រវត្តិនៃការដកពិន្ទុ និងពិន័យ និងអាចកត់ត្រារាល់ទិន្នន័យដែលអាចប្រើប្រាស់ជាយុទ្ធសាស្រ្តសម្រាប់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here