ឡាវដាក់ឱ្យដំណើរការផ្លូវអាកាសយានដ្ឋានអន្តរជាតិខេត្តបកែវសម្រាប់តំបន់ត្រីកោណមាស

0

ដោយសុខុម

វៀនចន្ទន៍: ប្រទេសឡាវ បានបញ្ចប់ការស្ថាបនាផ្លូវ៤គន្លងមួយខ្សែដែលតភ្ជាប់តំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាស (Golden Triangle Special Economic Zone) ជាមួយអាកាសយានដ្ឋានអន្តរជាតិខេត្តបកែវ (Bokeo) ដើម្បីជួយសម្រួលដល់ការចេញចូលតំបន់សេដ្ឋកិច្ចពិសេសនេះ។

យោងតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃសុក្រ ទី៨ ខែកក្កដា ឱ្យដឹងថា ផ្លូវ៤គន្លងប្រវែង៥គីឡូម៉ែត្រដែលខណ្ឌចែកសួនតូច និងមានដាំបង្គោលភ្លើងនៅចំកណ្ដាលយ៉ាងស្រស់ស្អាតនេះត្រូវបានដាក់ឱ្យដំណើរការជាសាធារណៈហើយ។

ការស្ថាបនាផ្លូវនេះចំណាយទឹកប្រាក់អស់ចំនួន៥០លានដុល្លារអាមេរិក និងទទួលបានហិរញ្ញប្បទានពីក្រុមហ៊ុន Dok Ngiew Kham Group។ ពេលនេះវាបានក្លាយជាផ្លូវដ៏សំខាន់តភ្ជាប់ទីរួមខេត្តបកែវ ទៅនឹងអាកាសយានដ្ឋានអន្តរជាតិខាងលើនេះ។

ក្រៅពីផ្ដល់ការតភ្ជាប់យ៉ាងរហ័ស និងងាយស្រួលទៅកាន់អាកាសយានដ្ឋានអន្តរជាតិខេត្តបកែវ ផ្លូវនេះក៏នឹងជួយសម្រួលដល់ប្រតិបត្តិការក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រីកោណមាស ផងដែរទាំងការវិនិយោគ អាជីវកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការអភិវឌ្ឍជារួមនៃតំបន់សេដ្ឋកិច្ចពិសេសនេះ។

ទន្ទឹមនេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិបន្ថែមមួយទៀតក្នុងស្រុក Tonpheung ខេត្តបកែវ បញ្ចប់បាន៧៥%ហើយពេលនេះ ហើយរំពឹងបើកឱ្យប្រើប្រាស់ក្នុងស្រុកនៅត្រឹមដំណាច់ឆ្នាំនេះ និងសម្រាប់ការហោះហើរអន្តរជាតិនឹងបើកតាមក្រោយក្នុងពេលឆាប់ៗ។

អាកាសយានដ្ឋានថ្មីនេះស្ថិតនៅចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាស ហើយការដំឡើងកម្រិតទៅជាអាកាសយានដ្ឋានអន្តរជាតិ នឹងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តបកែវ៕ The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here