ក្រសួងពាណិជ្ជកម្មសិក្សាលើផលិតផលចំនួន១០មុខដើម្បីទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

0

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបាននិងកំពុងសិក្សា និងរៀបចំផែនការយុទ្ឋសាស្រ្តចំនួន ដោយជ្រើសរើសមុខទំនិញកម្ពុជាចំនួន១០មុខ ដើម្បីជម្រុញការនាំចេញ និងទាញប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

មុខទំនិញអាទិភាពចំនួន១០មុខមុនគេ រួមមាន ស្រូវអង្ករ ដំឡូងមី ចេក ៤-មៀនប៉ៃលិន ស្វាយ ស្វាយចន្ទី សាច់ កៅស៊ូធម្មជាតិ ម្នាស់ និងម្រេច ព្រមទាំងការទាក់ទាញអ្នកវិនិយោគធ្វើជាមូលដ្ឋាន ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងធ្វើជាគំរូ សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេរភាគីផ្សេងទៀត។

លោកប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំអន្តរក្រសួង -ស្ថាប័នប្រជុំពិភាក្សា និងអនុម័តឯកសារផែនការយុទ្ធសាស្ត្រ ទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មុននឹងដាក់ឆ្លងជូនទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចជាលើកចុងក្រោយកាលពីថ្ងៃទី៦ កក្កដា ដោយបានលើកឡើងអំពីគោលបំណងសំខាន់ នៃការរៀបចំផែនការយុទ្ធសាស្ត្រនេះថា គឺដើម្បីជ្រើសរើសទំនិញនាំចេញ សក្ដានុពលរបស់កម្ពុជា ដោយប្រើប្រាស់ទីផ្សារដែលមានស្រាប់ ដើម្បីទាញយកប្រយោជន៍ជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនោះ។

លោកបន្តថា ក្នុងន័យនេះ ការសិក្សានឹងបង្ហាញថា កម្ពុជាមានឧត្តមភាពប្រកួតប្រជែង ខាងផលិត​ផលអ្វីសម្រាប់ធ្វើការនាំចេញ? តើអ្វីជាបញ្ហាប្រឈមរបស់កម្ពុជា ក្នុងការនាំចេញ និងត្រូវដោះស្រាយបែបណា? និងការទាក់ទាញអ្នកវិនិយោគសម្រាប់ជំរុញផលិតផលកែច្នៃ និងបង្កើនតម្លៃបន្ថែម។

ជាមួយគ្នានេះ លោកបានសំណូមពរឱ្យតំណាងក្រសួង -ស្ថាប័នពាក់ព័ន្ធ ជួយផ្តល់ធាតុចូលឱ្យបានឆាប់រហ័ស ដើម្បីឱ្យក្រុមការងារលេខាធិការ ដ្ឋាន អាចបញ្ចប់ឯកសាររៀបចំផែនការយុទ្ធសាស្ត្រ ទាញយកអត្ថប្រយោ​ជន៍ជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ក្នុងពេលឆាប់ៗនេះ ព្រោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា -ចិន (CCFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) បានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា- សាធារណរដ្ឋកូរ៉េ (CKFTA) ក៏នឹងត្រូវចូលជាធរមានក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here