សំណង់រីកចម្រើន បាននិងកំពុងជម្រុញតម្រូវការភ្នាក់ងារលក់ខុនដូនៅកម្ពុជាមានកំណើនខ្ពស់

0

 ដោយៈ វឌ្ឍនៈ

ភ្នំពេញ ៖ ការអភិវឌ្ឍខុនដូនៅក្នុងប្រទេសកម្ពុជា ត្រូវបានគេឃើញថាចាប់ផ្ដើមមានសកម្មភាពឡើងវិញ ទាំងគម្រោងខុនដូ ដែលបានផ្អាកនិងគម្រោងខុនដូថ្មីៗ ហើយក៏ជាសញ្ញាវិជ្ជមានសម្រាប់ទីផ្សារនេះ ទាំងមូលផងដែរ។

ទន្ទឹមនឹងការរីកចម្រើននេះ តម្រូវការភ្នាក់ងារលក់ខុនដូ នៅក្នុងប្រទេ​សកម្ពុជាក៏ត្រូវបានរំពឹងថា នឹងមានកំណើនឡើងបន្ថែមទៀត។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA  Cambodiaលោកខន គង្គា

បានមានប្រសាសន៍ឱ្យដឹងកាលពីសប្តាហ៍មុនថា សញ្ញាវិជ្ជមាននៃជនបរទេ​សហូរចូលមកកម្ពុជា នឹងធ្វើឱ្យតម្រូវការទីផ្សារខុនដូនៅកម្ពុជា មានកំណើនឡើង ហើយទន្ទឹមនឹងនោះដែរ កំណើនភ្នាក់ងារលក់ខុនដូ នៅក្នុងប្រទេសកម្ពុជាក៏នឹងមានតម្រូវការខ្ពស់ដូចគ្នា។

លោកបន្តថា “ក្រុមហ៊ុនរបស់លោក ERA ត្រូវការភ្នាក់ងារបន្ថែម ដើម្បីបំពេញទៅតាមកំណើនអតិថិជន ដែលត្រូវការទិញខុនដូក្នុងប្រទេសកម្ពុជា ជាពិសេសនោះភ្នាក់ងារដែលចេះភាសាចិន គឺមានអាទិភាពខ្ពស់និងអាចរកចំណូលបានច្រើន”។ លោកបបន្តថា “យើងរំពឹងថាជនជាតិនឹងចូលមកកម្ពុជាក្នុងរយៈពេលខ្លីខាងមុខ ដើម្បីស្វែងរកទិញខុនដូនៅក្នុងប្រទេសកម្ពុជា”។

ទន្ទឹមនឹងតម្រូវការនៃភ្នាក់ងារលក់ខុនដូនេះដែរ នៅពេលជនបរទេសចូលមកកម្ពុជាកាន់តែច្រើន បរិមាណខុនដូដែលកម្ពុជាមានស្រាប់ នៅពេលនេះ អាចនឹងមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់លើទីផ្សារ ពីព្រោះថាប្រជាពល​រដ្ឋក្នុងស្រុករបស់យើង ទិញខុនដូក៏មានកំណើនច្រើនឡើងផងដែរ ពីមួយឆ្នាំទៅមួយឆ្នាំ។ ដូច្នេះបើសិនជាជនបរទេសចូលមកកម្ពុជាឡើងវិញ វានឹងធ្វើឱ្យតម្រូវការខុនដូកាន់តែមានសន្ទុះឡើង ។

លោកបន្ថែមថា អ្នកអភិវឌ្ឍន៍ខុនដូនៅក្នុងប្រទេសកម្ពុជា ក៏មានការបែងចែកទៅតាមប្រភេទនៃអតិថិជន និងគោលដៅអតិថិជនរបស់ខ្លួនផងដែរ ដោយអ្នកអភិវឌ្ឍន៍ខ្លះ គាត់អភិវឌ្ឍន៍លើតែអតិថិជនបរទេស គាត់អភិ​វឌ្ឍន៍ខុនដូកម្រិតខ្ពស់ ហើយបើអ្នកអភិវឌ្ឍន៍ ដែលផ្ដោតទៅលើអតិថិជនក្នុងស្រុក អាចអភិវឌ្ឍន៍ត្រឹមកម្រិតកណ្ដាល ឬចំណូលមធ្យមជាដើម ។

ប្រធានផ្នែកលក់នៃគម្រោងខុនដូមួយនៅ តំបន់ជាយក្រុងភ្នំពេញ បានឱ្យដឹងថា លោកកំពុងតែប្រកាសរកភ្នាក់ងារខុនដូ សម្រាប់អ្នកមានចំណូលក្រោមមធ្យម និងមធ្យមក្នុងការស្នាក់នៅ ហើយវារឹតតែពិបាកក្នុងការប្រកា​សស្វែងរកណាស់ ទោះបីជាយើងផ្ដល់នូវប្រាក់កម្រៃជើងសារ និងប្រាក់ខែជូនខ្ពស់ក្ដី

បើតាមលោកជូ វណ្ណៈអគ្គនាយកនិយ័តករអចលនវត្ថុនិងបញ្ចាំ នៃក្រ​សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា វិស័យអចលនទ្រព្យរីកចម្រើន មានក្រុមហ៊ុននិងភ្នាក់ងារ ធ្វើអាជីវកម្មលើវិស័យច្រើន ប៉ុន្តែមួយចំនួននៅមិនទាន់បានចុះបញ្ជី ទៅតាមច្បាប់ទម្លាប់ច្បាស់លាស់នៅឡើយទេ។ ដូច្នេះដើម្បីផ្ដល់ទំនុកចិត្តដល់វិនិយោគិនជាតិ និងអន្តរជាតិក៏ដូចជាការប្រកួតប្រជែងដោយស្មើភាព អ្នកប្រកបរបរទាំងនោះ គួរមានច្បាប់ទម្លាប់ត្រឹមត្រូវ និងលើកទឹកចិត្តឱ្យចុះបញ្ជីនៅក្រសួង ដើម្បីឱ្យក្រសួងអាចជួយពួកគេបានវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here