រដ្ឋាភិបាលថៃសម្រេចផ្អាកយកពន្ធលើសណ្ឋាគារ២ឆ្នាំទៀតដើម្បីជំរុញវិស័យទេសចរណ៍

0

ដោយៈ សុខុម

បាងកក: គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារ ទី៥ ខែកក្កដា បានផ្អាកយកពន្ធ លើសណ្ឋាគាររយៈពេល២ឆ្នាំបន្ថែមទៀត រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីសម្រាលផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ លើក្រុមហ៊ុនប្រតិបត្តិករសណ្ឋាគារ។

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចាលើកឡើងថា “ការលើកលែងពន្ធសណ្ឋាគាររយៈពេល២ឆ្នាំទៀត នឹងជួយបណ្ដាក្រុមហ៊ុនប្រតិបត្តិករសណ្ឋាគារ និងក្រុមហ៊ុនប្រតិបត្តិករ ទាក់ទិនវិស័យទេសចរណ៍ ស្តារនីតិសម្បទាឡើងវិញ នៅពេលបើកប្រទេសឡើងវិញ ស្វាគមន៍ភ្ញៀវទេសចរបរទេ​ស”។លោកបន្ថែមថា “ទន្ទឹមនេះវានឹងផ្តល់អត្ថប្រយោជន៍ ដល់សេដ្ឋកិច្ចរបស់ប្រទេសថៃ ក្នុងរយៈពេលវែង ព្រោះវិស័យទេសចរណ៍ គឺជាក្បាលម៉ា​ស៊ីនដ៏សំខាន់ សម្រាប់បង្កើតប្រាក់ចំណូលរបស់ប្រទេសថៃ”។

លោកបានបន្តថា រដ្ឋាភិបាលនឹងចេញបទប្បញ្ញត្តិថ្នាក់ក្រសួង ដើម្បីពង្រីកការលើកលែងពន្ធ សណ្ឋាគារប្រចាំឆ្នាំ បន្ទាប់ពីបទប្បញ្ញត្តិមុនបានផុតកំណត់កាលពីថ្ងៃទី៣០ ខែមិថុនា។

នាយករដ្ឋមន្ត្រីរូបនេះលើកឡើងថា សេដ្ឋកិច្ចថៃ នឹងត្រូវការពេលវេលាដើម្បីងើបឡើងវិញ ទោះបីជារដ្ឋាភិបាលបានបន្ធូរបន្ថយ ការរឹតបន្តឹងលើដំណើរការអាជីវកម្មយ៉ាងណាក្ដី។ លោកបន្ថែមថា ការលើកលែងពន្ធនេះនឹងកាត់បន្ថយការចំណាយ របស់បណ្ដាក្រុមហ៊ុនប្រតិបត្តិករសណ្ឋាគារប្រមាណ៤៧,៣៥លានបាត (១,៣២លានដុល្លារអាមេរិក)៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here