អ្នកជំនាញសុទិដ្ឋិនិយមៈទីផ្សារខុនដូរំពឹងមានកំណើនកាន់តែខ្ពស់ចុងឆ្នាំ២០២២នេះ

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជា ត្រូវបានមើលឃើញថាចាប់ផ្ដើមមានសន្ទុះកំណើនឡើងវិញ នៅត្រីមាសទី២នៃឆ្នាំ២០២២នេះ ដោយការដ្ឋានខុនដូដែលបានផ្អាកដំណើរការ បាននិងកំពុងចាប់ផ្ដើមដំណើរការសាងសង់ឡើងវិញ។

ជាមួយគ្នានេះ ការទិញ លក់លើទីផ្សារក៏ឃើញថា ចាប់មានសកម្មនិងសន្ទុះជាបន្តបន្ទាប់ផងដែរ។ អ្វីដែលពិសេសនៅចុងឆ្នាំ២០២២នេះ ទីផ្សារខុនដូរំពឹងថា នឹងមានកំណើនកាន់តែខ្ពស់ ហើយនឹងធ្វើឱ្យតម្រូវការខុនដូ កើនឡើងខ្ពស់ផងដែរ។

លោក Marcus chu អគ្គនាយកក្រុមហ៊ុន ERA ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងនៅក្នុងវេទិកាមួយ កាលពីចុងសប្ដាហ៍កន្លងទៅថា ទីផ្សារខុនដូ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ បានហក់ងើបឡើងវិញហើយ ក្រោយពីស្ងប់ស្ងាត់ ដោយសារតែវិបត្តិកូវីដ១៩មួយរយៈ។ ជាក់ស្ដែងទីផ្សារខុនដូ នៅក្នុងប្រទេសសិង្ហបុរីនាពេលនេះ សឹងតែរកខុនដូលក់លែងបានហើយ បានន័យថា តម្រូវការខុនដូក្នុងប្រទេសនេះ បានហក់ឡើងខ្លាំង ជាពិសេសលំហូរជនជាតិចិននៅក្នុងប្រទេសសិង្ហបុរី ។

លោកបន្តថា ដោយមើលឃើញពី ជនជាតិចិនបានចេញក្រៅប្រទេសឡើងវិញ ក្រោយពីវិបត្តិកូវីដ១៩ ទៅកាន់ប្រទេសផ្សេងៗនាពេលនេះ លោកគិតថា កម្ពុជានឹងទទួលបានវិនិយោគិនចិន និងទេសចរចិននៅរយៈពេល៣ទៅ៤ខែខាងមុខ ហើយក៏ជាពេលវេលា ដែលទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជា នឹងមានសន្ទុះកើនឡើងបន្ថែមទៀតផងដែរ។

ចំណែកលោក ខន គង្គា អគ្គនាយកក្រុមហ៊ុនERA Cambodia ក៏បានលើកឡើងផងដែរថា បើសិនជាចិនចូលមកកម្ពុជា ហើយស្វែងរកទិញខុនដូនោះ វាជាឱកាសសម្រាប់អ្នកអភិវឌ្ឍន៍ខុនដូ នៅក្នុងប្រទេសកម្ពុជាយើង ហើយចិនបើគាត់ទិញហើយ គាត់មិនមែនទិញតែមួយនោះទេ ពួកគាត់អាចតិញបួនដប់ខុនដូ ហើយទុកលក់បន្តទៅចិនគ្នាគាត់ ឬទិញជាក្រុមតែម្ដង ។

លោកបន្តថា “ស្ថានភាពទីផ្សារខុនដូ នៅក្នុងប្រទេសកម្ពុជាលោកមើលឃើញថា ចាប់ផ្ដើមមានសកម្មភាព កម្រើកឡើងវិញបន្តបន្ទាប់វិញ”។លោកបន្ថែមថា “ជាក់ស្ដែងលទ្ធផលដែលក្រុមហ៊ុនERA ទទួលបានក្នុងរយៈពេល៦ខែកន្លងមកនេះ គឺវាបានបង្ហាញពីភាពប្រសើរខ្លាំង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន”។

យ៉ាងណាក្ដី បើតាមភ្នាក់ងារលក់ខុនដូផ្សេងទៀត ក្នុងប្រទេសកម្ពុជាបានលើកឡើងថា ទីផ្សារបច្ចុប្បន្ននៅមិនទាន់ប្រសើរខ្លាំងទេ បើទោះបីជាស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានប្រសើរ ប៉ុន្តែបណ្ដាប្រទេសមួយចំនួននៅបន្តរឹតបន្តឹង ហើយក៏ជួបនូវវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបន្តទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here