ដំណឹងល្អៈ ទឹកប្រាក់១៥០លានដុល្លារដើម្បីជួយស្តារវិស័យទេសចរណ៍ឡើងវិញនឹងចាប់ផ្តើមផ្តល់កម្ចីចាប់ពីថ្ងៃស្អែក

0

ដោយៈគង់ សូរិយា

       ភ្នំពេញៈ កញ្ចប់ទឹកប្រាក់១៥០លានដុល្លាររបស់រដ្ឋាភិបាល ដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញ នឹងចាប់ផ្តើមផ្តល់កម្ចីដល់វិស័យឯកជន នៅថ្ងៃទី១ កក្កដាស្អែកនេះហើយ។

លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានមានប្រាសន៍ឲ្យដឹងថា គម្រោងហិរញ្ញប្បទានដែលមានទឹកប្រាក់ចំនន ១៥០លានដុល្លារ របស់រាជរដ្ឋាភិបាល ដើម្បីជួយស្តារវិស័យទេសចរណ៍ឡើងវិញ ត្រូវបានត្រៀមចំរួចរាល់ហើយ សម្រាប់ផ្តល់កម្ចីការប្រាក់ទាបដល់ម្ចាស់អាជីវកម្ម ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២តទៅ។

លោកបណ្ឌិតបន្តថា “គម្រោងសហហិរញ្ញប្បទាន សម្រាប់ជួយស្តារវិស័យទេសចរណ៍ មានទឹកប្រាក់ចំនួន១៥០លានដុល្លារ ត្រូវបានធនគារ SME រៀបចំរួចរាល់ ដោយបានចុះអនុស្សរណៈជាមួយគ្រឹះស្ថាន ហិរញ្ញវត្ថុចូលរួមចំនួន១៩គ្រឹះស្ថាន”។ លោកបន្តថា “គំរោងនេះក៏ទទួលបានការចុះហត្ថលេខាទទួលស្គាល់ពីឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួចរាល់ផងដែរ។ ដូច្នេះការទទួលពាក្យស្នើសុំឥណទាន និងការផ្ដល់ឥណទាននឹងចាប់ផ្ដើម ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២តទៅ”។

លោកបណ្ឌិតបន្ដថា ចំពោះគ្រឹះស្ថានហិរញ្ញវត្ថុ ដែលបានចូលរួមជាមួ​យ​ធនាគារ SMEមានចំនួន១៩គ្រឹះស្ថានរួមមាន៖ ធនាគារប្រៃសណីយ៍កម្ពុជា, ធនាគារ CHIP MONG, ធនាគារ APD, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខេមា, ធនាគារ PPCBank, ធនាគារអេស៊ីលីដា, ធនាគារស្ថាបនា ធនាគារកាណាឌីយ៉ា ធនាគារ FTB ធនាគារហត្ថា ធនាគារ PhilipBank, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC, ធនាគារ ABA, ធនាគារ CIMB, ធនាគារ RHB, ធនាគារ PRINCE, ធនាគារ Wing និងធនាគារ Sacombank។

លោកបណ្ឌិត លឹម អូន ទឹកប្រាក់សរុបដែលទទួលបាន ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ទាំង១៩ មានចំនួនសរុប៩៨,៧៥០ ០០០ដុល្លាអាមេរិក ពោលគឺលើសពីតម្រូវការជាក់ស្តែង ដែលចង់បានត្រឹមតែ ៧៥,០០០,០០០០ដុល្លារប៉ុណ្ណោះ។ ទឹកប្រាក់ដែលត្រូវប្រើប្រាស់ នាពេលបច្ចុប្បន្ននេះ គឺត្រូវការប្រើប្រាស់ចំនួន១៥០លានដុល្លារប៉ុណ្ណោះ ទោះបីជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមលើសក្ដី។

កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ បានប្រកាសដាក់ឱ្យអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ក្នុងទំហំហិរញ្ញប្បទាន១៥០លានដុល្លារ ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន៧៥ លានដុល្លារតាមរយៈ SME Bank និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមចំនួន៧៥លានដុល្លារ។

គម្រោងសហហិរញ្ញប្បទាន ស្តារវិស័យទេសចរណ៍នេះ គឺផ្តោតសំខាន់លើវិស័យទេសចរណ៍តែមួយប៉ុណ្ណោះ ដែលម្ចាស់អាជីវកម្មក្នុងនេះអាច ស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលជាដៃគូរបស់ SME Bank ក្នុងអត្រាការប្រាក់អតិបមា៦.៥ភាគរយ ក្នុងមួយឆ្នាំ និងខ្ចីបានខ្ពស់បំផុតរហូតដល់៤០ម៉ឺនដុល្លារ ហើយអាចខ្ចីបានរហូតដល់៧ឆ្នាំ ហើយអ្វីដែលពិសេសនោះ រយៈពេលអនុគ្រោះនៃការសងត្រឡប់ប្រាក់ដើម មានរហូតដល់១២ខែ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here