ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនថ្មីមួយបានឈានជើង ផ្សារមូលបត្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៥ និងបានរៀបចំ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្ម ជាផ្លូវការលើកទី២ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោកស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៊ីលីដា ភីអិលស៊ី តំណាងក្រសួងស្ថាប័ន និងវិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។
-->
បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមប្រឹក្សាភិបាល បានជម្រាបជូនអង្គពិធីថា ការចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្ម ជាលើកទី ២ របស់ធនាគារអេស៊ីលីដា នាពេលនេះ បានបង្ហាញអំពីការប្តេជ្ញាចិត្តមុតមាំ របស់ថ្នាក់ដឹកនាំធនាគារ ក្នុងការចូលរួមចំណែកអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា។
លោកបន្តថា “ការណ៍នេះ គឺជាសក្ខីភាពថ្មីមួយទៀត សបញ្ជាក់អំពី ភាពចាស់ទុំ និង ភាពរឹងមាំ នៃផ្សារមូលបត្រកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់ប្រភពហិរញ្ញប្បទាន ដែលមិនចេះរីងស្ងួត ជូនវិស័យឯកជន និង រាជរដ្ឋាភិបាល”។
ជាក់ស្តែង វិស័យមូលបត្រកម្ពុជា បានទាក់ទាញ និង លើកទឹកចិត្ត ដល់បណ្តាក្រុមហ៊ុនសក្តានុពលកាន់តែច្រើនឡើង ឱ្យមកចុះបញ្ជីលក់ភាគហ៊ុន និង/ឬ សញ្ញាបណ្ណ ក្នុងផ្សារមូលបត្រកម្ពុជា ដែលញ៉ាំងឱ្យវិស័យនេះ មានការរីកលូតលាស់ជាបន្តបន្ទាប់ សំដៅចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការគាំទ្រលើកស្ទួយសហគ្រាសក្នុងស្រុក ធុរកិច្ចថ្មី និងសហគ្រិនភាព ព្រមទាំងពង្រឹងសមត្ថភាពប្រកួតប្រជែង ជាពិសេស ក្នុងបរិការណ៍ដែលមានការរំលោភបំពានបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ពីសំណាក់ប្រទេសថៃ នៅតាមតំបន់ព្រំដែន។
ជាមួយគ្នានេះ លោក ស៊ូ សុជាតិ បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា គឺជាធនាគារពាណិជ្ជ ដែលមានបណ្តាញប្រតិបត្តិការយ៉ាងធំទូលាយ ហើយធនាគារនេះក៏ជាធនាគារ ដែលធ្លាប់បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ នៅលើទីផ្សារគោលនៃផ្សារមូលបត្រកម្ពុជា (ផមក) កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ ដោយប្រមូលបានសាច់ប្រាក់ដោយជោគជ័យពីទីផ្សារនេះ ក្នុងទំហំប្រមាណជា១៧,៦លានដុល្លារអាមេរិក ហើយក៏ធ្លាប់ចុះបញ្ជីលក់សញ្ញាបណ្ណបន្ទាប់បន្សំ លើកទី១ ចំនួន២ដំណាក់កាល (នៅថ្ងៃទី ១៥ ខែ មករា និង ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៥) ដោយប្រមូលបានសាច់ប្រាក់ដោយជោគជ័យពីទីផ្សារ ក្នុងទំហំប្រមាណ១០០លានដុល្លារអាមេរិក ។
លើសពីនេះ លោក ហុង សុហួរ បានធ្វើបច្ចុប្បន្នភាពទីផ្សារមូលបត្រជូនអង្គពិធី ដោយគិតត្រឹមថ្ងៃនេះ ផ្សារមូលបត្រកម្ពុជា បានទទួលក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រសរុបចំនួន ២៥ ដែលរួមមាន៖ ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ ចំនួន១១ និងក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុល ចំនួន១៤ ហើយក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ ទាំង ២៥ បានប្រមូលមូលធនសរុបពីទីផ្សារមូលបត្រ ក្នុងទំហំប្រមាណជា ៦៤៨ លានដុល្លារអាមេរិក។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៊ីលីដា ភីអិលស៊ី បានជម្រាបជូនអង្គពិធីថា តាមរយៈការធ្វើបរិវិសកម្ម កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ ២០២៥ ធនាគារ អេស៊ីលីដា បានធ្វើបរិវិសកម្មប្រកបដោយភាពជោគជ័យ ដោយមានវិនិយោគិនគុណវុឌ្ឍិ ចំនួន៧៧រូប បានដាក់បញ្ជាទិញសញ្ញាបណ្ណបន្ទាប់បន្សំលើកទី២ ដែលធនាគារបានបោះផ្សាយទាំងអស់ រហូតដល់ ៤០០ពាន់លានរៀល (ប្រមាណ១០០លានដុល្លារអាមេរិក) ជាមួយនឹងអត្រាគូប៉ុង ៧,៥% ក្នុងមួយឆ្នាំ។
ការណ៍នេះ បានផ្តល់ឱកាសជូនវិនិយោគិន និងអនុញ្ញាតឱ្យធនាគារប្រមូលប្រភពទុនក្នុងទំហំធំ ដើម្បីគាំទ្រប្រតិបត្តិការរបស់ធនាគារបង្កើនទំនុកចិត្ត និងការជឿជាក់ពីវិនិយោគិន និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក និងសង្គមជាតិ៕