ដោយ៖ វឌ្ឍនៈ
ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២២នេះ ស្ថានភាពនៃកូវីដ១៩ នៅក្នុងប្រទេសនៅតែមិនទាន់បានបញ្ចប់ទាំងស្រុងនៅឡើយទេ ស្របពេលពិភពលោកជួបវិបត្តិថ្មីមួយទៀត គឺសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ដែលជំរុញឱ្យមានផលប៉ះពាល់ដល់កម្ពុជា ដោយជៀសមិនផុតឡើយ។
យ៉ាងណាក្ដី លោកឧកញ៉ា ហួត អៀងតុង អគ្គនាយកធនាគារហត្ថា បានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area ឱ្យដឹងថា ទោះបីជាកូវីដ១៩មិនទាន់ផុត និងមានសង្គ្រាមមួយទៀតក្ដី មិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការរបស់ធនាគារហត្ថាឡើយ។
-->
លោកឧកញ៉ាបានឱ្យដឹងថា ដំណើរការនិងការលូតលាស់ របស់ធនាគារហត្ថា នៅតែបន្តដំណើរទៅមុខយ៉ាងរលូន បើទោះបីជាស្ថានភាពកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាលើពិភពលោក មិនទាន់បញ្ចប់ទាំងស្រុង ក៏ដូចជាវិបត្តិនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានកើតឡើង ក្នុងឆ្នាំ២០២២ក៏ដោយ។

លោកឧកញ៉ាបន្តថា “អ្វីជាការកត់សម្គាល់ ការលូតលាស់របស់ធនាគារហត្ថាទាំងផលបត្រឥណទាន និងប្រាក់បញ្ញើ ឃើញថាបានលូតលាស់ លើសពីការរំពឹងទុករបស់យើងទៅទៀត។ ក្នុងនោះ ផលបត្រឥណទានរបស់យើងបានរីកលូតលាស់ ប្រមាណ២៥ភាគរយធៀបនឹងផែនការ។ ត្រឹមត្រីមាសទី១នេះ វារីកលូតលាស់បានល្អប្រសើរ សឹងតែគ្រប់ផែនការពេញមួយឆ្នាំទៅហើយ”។
លោកឧកញ៉ាបញ្ជាក់ថា ”ទាំងនេះ ដោយសារតែរាជរដ្ឋាភិបាលបានគ្រប់គ្រងជំងឺកូវីដ១៩បានល្អប្រសើរ ធ្វើឱ្យប្រជាពលរដ្ឋ ដែលជាអតិថិជនរបស់ធនាគារហត្ថា បានប្រកបរបរទទួលបានត្រលប់មកជាប្រក្រតីឡើងវិញ ដែលពួកគាត់ត្រូវការដើមទុនយកទៅពង្រីកអាជីវកម្មក្រោយវិបត្តិ ដូច្នេះហើយទើបធ្វើឱ្យដំណើរការល្អប្រសើរក្នុងត្រីមាសទី១”។
លោកឧកញ៉ាបន្ថែមថា កត្តាសំខាន់ផ្សេងទៀត ដែលជំរុញឱ្យធនាគារហត្ថា ក៏ដូចជាធនាគារនិងគ្រឹះស្ថានដទៃទៀត មានការរីកចម្រើនបែបនេះ ក្នុងនោះកត្តាសុខសន្តិភាពជាកត្តាសំខាន់ ដែលអាចឱ្យពលរដ្ឋអាចប្រកបរបរ រកទទួលទានបាន។ ក្រៅពីនេះដែរ ការគ្រប់គ្រងបានច្បាស់លាស់ពីស្ថាប័នធនាគារហត្ថាផ្ទាល់ ក៏បានជំរុញឱ្យកំណើន នៃអាជីវកម្មរបស់ធនាគារយើងទទួលបានកំណើនល្អប្រសើរបែបនេះ ។

លោកបន្ថែមថា មន្ត្រីរបស់ធនាគារហត្ថាសុទ្ធតែមនុស្ស ដែលមានការព្យាយាមប្រឹងប្រែងជាមួយនឹងការងាររបស់ខ្លួន ដូច្នេះហើយទើបធ្វើឱ្យស្ថាប័នយើងទទួលបានការរីកលូតលាស់កាន់តែខ្លាំង។ ធនាគារហត្ថាជាធនាគារមួយ ដែលមានក្រុមហ៊ុនមេមានដើមទុនគ្រប់គ្រាន់ ក្នុងការបន្ថែមសម្រាប់ពង្រីកអាជីវកម្មទៅតាមតម្រូវការរបស់អតិថិជន។
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងនៅក្នុងពិធីបូកសរុបការងារប្រចាំឆមាសទី១ នៅព្រឹកថ្ងៃទី២០ កក្កដា ២០២២ថា ធនាគារជាតិនៃកម្ពុជាបានរឹតបន្តឹងបទប្បញ្ញត្តិប្រុងប្រយ័ត្ននានា មុនគ្រាមានវិបត្តិសុខាភិបាល ជាពិសេសការពង្រឹងដើមទុន ការបង្កើនកម្រិតសន្ទនីយភាពខ្ពស់និងការធ្វើសំវិធានធនដោយអភិរក្សនិយម ដែលកត្តាទាំងនេះអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ក៏ដូចជាប្រព័ន្ធធនាគារកម្ពុជាអាចអនុវត្តការបន្ធូរបន្ថយ លើបទប្បញ្ញត្តិដោយពិលាស នៅក្នុងគ្រាមានវិបត្តិ និងក្នុងដំណាក់កាលស្តារសេដ្ឋកិច្ច។

លោកបន្តថា ទោះយ៉ាងណា វិធានការចាកចេញពីវិបត្តិមួយចំនួនបាន និងកំពុងអនុវត្តថែមទៀតយ៉ាងប្រុងប្រយ័ត្ន ស្របតាមការងើបឡើងនៃសេដ្ឋកិច្ច និងដើម្បីពង្រឹងភាពធន់នៃប្រព័ន្ធធនាគារ ដូចជាការបន្តអនុញ្ញាត ឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញ រហូតដល់ខែមិថុនា ឆ្នាំ២០២២ ចំពោះអតិថិជន ដែលមិនធ្លាប់ត្រូវបានរៀបចំឥណទានឡើងវិញ និងត្រូវចាប់ផ្តើមធ្វើសំវិធានធនជាបណ្តើរៗចំពោះឥណទានរៀបចំឡើងវិញ ដែលត្រូវបានចាត់ថ្នាក់ ផ្អែកតាមស្ថានភាពជាក់ស្តែង៕