រដ្ឋាភិបាលបង្កើនថវិកាសាងសង់ផ្លូវជាតិលេខ១០ ដល់ជាង ២៤០លានដុល្លារអាមេរិក

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ការសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីបាត់ដំបងឆ្លងកាត់ខេត្តពោធិ៍សាត់ទៅកាន់ខេត្តកោះកុង គ្រោងប្រើប្រាស់ថវិកាអស់ប្រមាណតែ១៨០លានដុល្លារអាមេរិក តែដោយសារតែរដ្ឋាភិបាលមានគម្រោងថ្មី សង់ស្ពានកម្ពស់ជិត៩០ម៉ែត្រពីដី និងមានប្រវែងជាង៥០០ម៉ែត្រទើបរដ្ឋាភិបាលត្រូវបន្ថែមថវិកាប្រមាណ៦០លានដុល្លារអាមេរិកបន្ថែមទៀត។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ក្នុងពេលលោកចុះត្រួតពិនិត្យការសាងសង់ផ្លូវជាតិលេខ១០កាលពីម្សិលម៉ិញនេះថា ដំបូងឡើយគម្រោងផ្លូវនេះត្រូវប្រើប្រាស់ថវិកា ប្រមាណ១៨០លានដុល្លារអាមេរិក ប៉ុន្តែដោយមើលឃើញថា បើសិនជាយើងធ្វើទៅតាមផែនការចាស់ នឹងអាចធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន បាត់បង់ជម្រកសត្វព្រៃជាច្រើន ដូច្នេះរដ្ឋាភិបាលក៏បានសម្រេចបន្ថែមកញ្ចប់ថវិកា ជិត៦០លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីសង់ស្ពានកំពស់ជិត៩០ម៉ែត្រ និងប្រវែងជាង៥០០ម៉ែត្រនិងបានក្លាយជាស្ពានខ្ពស់ជាងនៅកម្ពុជា ។

លោកបន្តទៀតថា “ការសង់ស្ពានកំពស់ជិត៩០ម៉ែត្រនេះ បានសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ ខ្ពស់ណាស់ ទៅលើការអភិរក្សសត្វព្រៃ ការពារបរិស្ថាននៅតំបន់ភ្នំក្រវាញ”។ លោកថា” ពេលនេះ យើងកំពុងសាងសង់ផ្លូវដែលជាផែនការចាស់ ហើយសម្រាប់ផែនការថ្មីដែលសង់ស្ពានខ្ពស់នោះ មិនទាន់ចាប់ផ្ដើមនៅឡើយទេ តែវានឹងលេចរូបរាងនៅពេលឆាប់ៗខាងមុខនេះហើយដែរ”។

លោកស៊ុន ចាន់ថុលបានបន្ថែមថា យើងក៏ស្នើសុំឱ្យក្រុមហ៊ុនសាងសង់ ពង្រីកទំហំស្ពានខ្ពស់ជាងគេនេះឱ្យធំ និងអាចឱ្យទេសចរឈប់នៅលើស្ពាន ដើម្បីផ្ដិតយករូបថតពីទេសភាព នៅតំបន់នោះដ៏ស្រស់ស្អាតផងដែរ ។
ផ្លូវលេខ១០នេះ សង្ឃឹមថានឹងបញ្ចប់នៅឆ្នាំ២០២៤ តែក៏អាចយឺតជាងផែនការគ្រោងទុកបន្តិច ដោយសារតែបានបន្ថែមនូវគម្រោងស្ពានខ្ពស់ជាងគេ ។

លោកបន្ថែមទៀតថា ក្រៅពីផ្លូវជាតិលេខ១០ រដ្ឋាភិបាលក៏បានសាងសង់ផ្លូវជាតិលេខ៥ ដែលផ្លូវនេះជាគម្រោងមួយធំ ត្រូវប្រើប្រាស់ថវិកាប្រមាណជិត៥០០លានដុល្លារអាមេរិក និងមានចំងាយ៣៦០គីឡូម៉ែត្រ ពីព្រែកក្ដាមទៅដល់ប៉ោយប៉ែត ហើយត្រូវចែកជាបីកំណាត់ ដោយកំណត់ចុងក្រោយពីបាត់ដំបង ទៅសិរីសោភណ្ឌ បានធ្វើចប់សព្វគ្រប់ហើយ និងបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្ដេចតេជោហ៊ុនសែន ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងផងដែរថា ការសាងសង់ផ្លូវជាតិលេខ១០ ពីពោធិ៍​សាត់ទៅកាន់ខេត្តកោះកុង នឹងជំរុញឱ្យដីធ្លីនៅតំបន់នោះ មានសន្ទុះតម្លៃ បន្ថែម ហើយក៏ជាការទាក់ទាញដល់ទេសចរ និងវិនិយោគិនអចលនទ្រព្យមួយកម្រិតទៀតផងដែរ។
លោកបន្តថា “នៅពេលផ្លូវនេះធ្វើចប់ យើងរំពឹងថានឹងមានសកម្មភាពទិញលក់ដីធ្លីកើនឡើងមួយកម្រិតទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here