មន្រ្តីជាន់ខ្ពស់ក្រសួងដឹកជញ្ជូនកម្ពុជា ថៃជម្រុញពន្លឿនការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនៅច្រកស្ទឹងបត់ ណងអៀន

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជាដឹកនាំដោយលោកជំទាវកុយ សុដានីរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន បានធ្វើទស្សនកិច្ចនៅប្រទេសថៃ ដើម្បីជួបពិភាក្សាកិច្ចការសំខាន់ៗជាច្រើន ទាក់ទងការដឹកជញ្ជូ​នរវាងប្រទេសទាំងពីរ។

អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងសាធារណៈការ លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី២៦ កក្កដាថា លោកទើបបានត្រលប់មកពី អមដំណើរជាមួយលោកជំទាវកុយ សុដានីដែលបានអញ្ជើញទៅកាន់ប្រទេសថៃ ដើម្បីពិភាក្សាការងារសំខាន់ៗចំនួន២ដូចជា ទី១ ពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់ក្រសួងហិរញ្ញវត្ថុថៃ ដើម្បីជម្រុញការកសាង​ហេដ្ឋារចនាសម្ព័ន្ឋ និងការតភ្ជាប់ការដឹកជញ្ជូនរវាងប្រទេសទាំងពីរ។

ទី២ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ រវាងប្រទេសទាំងពីរ ជម្រុញការកសាងហេដ្ឋារចនាសម្ព័ន្ឋ លើច្រកព្រំដែនស្ទឹងបត់ណង អៀន ដែល​រហូតមកទល់ពេលនេះ ភាគីកម្ពុជាសម្រេចបាន៥០ភាគរយ និងភាគីថៃ​សាងសង់បានតិចជាងនេះ។

លោកវ៉ាស៊ីម សូរិយាបានបន្តថា ជាមួយគ្នានេះ ភាគីទាំងពីរចង់ឲ្យមានជំនួបរវាងរដ្ឋមន្រ្តីដឹកជញ្ជូនប្រទេសទាំងពីរ នៅច្រកខាងលើនេះ ដើម្បីពិភាក្សា និងចចារឡើងវិញលើការដឹកជញ្ជូនឆ្លងកាត់ រវាងប្រទេសទាំងពីរ នៅពេលច្រកព្រំដែននេះបើកដំណើរការ។

លោកបន្តថា ការបើកដំណើរការ​ច្រកព្រំដែនស្ទឹង បត់ ណងអៀននឹងជួយសម្រួលការដឹកជញ្ជូនទំនិញ និងចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតនា ពេលខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here