ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ សេវាគ្រប់គ្រងអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាត្រូវបានមើលឃើញថា មិនទាន់មានការពេញនិយមនៅឡើយ ឬមិនទាន់មានក្រុមហ៊ុនស្ដង់ដារច្រើន សម្រាប់ផ្ដល់សេវាកម្មនេះ ជូនម្ចាស់អចលនទ្រព្យនៅឡើយទេ ទោះបីជាបច្ចុប្បន្ននេះ វិស័យអចលនទ្រព្យ ក្នុងប្រទេសកម្ពុជាមានការរីកដុះដាលខ្លាំងក្ដី។
ប៉ុន្តែអ្នកជំនាញបានលើកឡើងថា សម្រាប់រយៈពេល២ឆ្នាំខាងមុខ សេវាកម្មនេះត្រូវរំពឹងថា នឹងមានការរីកដុះដាលកាលច្រើន ហើយក៏ជាឱកាសសម្រាប់ក្រុមហ៊ុន ដែលផ្ដល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យផងដែរ ។
កញ្ញាសាម ចាន់ធូ នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Chestertons Cambodia បានមានប្រសាសន៍ឱ្យដឹង កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ ប្រៀបដូចជាម្ចាស់ទ្រព្យទី២ ដែលមានតួនាទីមើលថែទ្រព្យសម្បត្តិរបស់អតិថិជន ដែលបានជួលយើងឱ្យជួយថែរទាំ ដូចជាខុនដូ បុរី និងអចលនទ្រព្យជាច្រើនទៀត ។
កញ្ញាបន្តថា “នៅក្នុងប្រទេសកម្ពុជា សេវាកម្មនេះ មិនទាន់មានការពេញនិយម ឬមិនទាន់មានក្រុមហ៊ុនស្ដង់ដារច្រើន ក្នុងការផ្ដល់សេវាកម្មជូនអតិថិជននៅឡើយទេ”។ កញ្ញាបន្តថា “ប៉ុន្តែក្នុងរយៈពេល២ឆ្នាំខាងមុខសេវាកម្មគ្រប់គ្រងអចលនទ្រព្យរំពឹងថា នឹងមានកំណើនខ្ពស់ ដោយសារកំនើនសាងសង់អាគារសំណង់នានាកាន់តែច្រើន”។
កញ្ញាសាម ចាន់ធូបានបន្តថា ជាទស្សនផ្ទាល់ខ្លួនរបស់កញ្ញា រយៈពេល២ទៅ៣ឆ្នាំខាងមុខ សេវាកម្មផ្ដល់ការគ្រប់គ្រងអចលនទ្រព្យ នឹងរីកដុះដាលខ្លាំង។ ដូច្នេះហើយចំពោះក្រុមហ៊ុនក្នុង និងក្រៅស្រុកដែលបម្រើលើវិស័យនេះ ត្រូវត្រៀមខ្លួន និងលក្ខណៈសម្បត្តិឱ្យបានរួចរាល់ ដោយនឹងមានវិនិយោគិនបរទេសកាន់តែច្រើននឹងចូលកម្ពុជា ។
កញ្ញាបន្ថែមថា សម្រាប់ក្រុមហ៊ុនChestertons Cambodia ក៏បានត្រៀមខ្លួនផងដែរ នៅពេលក្រុមហ៊ុនបរទេសចូលមកកម្ពុជា ហើយក៏ជាពេលវេលា ដែលយើងនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយចែករំលែកដល់វិនិយោគិន ធ្វើយ៉ាងណាឱ្យទ្រព្យរបស់គាត់កើន និងជួយបង្កើតកេរ្តិ៍ឈ្មោះរបស់គាត់ឱ្យកាន់តែល្អ និងមានជំនឿទុកចិត្តពីអតិថិជនរបស់ពួកគាត់ ។
កញ្ញាបន្ថែមទៀតថា នាពេលបច្ចុប្បន្ននេះ ម្ចាស់ទ្រព្យជាច្រើននៅមិនទាន់យល់ដឹងពីសេវាកម្ម គ្រប់គ្រងអចលនទ្រព្យនោះទេ។ ដូច្នេះហើយទើបតម្រូវការនៃសេវាកម្មនេះ នៅក្នុងប្រទេសកម្ពុជា មិនទាន់មានការរីកចម្រើនខ្លាំង ប៉ុន្តែនៅពេលណាម្ចាស់ទ្រព្យ កាន់តែយល់ដឹងពីសេវាកម្មមួយនេះ ពីអត្ថប្រយោជន៍មួយនេះ ពួកគាត់នឹងប្រើប្រាស់ក្រុមហ៊ុន គ្រប់គ្រងអចលនទ្រព្យជំនួស ឱ្យការគ្រប់គ្រងអចលនទ្រព្យខ្លួនឯង។
ម្យ៉ាងទៀតការប្រើប្រាស់ក្រុមហ៊ុន ឱ្យជួយគ្រប់គ្រងអចលនទ្រព្យជំនួស ម្ចាស់ទ្រព្យក៏អាចមានពេលវេលាគ្រប់គ្រាន់ ក្នុងការស្វែងរកការវិនិយោគផ្សេងទៀត និងអាចធ្វើឱ្យអតិថិជនរបស់គាត់ កាន់តែជឿទៅលើការវិនិយោគរបស់គាត់កាន់តែខ្លាំងផងដែរ ។
ចំណែកលោកខន គង្គា អគ្គនាយកក្រុមហ៊ុនERA Cambodia បានលើកឡើងផងដែរថា មិនយូរមិនឆាប់វិនិយោគិនបរទេស នឹងចូលមកកាន់ប្រទេសកម្ពុជាកាន់តែច្រើន ហើយពេលនោះក៏ជាពេលវេលា ដែលមានការវិនិយោគកាន់តែខ្លាំងឡើងវិញ នៅក្នុងប្រទេសកម្ពុជាផងដែរ ខណៈរយៈពេល២ឆ្នាំទៅនេះ សកម្មភាពវិនិយោគពីខាងក្រៅប្រទេស ហាក់មានការថមថយ ។
លោកបន្តថា “ប្រទេសជិតខាងកម្ពុជាមួយចំនួន ជាពិសេសនៅក្នុងតំបន់អាស៊ាន ទទួលបានកំណើនជនបរទេសឡើងវិញហើយ ដូច្នេះកម្ពុជាដែលជាប្រទេសសមាជិកអាស៊ានផងដែរនោះ ក៏នឹងអាចទទួលបានវិនិយោគិន និងទេសចរបរទេសឡើងវិញផងដែរ នៅពេលឆាប់ៗនេះ ជាពិសេសជនជាតិចិនផ្ទាល់ ដែលជនជាតិនេះ មានការវិនិយោគច្រើនស្ទើរតែពាសពេញពិភពលោកទៅហើយ”៕