តើសម្បទានដីសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាផ្តល់ឱ្យរយៈពេលប៉ុន្មានឆ្នាំ?

0

ដោយ៖ សហការី

ភ្នំពេញ៖ សម្បទានដីសេដ្ឋកិច្ច គឺជាយន្តការសម្រាប់ផ្តល់ដីឯកជនរបស់រដ្ឋ តាមរយៈកិច្ចសន្យាសម្បទានមួយ យ៉ាងជាក់លាក់ទៅឱ្យសម្បទានិក (អ្នកទទួលបានសម្បទាន) ដើម្បីប្រើប្រាស់សម្រាប់ធ្វើអាជីវកម្ម និងកសិ-ឧស្សាហកម្ម។

សម្បទានដីសេដ្ឋកិច្ចអាចត្រូវបានផ្តល់ឱ្យ ដើម្បីសម្រេចគោលបំណងដូចខាងក្រោម៖
១. អភិវឌ្ឍន៍សកម្មភាពកសិកម្មប្រពលវប្បកម្ម និងកសិ-ឧស្សាហកម្ម ដែលតម្រូវឱ្យមានការវិនិយោគដើមទុនដំបូង ក្នុងអត្រាខ្ពស់ និងកម្រិតសមស្រប។
២. សម្រេចបាននូវការព្រមព្រៀងមួយចំនួនជាក់លាក់ពីអ្នកវិនិយោគ សម្រាប់ការអភិវឌ្ឍដីក្នុងលក្ខណៈសមស្រប និងប្រកបដោយចីរភាព ដោយផ្អែកលើផែនការប្រើប្រាស់នៃតំបន់នោះ។
៣. បង្កើតភាពមានការងារធ្វើនៅជនបទ ក្នុងក្របខ័ណ្ឌនៃការធ្វើប្រពលវប្បកម្ម និងការធ្វើឱ្យមានកាលានុវត្តភាពនៃការ រកស៊ី។ចិញ្ចឹមជិវិតមានលក្ខណៈសម្បូ រណ៍បែប និងក្នុងក្របខ័ណ្ឌនៃការគ្រប់គ្រងធនធានធម្មជាតិតាមប្រព័ន្ធអេកូឡូស៊ីសមស្រប។
៤. លើកទឹកចិត្តរាល់ការវិនិយោគក្នុងគម្រោងសម្បទានដីសេដ្ឋកិច្ច។
៥. បង្កើតចំណូលរដ្ឋ ឬចំណូលខេត្ត-ក្រុង ឃុំ/សង្កាត់ តាមរយៈការប្រមូលថ្លៃប្រើប្រាស់ដី ពន្ធ និងកម្រៃសេវាពាក់ព័ន្ធ។

ដីសម្បទានសេដ្ឋកិច្ចអាចផ្ដល់ចំពោះតែដី ដែលមានលក្ខខណ្ឌ និងលក្ខណៈវិនិច្ឆ័យទាំង៥ដូចខាងក្រោម៖
១. ដីដែលបានចុះបញ្ជី និងបានចាត់ថ្នាក់ជាដីឯកជនរបស់រដ្ឋ។
២. ដីដែលមានផែនការប្រើប្រាស់ដែល អនុម័តដោយគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តក្រុង ហើយប្រើប្រាស់មានលក្ខណៈស្របទៅតាមផែនការនោះ។
៣. ដីដែលបានធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមចំពោះកាប្រើប្រាស់ និងការអភិវឌ្ឍដីសម្រាប់ គម្រោង សម្បទាន។
៤. ដីដែលមានដំណោះស្រាយចំពោះបញ្ហាតាំងទីលំនៅថ្មីស្របតាមក្របខណ្ឌគតិយុត្ត និងនីតិវិធីជាធរមាន។ អាជ្ញាមានសមត្ថកិច្ចចុះកិច្ចសន្យាត្រូវធានា មិនមានការបង្ខំឱ្យធ្វើការតាំងទីលំនៅថ្មីដោយគ្មានការស័្មគ្រចិត្តពីអ្នកកាន់កាប់ដីស្របច្បាប់ និងត្រូវធានាចំពោះការគោរពសិទ្ធិមានច្រកចេញចូលទៅកាន់ដីឯកជន។
៥. ដីដែលមានការពិគ្រោះយោបល់ជាសាធារណៈអំពីគម្រោង ឬសំណើសម្បទានដីសេដ្ឋកិច្ចជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋនៅក្នុងតំបន់។

យោងតាមមាត្រា៥៣ នៃច្បាប់ស្ដីការគ្រប់គ្រង ការប្រើប្រាស់ និងចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ បានបញ្ញត្តិថាសម្បទានដីសេដ្ឋកិច្ចមិនត្រូវមានរយៈពេលលើសពី៥០ឆ្នាំ មានទំហំច្រើនបំផុតមិនលើសពី១០.០០០ហិកតា។ បុគ្គលម្នាក់អាចទទួលបានសម្បទានដីសេដ្ឋកិច្ចច្រើនកន្លែង ប៉ុន្តែទំហំដីសម្បទានសរុបមិនត្រូវលើសពី១០.០០០ហិកតាឡើយ។ ត្រូវហាមឃាត់ការផ្ដល់សម្បទានដីសេដ្ឋកិច្ចច្រើនកន្លែងឱ្យបុគ្គលតែម្នាក់ ឬឱ្យនីតិបុគ្គលច្រើន ប៉ុន្តែគ្រប់គ្រងដោយរូបវន្តបុគ្គល ឬនីតិបុគ្គលដដែលៗ ដែលមានទំហំសរុបធំជាងទំហំដែលបានកំណត់។

សម្បទានដីសេដ្ឋកិច្ច ពុំបង្កើតនូវសិទ្ធិកម្មសិទ្ធិលើដីជូនដល់សម្បទានិកបានទ្បើយ លើកលែងសម្បទានដីសង្គមកិច្ច ប៉ុន្តែអាចបង្កើតសិទ្ធិលើការប្រើប្រាស់ និងអាស្រ័យផលលើដី ព្រមទាំងទទួលបានវិញ្ញាបនបត្រសំគាល់សិទ្ធិសម្បទានដីសេដ្ឋកិច្ច។ សម្បទានដីសេដ្ឋកិច្ច អាចជាកម្មវត្ថុនៃសន្តតិកម្ម សម្រាប់រយៈពេលដែលនៅសល់។

ករណីមានការបាត់ទំហំដីដូចមានចែងក្នុងកិច្ចព្រមព្រៀង សម្បទានិកត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ទន្ទឹមនឹងនេះ សម្បទានិកត្រូវចាប់ផ្ដើមអាជីវកម្មរបស់ខ្លួនក្នុងពេល១២ខែ បន្ទាប់ពីទទួលបានសម្បទានដី បើមិនដូច្នោះទេនឹងត្រូវទុកជាមោឃៈ។

សរុបមក សម្បទានដីសេដ្ឋកិច្ច គឺជាយន្តការសម្រាប់ផ្តល់ដីឯកជនរបស់រដ្ឋ តាមរយៈកិច្ចសន្យាសម្បទាន ជាក់លាក់ ក្នងគោលបំណងធ្វើអាជីវកម្ម និងកសិ-ឧស្សាហកម្ម និងបង្កើតចំណូលរដ្ឋ តាមរយៈការប្រមូលថ្លៃប្រើប្រាស់ដី ពន្ធ និងកម្រៃសេវាពាក់ព័ន្ធ។ សម្បទានិក ត្រូវធានាការគោរពកាតព្វកិច្ចឱ្យបានខ្ជាប់ខ្ជួនតាមកិច្ចសន្យាសម្បទាន ដើម្បីជៀសវាងការកើតមានកំហុសធ្ងន់ធ្ងរ ដែលអាចនឹងឈានដល់ដកហូតសម្បទានដីសេដ្ឋកិច្ចមកវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here