ដោយៈ គង់ សូរិយា
ខេត្តកែបៈ ដោយគាំទ្រផែនការរបស់រដ្ឋាភិបាល ក្នុងការពន្លឿនផែនការមេទេសចរណ៍ ប្រែក្លាយខេត្តកែបជាតំបន់ទេសចរណ៍លំហែរកាយ កម្រិតខ្ពស់ អ្នកវិនិយោគគំរោងឆ្នេរសមុទ្រកោងកាង បាននិងកំពុងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំតំបន់នេះជារំណីយដ្ឋានអេកូទេសចរណ៍ថ្មីមួយ។
អ្នកនាងឆយ ហ្រ្វីដានាយិការគ្រប់គ្រងទូទៅ នៃគំរោងឆ្នេរសមុទ្រកោងកាងបានមានប្រសាសន៍ឲ្យ ដឹងតាមបណ្តាញតេឡេក្រាម កាលពីសប្តាហ៍មុនថា យើងកំពុងសហការជាមួយសហគមន៍ អាជ្ញាធរមូលដ្ឋាន និងមន្ទីរទេសចរណ៍ ដើម្បីរៀបចំសហគមន៍ទេសចរណ៍ថ្មីមួយ ពិសេសរៀបចំសហគមន៍អូរក្រសារ ជាសហគមន៍ទេសចរណ៍ថ្មីមួយ ដើម្បីផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងជម្រុញការរីកចម្រើនដល់សហគមន៍នេះ។
អ្នកនាងបន្តថា “ក្រុមហ៊ុននឹងរៀបចំស្ពានឈើ ហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត ដើម្បីបង្កើតរមណីយដ្ឋានទេសចរណ៍ថ្មីមួយនៅទីនេះ”។អ្នកនាងបន្តថា អ្នកនាងបានជួបជាមួយប្រធានសហគមន៍ អាជ្ញាធរសង្កាត់ និងសាលាក្រុងកែបរួចហើយ ដើម្បីរៀបចំសហគមន៍នេះ ជាផលិតផលទេសចរ ណ៍ដ៏ទាក់ទាញមួយនាពេលអនាគត”។
អ្នកនាងបន្តថា គំរោងឆ្នេរសមុទ្រកោងកាង បាននិងកំពុងចូលរួមអភិវឌ្ឍន៍ខេត្តកែប ពិសេសក្រុងកែប ដើម្បីក្លាយជាតំបន់អភិវឌ្ឍន៍មួយ ដែលផ្តល់ការលំហែរផង ជួយលើកកំពស់វិស័យទេសចរណ៍ផង ដោយសារគំរោងនេះ មានធនធានធម្មជាតិដ៏មហាសាល គឺមាន ឆ្នេរសមុទ្រដ៏ស្រស់ស្អាត មានព្រៃកោងកាងខៀវស្រងាត់ មានព្រែកធម្មជាតិដែលអាចឲ្យលោក អ្នកអាចជិះទូកកាយ៉ាក់ និងអូរប័រទៅកាន់សមុទ្របាន។
ជាមួយគ្នានេះ គំរោងនេះ ក៏មានទេសភាពស្អាតជាមួយជួរភ្នំវែងអន្លាយ មានទេសភាពស្រែអំបិល ពិសេសស្ថិតនៅក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប មានចម្ងាយប្រមាណ២គីឡូម៉ែត្រប៉ុណ្ណោះ ពីរង្វង់មីលសេះស៕