ដោយៈ សុផារី
ក្រុងព្រះសីហនុៈ តម្លៃអចលនទ្រព្យក្នុងក្រុងព្រះសីហនុ បានការកើនឡើងខ្ពស់ស្ទើរមិនគួរឱ្យជឿ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលជំរុញដោយវិនិយោគិនជនជាតិចិន និងលំហូរនៃអាជីវករចិន ចូលមករកស៊ីលើរបរនានា។
កំណើនតម្លៃនេះ កើនឡើងតែមួយរយៈខ្លីតែប៉ុណ្ណោះ ព្រោះរហូតមកដល់ពេលនេះ អ្វីៗហាក់មានសភាពស្ងប់ស្ងាត់វិញហើយ។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុបានមានប្រសាសន៍ឱ្យដឹង កាលពីថ្ងៃទី២១ កក្កដាថា តម្លៃអចលនទ្រព្យមានការកើនឡើង ឬចុះ អាស្រ័យលើកត្តាតម្លៃពិតនៃសេដ្ឋកិច្ច និងការបំប៉ោងតម្លៃឬការកើនឡើងដោយឈ្មួញ ដែលធ្វើឱ្យកើនតម្លៃ។ អចលនទ្រព្យនៅក្រុងព្រះសីហនុ កើនឡើងដោយសារតែការបំប៉ោងតម្លៃពីសំណាក់ឈ្មួញជនជាតិចិន ដែលបានចូលមកវិនិយោគ នៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ ហើយបានធ្វើឱ្យមានការផ្អើល លើ់សកម្មភាពទិញ លក់អចលនវត្ថុក្នុងតម្លៃថ្លៃ លើសពីទីផ្សារសេដ្ឋកិច្ចពិតជាក់ស្តែង ដែលមាននៅក្នុងមូលដ្ឋាន។
លោកបន្តថា “នៅក្នុងក្រុងព្រះសីហនុ គឺមិនមែនជាតម្លៃសេដ្ឋកិច្ចទេ គឺជាការបំប៉ោងតម្លៃ តាមយន្តការនៃក្រុមអ្នករកស៊ីល្បែង Gaming”។ លោកអះអាងថា “កំណើនតម្លៃនេះកើតឡើង ដោយសារឈ្មួញខាងលើមកជួលអចលនទ្រព្យ ក្នុងតម្លៃថ្លៃកប់ពពក ដែលមិនស័ក្តិសមនឹងតម្លៃពិត”។
ប្រៀបធៀបនឹងពពុះសាប៊ូ និងប្រដូចទៅនឹងការលេងផ្សារហ៊ុនStock Exchange អ្នកជំនាញរូបនេះអះអាងថា កំណើនតម្លៃអចលនទ្រព្យក្នុងក្រុងព្រះសីហនុ ជាតម្លៃឡើងតែមួយភ្លែតតែប៉ុណ្ណោះ ព្រោះតម្លៃនេះមិនមែនជាតម្លៃរយៈពេលវែងបាននោះទេ។
លោកបន្ថែមថា “តម្លៃជួលកើនឡើង ធ្វើឱ្យតម្លៃទិញលក់អចលនទ្រព្យកើនឡើងដូចគ្នា ដែលកាលនោះ កំនើនតម្លៃបានកើនឡើងហួស ពីការរំពឹងទុកនៃសេដ្ឋកិច្ច”។ លោកបានបញ្ជាក់ថា “មិនមែនអ្នកណាជួលផ្ទះតម្លៃ១៥,០០០ដុល្លារទេ គឺមិនអាចរកស៊ីចំណេញឡើយ។
លោកបានបន្ថែមថា “នេះជាផលប៉ះពាល់ខ្លាំង នៅក្នុងតំបន់ឬសកលលោក គេមានការប្រុងប្រយ័ត្នខ្លាំងជាងគេ គឺអ្វីៗមានសភាពដូចគ្នានឹងផលប៉ះពាល់ ក្នុងខេត្តព្រះសីហនុហ្នឹង។
លោកបានពន្យល់ថា “នៅពេលណា ដែលឈ្មួញមានទឹកប្រាក់ច្រើន គាត់ចាប់ផ្តើមប្រមូលទិញៗ ធ្វើឱ្យអចលនទ្រព្យឡើងថ្លៃខ្លាំង ហួសពីតម្លៃពិតនៃសេដ្ឋកិច្ច ហើយនៅពេលដែលគាត់បញ្ចេញទៅវិញ អ្នកដែលរងគ្រោះជាងគេ គឺអ្នកដែលទិញនៅពេលថ្លៃហ្នឹងឯង”៕