ដោយ៖ សុផារី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តែផ្តាំដល់នារីៗ ដែលប្រើប្រាស់បណ្តាញសង្គមTik Tokមួយចំនួន សូមកុំប្រើប្រាស់ភាសាអាសអាភាសពេក ហើយសូមគោរពប្រពៃណីរបស់ខ្លួន។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសំណូមពរអ្នកប្រើប្រាស់បណ្ដាញសង្គម Tik Tok មិនត្រូវយកបណ្ដាញសង្គមនេះធ្វើជាមធ្យោបាយ ដើម្បីនិយាយពាក្យចំអេះចំអាសឱ្យសោះ ដោយត្រូវរក្សាគោរពរក្សាប្រពៃណីខ្មែរ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងពិធីសំណេះសំណាល និងផ្តល់នូវដំបូន្មានមួយចំនួនជូនដល់គណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) នាព្រឹកថ្ងៃទី ៦ ខែកក្កដានេះ។
សម្ដេចសូមផ្ដាំផ្ញើអ្នកប្រើប្រាស់បណ្ដាញសង្គម Tik Tok ជាពិសេសនារីៗ ឲ្យរក្សាគោរពវប្បធម៌ប្រពៃណីរបស់ខ្មែរ ដោយមិនត្រូវនិយាយពាក្យអាសអាភាសនោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “ខ្លះចេញមកគឺថា អារឿងចំអេះចំអាសហ្នឹងតែម្ដង ចឹងខ្ញុំសុំអង្វរករឱ្យរក្សាគោរពប្រពៃណីរបស់ខ្លួន”។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនមានផែនការបិទបណ្ដាញសង្គម Tik Tok នោះទេ ក៏ប៉ុន្តែមិនត្រូវយកធ្វើជាមធ្យោបាយ ដើម្បីនិយាយពាក្យចំអេះចំអាសនោះទេ៕