ដោយ៖ សុផារី
ភ្នំពេញ៖ នយោបាយ “សូន្យកូវីដ១៩” របស់ប្រទេសចិនបាន និងកំពុងធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជា និងពិភពលោកទាំងមូល ហើយក្នុងករណីប្រទេសចិនដកចេញគោលនយោបាយនេះ សម្តេចជឿជាក់ថា វិស័យទេសចរណ៍របស់ប្រទេសកម្ពុជានឹងមានភាពល្អប្រសើរជាងនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងសន្និបាតបូកសរុបការងារវិស័យទេសចរណ៍ ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ។
សម្តេចបានមានប្រសាសន៍ថា “ដូចដែលរបាយការណ៍របស់ឯកឧត្តម ថោង ខុន ទាក់ទិននឹងការការពារខ្លួនរបស់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈគោលនយោបាយ “សូន្យកូវីដ”។ យើងដឹងហើយថា ប្រទេសជាច្រើននៅក្នុងតំបន់នេះ មិនថាតំបន់អាស៊ី តំបន់អ៊ឺរ៉ុប ក៏ត្រូវការទេសចរចិន ដែលមានទេសចរចំនួនច្រើនជាងគេ”។
សម្តេចបានថ្លែងបន្តថា នៅពេលដែលចិនបានអនុវត្តគោលនយោបាយសូន្យកូវីដនេះ បានធ្វើឲ្យមានផលប៉ះពាល់ដល់បញ្ហាដឹកជញ្ជូន ប៉ុន្តែបញ្ហាធំជាងគេ ទាក់ទិនទៅនឹងពលរដ្ឋរបស់ប្រទេសចិន ដែលត្រូវធ្វើដំណើរទៅកាន់ប្រទេសនានា។ ប្រទេសកម្ពុជាក៏ទទួលរងផលប៉ះពាល់ពីនយោបាយសូន្យកូវីដផងដែរ ប៉ុន្តែកម្ពុជាក៏យោគយល់ចំពោះកិច្ចការពារខ្លួនរបស់ប្រជាជនចិន ក្នុងការអនុវត្តនូវការការពារខ្លួន ដើម្បីកុំឲ្យមានមនុស្សស្លាប់នៅក្នុងប្រទេសចិន។
សម្តេចបានបន្តថា “ប្រសិនបើចិនដកនយោបាយសូន្យកូវីដចេញ ទេសចរណ៍នឹងឡើងដល់ណា? នេះថា បើមានប្រសិន? ចុះបើមិនមានប្រសិន? បន្ថែមលើនោះ តម្លៃនៃការធ្វើដំណើររបស់ទេសចរពីអាមេរិក ឬពីអ៊ឺរ៉ុប ឬតំបន់ផ្សេងមកកាន់កម្ពុជា សំបុត្រយន្តហោះកាន់តែថ្លៃ”។
សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា “ក្នុងករណីដែលចិនជំរុញការងើបឡើង ដោយដកចេញគោលនយោបាយ “សូន្យកូវីដ” យើងជឿជាក់ថា ទេសចរមកកាន់ប្រទេសកម្ពុជាមានចំនួនច្រើន ដែលតភា្ជប់ហើយ ហើយឥលូវយើងក៏បានបង្កើនជើងហោះហើរមកកម្ពុជាជាមួយប្រទេសចិន”៕