ដោយៈ គង់ សូរិយា
ភ្នំពេញៈ ជាមួយនឹងបញ្ហាប្រឈមផ្នែកតម្លៃដឹកជញ្ជូន នៅកម្ពុជាមានតម្លៃខ្ពស់ជាងគេនៅក្នុងតំបន់ ធនាគារពិភពលោកបានផ្តល់អនុសាសន៍មួយចំនួន ដើម្បីកាត់បន្ថយថ្លៃឡូជីស្ទីកនៅកម្ពុជា។
របាយការណ៍របស់ធនាគារពិភពលោក បានបង្ហាញអំពីអនុសាសន៍សំខាន់ៗមួយចំនួន សម្រាប់ដំណោះស្រាយ រយៈពេលខ្លី និងរយៈពេលវែង ដើម្បីដោះស្រាយបញ្ហាតម្លៃឡូជីស្ទីក និងខ្សែសង្វាក់ផ្គត់ផ្គង់នៅកម្ពុជា ដែលអនុសាសន៍ទាំងនោះមានដូចជា ទី១ បង្កើតប្រព័ន្ធត្រួតពិនិត្យមួយ ដើម្បីអាចអនុវត្តន៍នៅកំពង់ផែ ដោយប្រៀបធៀបតម្លៃនឹងប្រព័ន្ធត្រួតពិនិត្យរបស់ប្រទេសជិតខាង។
-->

ទី២ បង្កើតផែនការអាជីវកម្ម និងផែនការកែទម្រង់វិស័យដឹកជញ្ជូន តាមរថភ្លើងសម្រាប់រយៈពេល១០ ឆ្នាំ ដែលត្រូវចូលរួមធ្វើដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន និងវិស័យឯកជនផងដែរ ដើម្បីធានាឱ្យបានថាការដឹកជញ្ជូនតាមរថភ្លើង ជាសេវាដ៏មានប្រសិទ្ធភាពបំផុត និងអាចជឿទុកចិត្តបានដល់អតិថិជន។
ទី៣ កាត់បន្ថយតម្រូវការក្នុងនីតិវិធី នៃការត្រួតពិនិត្យច្រើនរបៀប ដោយប្រើប្រាស់នូវហត្ថលេខាឌីថល និងប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យហានិភ័យស្វ័យប្រវត្តិកម្មជំនួសវិញ ទី៤ ប្រើប្រាស់រថយន្តកុងតាន័រទំនើបៗ ដោយផ្សារភ្ជាប់ជាមួយនឹងគោលការណ៍លើកទឹកចិត្តពន្ធនាំចូល ទី៥ លើកកម្ពស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងភស្តុភារកម្មដែលមានជំនាញច្បាស់លាស់។
ទី៦ ធានាការធ្វើបច្ចុប្បន្នភាពឱ្យបានជាប្រចាំ ពង្រឹងច្បាប់បទដ្ឋានពាក់ព័ន្ធនឹងវិស័យឡូជីស្ទីក ទី៧ ជំរុញតាក់តែងបញ្ចប់ផែនការមេគ្រប់ជ្រុងជ្រោយមួយសម្រាប់អភិវឌ្ឍវិស័យដឹកជញ្ជូន និងឡូជីស្ទីក (២០២២-២០២៣) ដោយផ្តោតទៅលើដំណោះស្រាយឡូជីស្ទីកឆ្លាតវៃ និងពង្រឹកការដឹកជញ្ជូនឆ្លងកាត់ព្រំដែនជាមួយប្រទេសជិតខាង។
ទី៨ WB មានសុទិដ្ឋិនិយមយ៉ាងខ្លាំង លើអនុសាសន៍ទាំងអស់នេះ ដោយរំពឹងថា នឹងអាចជួយបណ្តាក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ នៅកម្ពុជា អាចធ្វើអាជីវកម្មរបស់ខ្លួន ប្រកបដោយតម្លាភាពនិងប្រសិទ្ធិភាពខ្ពស់ ជាពិសេសទទួលបានតម្លៃថោក និងភាពងាយស្រួលជាងមុន។ ទី៩ ឆ្នាំ២០៣០ WB ជឿថាចរន្តនៃការដឹកជញ្ជូននៅកម្ពុជា នឹងអាចកើនទំហំរហូតដល់ទៅបួនដងលើសពីទំហំក្នុងពេលបច្ចុប្បន្ននេះ។
អនុសាសន៍សំខាន់ៗទាំងនេះ សម្រាប់កម្ពុជាអាចយកទៅប្រើប្រាស់ក្នុង រយៈពេលខ្លី និងរយៈពេលវែង ខណៈការចំណាយថ្លៃដើម ទៅលើឡូហ្ស៊ីស្ទិក ធៀបទៅនឹងផលិតផលក្នុងស្រុក(GDP) គឺនៅខ្ពស់ជាងគេខ្លាំង នេះបើធៀបទៅនឹងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានមានប្រសាសន៍ថា បញ្ហាដឹកជញ្ជូននៅកម្ពុជា គឺតម្លៃខ្ពស់ បើធៀបជាមួយបណ្តាប្រទេសក្នុងតំបន់ ប៉ុន្តែរដ្ឋាភិបាលបាននិងកំពុងវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីដោះស្រាយបញ្ហានេះបណ្តើរៗហើយ ប៉ុន្តែការវិនិយោគត្រូវការរយៈពេលវែង ព្រោះការសាងសង់ផ្លូវ ឬហេដ្ឋារចនាសម្ព័ន្ឋដទៃទៀត មិនមែនចំណាយពេលមួយខែឬ១ឆ្នាំនោះឡើយ។
លោកបន្តថា “ដើម្បីរុញសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនមួយកម្រិតទៀត រដ្ឋាភិបាលត្រូវតែបង្កើ់នការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ឋ និងបង្កើនការចំណាយ”៕
