ពិធីបុណ្យសមុទ្រឆ្នាំ២០២២ នឹងរៀបចំក្នុងខេត្តព្រះសីហនុក្នុងខែធ្នូ ស្របនឹងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក

0

ដោយ៖ សុផារី

ខេត្តព្រះសីហនុ៖ ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នឹងរៀបចំឡើងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ស្របជាមួយនិងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាត បំផុតលើពិភពលោក ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅលើទឹកដីខេត្តព្រះសីហនុ។

ពិធីបុណ្យសមុទ្រលើកទី៩ ក្នុងឆ្នាំ២០២២ មានការចូលរួមក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែនផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលគ្រោងនឹងរៀបចំនៅខេត្តព្រះសីហនុ នាចុងឆ្នាំ២០២២ខាងមុខនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំបុណ្យសមុទ្រ បានថ្លែងអំពាវនាវដល់ផ្នែកឯកជនទាំងអស់ ត្រូវរៀបចំដាក់ចុះនូវតម្លៃកញ្ចប់ទស្សនកិច្ចឱ្យបានសមរម្យ និងសមស្របសម្រាប់ភ្ញៀវទេសចរអាចទទួលយកបាន ដើម្បីជាការប្រកួតប្រជែងសម្រាប់តម្លៃទីផ្សារសម្រាប់ទាក់ទាញទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ឋិតនៅក្នុងដំណាក់កាលក្រោយកូវីដ១៩នេះ និន្នាការនៃការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ គឺមិនមានច្រើនដូចមុនកូវីដនោះទេ ដោយកត្តាជីវភាពទាំងភ្ញៀវក្នុងស្រុក និងក្រៅស្រុក។

លោកបន្តថា ដូច្នេះ វិស័យឯកជន ជាមួយនឹងការកែប្រែលើកកម្ពស់គុណភាពសេវារបស់ខ្លួនឱ្យល្អហើយនោះ សំខាន់គឺត្រូវរៀបចំកញ្ចប់សេវាទស្សនកិច្ចរបស់ខ្លួនឱ្យកាន់តែរស់រវើក និងតម្លៃឱ្យបានសមសម្យ ដោយមើលទៅលើកត្តាជីវភាព និងការដើរកម្សាន្តរបស់ពលរដ្ឋ និងដើម្បីជាការប្រកួតប្រជែង ជាមួយនឹងទីផ្សារក្រៅស្រុកផងដែរ។

លោករដ្ឋមន្ត្រី ថោង ខុន ក៏បានបង្ហាញជំនឿជាក់ថា បើសិនជាវិស័យឯកជនបានរៀបចំតម្លៃតម្លៃទស្សនកិច្ចបានថោកសមរម្យ ព្រមជាមួយនឹងការធ្វើដំណើរតាមច្រកទ្វារអន្តរជាតិ ចូលមកក្នុងប្រទេសកម្ពុជា កាន់តែមានភាពងាយស្រួលផងនោះ វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា និងអាចទទួលបានភ្ញៀវទេសចរ កាន់តែច្រើនឡើងបន្ថែមទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here