ដោយៈ គង់ សូរិយា
ភ្នំពេញៈ ផ្លូវជាតិលេខ១០ បាននិងកំពុងសម្រេចបានវឌ្ឍនភាព ជាមួយនឹងការសាងសង់ ដែលប្រឈមបញ្ហាមួយចំនួន ដោយសារផ្លូវនេះត្រូវឆ្លងកាត់ជ្រលងភ្នំ និងព្រៃក្រាស់ៗ។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២៦ កក្កដាថា ការសាងសង់ផ្លូវដ៏សំខាន់នេះ បាននិងកំពុងសម្រេចបានប្រមាណ៧០ភាគរយហើយ ប៉ុន្តែការដ្ឋានបាននិងកំពុងប្រឈមការលំបាក ដោយសារធ្លាក់ភ្លៀងខ្លាំងធ្វើឲ្យមានការរអិលបាក់ដី រំខានដល់ការសាងសង់មួយចំនួន។
លោកបន្តថា “ផ្លូវនេះមានទេសភាពស្អាត មិនចាញ់ផ្លូវជាតិលេ៥៥ឡើយ និងមានស្ថានភាពផ្លូវ ស្រដៀងគ្នានឹងផ្លូវជាតិលេខ៥៥ ទៅកាន់ស្រុកវាលវែង”។ លោកបន្តថា “ស្ថានភាពផ្លូវនេះ មានការប្រឈមការរអិលបាក់ដីដូចគ្នានឹងផ្លូវជាតិលេខ៥៥ផងដែរ ដោយសារផ្លូវនេះមានភ្នំ ជ្រលងភ្នំ និងឆ្លងកាត់ព្រៃក្រាស់ៗណាស់”។
លោកវ៉ាស៊ីម សូរិយាបានបន្តថា ប្រសិនជាធ្វើដំណើរផ្លូវនេះនៅរដូវវស្សា ស្ថានភាពអាកាសថាតុមានភាពមនោរម្យណាស់ ពិសេសទេសភាព ពោរពេញដោយភាពស្រស់បំព្រង គួរជាទីគយគន់ ដែលវាអាចនឹងក្លាយជាកន្លែងទាក់ទាញទេសចរណ៍មួយនាពេលអនាគត។
ផ្លូវជាតិលេខ១០ ជាផ្លូវប្រវត្តិសាស្រ្តមួយ ដែលតភ្ជាប់ពីតំបន់ភូមិភាគពាយ័ព្យមកកាន់តំបន់ឆ្នេរជាលើកដំបូង ដោយផ្លូវនេះបានចាកចេញពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្ពោះមកកាន់ខេត្តពោធិសាត់ និងតភ្ជាប់ទៅកាន់ខេត្តកោះកុង។
កាលពីពេលថ្មីៗនេះ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានស្នើសុំថវិកា ពីសម្តេចតេជោ៦០លានដុល្លារបន្ថែមទៀត ដើម្បីសាងសង់ផ្លូវនេះវាងជួរភ្នំក្រវ៉ាញ។
លោកវ៉ាស៊ីម សូរិយាបានបន្តថា ការសាងសង់ផ្លូវនេះមិនត្រឹមតែជួយសម្រួលដល់ការធ្វើចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាជាការធ្វើសមាហរណកម្មផ្ទៃក្នុងកម្ពុជា ដោយកាត់បន្ថយការពឹងផ្អែក លើការធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាង និងជួយសម្រួលការដឹកជញ្ជូនកសិផល ដែលសម្បូរខ្លាំងនៅភូមិ ភាគពាយ័ព្យប្រទេស មកកាន់កំពង់ផែទឹកជ្រៅ នៅក្នុងខេត្តកោះកុងដើម្បីនាំចេញទៅកាន់ប្រទេសទី៣៕