ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ អ្នកឧកញ៉ាសុខ គង់ ជាអ្នកជំនួញជោគជ័យម្នាក់ ដែលផ្ដើមចេញពីរបរតូចតាចបំផុត រហូតដល់ក្លាយអ្នកគ្រប់គ្រងអាជីវកម្មធំៗ នៅក្នុងប្រទេសកម្ពុជា រួមមានអាជីវកម្មសណ្ឋាគារ ប្រេងឥន្ធនៈ និងអចលនទ្រព្យជាច្រើន។
អ្នកឧកញ៉ាបានផ្ដាំដល់យុវជនជំនាន់ក្រោយៗថា បើចង់មានបាន និងរស់នៅស្រួលសូមកុំចាយច្រើនជាងចំណូល ត្រូវចេះសន្សំកាកល្អិត ដើម្បីក្ដីសុខនៅពេលអនាគត ។
-->
អ្នកឧកញ៉ាមានប្រសាសន៍ថា គ្មានជោគជ័យណាដែលកើតឡើងដោយគ្មានការខិតខំប្រឹងប្រែងនោះទេ ហើយការខិតខំប្រឹងប្រែងក៏មិនសល់អ្វីឬគ្មានន័យដែរបើសិនជាយើងបានមកចាយស្មើឬក៏លើសនឹងចំណូលនោះ ។ បើសិនជាយើងរក១រៀល យើងចាយ៥កាក់បានហើយ យើងត្រូវសន្សំទុក៥កាក់សម្រាប់ការសាគួរ ពេលយើងមានជំងឺឈឺថ្កាត់ និងការចំណាយចាំបាច់ណាមួយ នៅពេលខាងមុខ។
ក្នុងន័យនេះ ការចំណាយត្រឹម៥០ភាគរយនៃចំណូលរបស់យើង ហើយទុក៥០ភាគរយទៀតសម្រាប់សាគួរ ពេលមានបញ្ហាណាមួយ។ នៅពេលយើងមានបានហើយ ចាំយើងចាយចុះវាមិនខុសទេ តែក្នុងពេលយើងអត់មានអ្វីសោះ សូមកុំទាន់ចំណាយច្រើន។
អ្នកឧកញ៉ាបន្តថា “ជាក់ស្ដែង បងប្អូនមួយចំនួនរកលុយបានហើយ នាំគ្នាផឹកស៊ី និងធ្វើរឿងអត់ប្រយោជន៍។ យើងមិនមែនហាមប្រាមមិនឱ្យផឹកស៊ីទេ តែបើសិនជាក្នុងស្ថានភាព ដែលយើងអត់ទាន់មានអ្វីជាខ្នងបង្អែកនៅឡើយ យើងអាចផឹកស៊ីមួយខែម្ដងបានហើយ ពីព្រោះថាការផឹកស៊ីវានឹងធ្វើឱ្យអស់លុយ ហើយនឹងនាំមកនូវជំងឺ ដូច្នេះបើសិនជាឈឺទៀតគឺចប់ហើយ”។
អ្នកឧកញ៉ាបន្ថែមថា ដើម្បីឱ្យអនាគតល្អត្រចះត្រចង់គ្មានអីប្រសើរជាងការសន្សំសំចៃនោះឡើយ ហើយគួរតែចេះសន្សំនិងជួយរកទាំងប្តីទាំងប្រពន្ធ ទើបកាន់តែល្អបន្ថែមទៀត ។ បើសិនជាកសិករ នៅស្រុកស្រែចំការការសន្សំសំចៃរឹតតែស្រួលទៅទៀត។

អ្នកឧកញ៉ាមានប្រសាសន៍ថា ”ការចំណាយបច្ចុប្បន្ននេះ កាន់តែខ្ពស់ ហើយបើសិនជាពួកគាត់ចេះសន្សំដាំបន្លែបង្កា ចិញ្ចឹមមាន់នៅផ្ទះ ហោចណាស់ក៏អាចសន្សំបាន៥០ភាគរយទៅ៨០ភាគរយសម្រាប់ទុកជូនកូនចៅបានរៀនសូត្របង្កើតមុខរបរបន្ថែមផងដែរ”៕