ក្រុងបាងកក ត្រៀមប្រកាសអាសន្នផ្ទុះកូវីដ-១៩ រលកទី៦ ខណៈករណីឆ្លងថ្មីមានរាប់ម៉ឺនករណីក្នុងមួយថ្ងៃ

0

ដោយៈ សុខុម

បាងកក: ក្រុងបាងកក កំពុងប្រឈមមុខនឹងការផ្ទុះកូវីដ-១៩ រលកទី៦ ខណៈការឆ្លងថ្មីនៅក្នុងទីក្រុងនេះ ឈានដល់ជាង១០.០០០ករណីឡើងវិញក្នុងមួយថ្ងៃ ដោយគំរាមកំហែង ដល់ប្រព័ន្ធសុខាភិបាលសាធារណៈក្នុងទីក្រុងនេះ។

ប្រទេសថៃ ធូរស្រាលពីវិធានការបិទខ្ទប់ជាបណ្ដើរៗ ប៉ុន្តែស្រាប់តែពេលនេះ ការរីករាលដាលវីរុសអូមីក្រុង បំប្លែងខ្លួនថ្មីBA.5 បានធ្វើឱ្យក្រុងបាងកក បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការផ្ទុះកូវីដ-១៩ រលកថ្មី។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២៥ ខែកក្កដា នេះ។

ខណៈរដ្ឋបាលក្រុងបាងកក (BMA) និយាយថា ខ្លួនត្រៀមខ្លួនរួចជាស្រេច ដើម្បីទប់ទល់នឹងការផ្ទុះកូវីដ-១៩ រលកថ្មី ក្រុងបាងកក អាចប្រឈមនឹងអ្នកជំងឺកូវីដ-១៩ កើនឡើងរាប់សែននាក់នៅពេលនេះ។ កូវីដ-១៩ បានផ្ទុះខ្លាំងបំផុតនៅខែសីហា ឆ្នាំ២០២១។

វេជ្ជបណ្ឌិត Yong Poovorawan ប្រធានមជ្ឈមណ្ឌលឧត្តមភាពផ្នែកព្យាបាលរោគ នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ នៃសកលវិទ្យាល័យ Chulalongkorn បានលើកឡើងថា ចំនួនករណីឆ្លងថ្មីនៃកូវីដ-១៩ ក្នុងទីក្រុងបាងកក បានកើនឡើងជាលំដាប់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

លោកបានគូសបញ្ជាក់ថា “នេះជាសញ្ញាបង្ហាញថា ការផ្ទុះកូវីដ-១៩ រលកថ្មីជិតមកដល់ហើយ”។

វេជ្ជបណ្ឌិតYong Poovorawan បានបន្ថែមទៀតថា ការវិវឌ្ឍរបស់វីរុសអូមីក្រុង បំប្លែងខ្លួនថ្មីពី BA.2 ទៅ BA.5 ស្ថិតនៅពីក្រោយការកើនឡើងករណីឆ្លងថ្មីកាលពីពេលថ្មីៗនេះ៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here